គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​) បាន​ប្រកាស​ក្រើនរំឭក​ដល់​សាធារណជន​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ឬ​ចៀសវាង​ការ​ជួញដូរ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក (Cryptocurrencies) ដោយ​បញ្ជាក់​ថា វា​មាន​ហានិភ័យ​ខ្ពស់ ខណៈ​មិន​ទាន់​មា​នប​ទប្ប​ញ្ញាត្តិ​គ្រប់គ្រង​ត្រឹមត្រូវ​នៅឡើយ​។

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់ គ​.​ម​.​ក កាលពី​ថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០១៨។

Cryptocurrencies ជា​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក​ថ្មី​មួយ​ដែល​គ្មាន​រូបរាង​ហើយ​មាន​តែ​តួលេខ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​។ រូបិយប័ណ្ណ​ប្រភេទ​នេះ​មាន​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា ហើយ​ត្រូវ​បាន​ក្លាយជា​មធ្យោបាយ​ទូទាត់​នៅ​ប្រទេស​មួយ​ចំនួន និង​ត្រូវ​បាន​គេ​ទិញ​លក់​ដើម្បី​ចំណេញ​។

ក្នុង​ចំណោម Cryptocurrencies ជា​ច្រើន Bitcoin ជា​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក​មួយ​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ជាងគេ​តែ​យ៉ាងណា​ក៏​ដោយ​វា​ត្រូវ​បាន​ហាមឃាត់​តាម​បណ្តា​ប្រទេស​ធំ​ៗ​ជា​ច្រើន​។

សេចក្តីជូនដំណឹង​បាន​លើក​ឡើង​ថា មន្ត្រី គ​.​ម​.​ក បាន​សង្កេត​ឃើញ​ការ​ផ្សព្វផ្សាយ​យ៉ាង​សកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ​អំពី​ការ​បោះផ្សាយ និង​ជួញដូរ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក​នេះ​ថា​ជា​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​។ សេចក្តីជូនដំណឹង​បញ្ជាក់​ថា​៖ «​ដើម្បី​ចៀសវាង​នូវ​ហានិភ័យ ឬ ការ​ខាតបង់​ផ្សេង​ៗ សាធារណជន​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ការ​ជាប់​ពាក់ព័ន្ធ ឬ ប្រឡូក​ក្នុង​ការ​ជួញដូរ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល​ទាំងនេះ [​ដើម្បី​បញ្ចៀស​] ការ​ខាតបង់​ជាយថាហេតុ​»​។

យោង​តាម (​គ​.​ម​.​ក​) គិត​មក​ទល់​ពេល​នេះ ស្ថាប័ន​គ្រប់គ្រង​លើ​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុ​ជាមួយ​នេះ​មិន​ទាន់​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ណាមួយ​ដើម្បី​ដំណើរការ​ជួញដូរ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក​នេះ​នៅឡើយ​ទេ​។

គ​.​ម​.​ក ទើប​សម្រេច​សហការ​ជាមួយ​ក្រុមហ៊ុន CamNext Global Ltd ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ដើម្បី​សិក្សា​រួម​គ្នា​លើ​ហានិភ័យ​ថ្មី​នៃ​ឧបករណ៍​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Fintech) និង​លទ្ធភាព​ឲ្យ​ដំណើរការ​ឧ​បរក​រណ៍​ទាំងនោះ​។

ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ខែ​មុន​ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ស្រ​ដៀង​គ្នា​នេះ​មួយ​ដែរ ដោយ​បាន​ក្រើនរំឭក​ថា រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក​មាន​ហានិភ័យ​ខ្ពស់ ហើយ​កន្លង​មក NBC ដែល​ជា​អាជ្ញាធរ​ហិរញ្ញវត្ថុ​កម្ពុជា​មិន​ដែល​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក​ណាមួយ​នៅ​កម្ពុជា​នោះ​ទេ​៕

Comments

comments