មនុស្ស​៣​នាក់ ប្តី​-​ប្រ​ព​ន្ឋ​និង​ឪពុក បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​កូនប្រុស​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​កុងតឺន័រ​បុក​និង​កិន ។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​កាលពី​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ព្រហស្បតិ៍ ០២​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ជិត​វត្ត​ស្លែង នៅ​សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ឲ្យ​ច្បាស់​ពី​មូលហេតុ​នៅឡើយ​ទេ តែបើ​តាម​ប្រភព​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៤​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក C125 ពាក់​ស្លាក​លេខ​ភ្នំពេញ 1FY 8878 ដោយ​ឌុ​ប​គ្នា​ចេញពី​បើក​ថ្នាំ​នៅ​ភ្នំពេញ ក្នុ​ុ​ង​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ភូមិ​អន្លង់​ឫស្សី ឃុំ​ដើម​ឫស្សី ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ជួប​គ្រោះថ្នាក់​រថយន្ត​កុងតឺន័រ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-9057 បើក​បុក​និង​កិន​ស្លាប់​៣​នាក់ ឯ​កូនប្រុស​រង​របួសធ្ងន់​តែ​ម្តង ។

ក្រោយ​បង្កហេតុ អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​រថយន្ត​ចុះ​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​សាកសព​៣​នាក់ និង​ភាព​សោកសៅ​ដល់​ក្រុម​គ្រួសារ​នៅ​លើ​ទ្រូងផ្លូវ ៕