ភ្នំពេញ ៖ យុវជន​២​នាក់ និង​នារី​ម្នាក់​ទៀត ប្រហែល​ទើប​ចេញពី​ក្លិបស្រវឹង​ធ្លាក់​ភ្នែក បាន​បើករថយន្ត​ម៉ាក​ស៊ី​ណា​ស៊េរី​ទំនើប​មួយ​គ្រឿង បោះពួយ​ហោះ​ទៅ​បុក​របាំង​ស្ថានទូត​អា​មេ​រិ​ក​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត ហើយ​ត្រូវ​ឃាត់ខ្លួន​ទាំងអស់​គ្នា​ភ្លាម​ៗ​ផង​ដែរ ។

ហេតុការណ៍​រថយន្ត​បើក​បុក​របាំង​ហាមឃាត់​របស់​ស្ថានទូត​អា​មេ​រិ​ក​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​១៥​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​១០២ កែង​ផ្លូវ​លេខ​៦១ ត្រង់​ចំហៀង​ខាងលិច​ឆៀង​ខាងត្បូង ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ស៊ី​ណា ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ​ 2T-7288 បើកបរ​និង​រួម​ដំណើរ​មាន​គ្នា​៣​នាក់ ទី​១. ឈ្មោះ អៃ សិរី​បុត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៤ ផ្លូវ​លេខ​១៤៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ទី​២. ឈ្មោះ សួង សុ​ជាតិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​៣. ឈ្មោះ សាត ពិសី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​១​គ្រឿង ម៉ាក​ស៊ី​ណា ពណ៌​ស្ក ស៊េរី​ទំនើប​មួយ​គ្រឿង បើកបរ​ដោយ​ក្រុម​ក្មេង​ទំ​ទង់ មាន​ស្រី​និង​ប្រុស ប្រហែល​ទើប​ចេញពី​ក្លិប​រាត្រី​២​ទៅ​៣​កន្លែង មាន​ភាព​ស្រវឹង​ធ្លាក់​ភ្នែក បាន​បើក​បោះពួយ​យ៉ាង​លឿន​តាម​ផ្លូវ​មុនី​វង្ស រួច​បត់​ចូល​ផ្លូវ​លេខ​១០២​ឆ្ពោះ​មក​ទិស​ខាងកើត លុះ​មក​ដល់​កែង​ផ្លូវ​លេខ​៦១ ជា​ផ្លូវ​បិទ របស់​ស្ថានទូត​អា​មេ​រិ​ក​ក៏​រថយន្ត​នោះ​ហោះ​មក​បុក​របាំង​រនាំង​ហាមឃាត់​បើក​ឆ្លងកាត់​ផ្លូវ បណ្តាល​ឲ្យ​ខូចខាត​ទាំង​រនាំង និង​រថយន្ត​តែ​ម្តង ។

ប្រភព​ព័ត៌មាន បាន​បន្ត​ទៀត​ថា ខណៈ​ដែល​បុក​ភ្លាម​ៗ​នោះ បាន​ភ្ញាក់ផ្អើល​យ៉ាង​ស្ទុះស្ទារ​ដល់​កងកម្លាំង​សន្តិសុខ​ប្រចាំការ​របស់​ស្ថានទូត បាន​ប្រញាប់​ចេញ​ចាប់​ឃាត់ខ្លួន​ក្រុម​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ភ្លាម​ៗ រួម​បោះដៃ​ហៅ​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​ចុះ​មក​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី ចុះ​មក​ស្ទូច​រថយន្ត​បង្កហេតុ​រួម​ទាំង​ក្រុម​អ្នកបើកបរ​ទាំងនោះ នាំ​ទៅ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕