ភ្នំពេញ ៖ ជាថ្ងៃជ័យ​មង្គល​សម្រាប់​ក្រុម​គ្រួសារមួយ ខណៈកំពុង​រៀបចំ​សង់រោង​ឡើងផ្ទះ​ថ្មី ដោយសារ​តែ​ឪពុក​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ កំពុងសប្បាយ​រីករាយ​រៀបចំ​ពិធី​ឡើងផ្ទះ​ថ្មី ដែល​ទើបនឹង​សាងសង់​រួច ដោយ​បាន​​រៀបចំ​តុរង់ចាំទទួលភ្ញៀវ​មក​ចូលរួម​​ទៅ​ហើយ ស្រាប់តែ​អកុសល កូនប្រុស​បាន​ដើរ​ឆ្លងផ្លូវ ក៏​ត្រូវ​រថយន្ត​បង្ក​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម​តែ​ម្តង ​។

ហេតុការណ៍​​ប្រែ​ក្លាយជា​អួរ​អាប់​ក្នុង​មួយ​ប៉​ព្រិច​ភ្នែកនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ព្រៃ​ស ស្ថិត​ក្នុងភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​ ។

ក្មេង​ប្រុស​រង​គ្រោះ ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់ មានឈ្មោះ​ម៉ុ​ន ប៊ុ​ន​ហេង អាយុ​៩​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ​ស៊ុ​យ សា​រ៉ា​ក់ អាយុ​២១​ឆ្នាំ មុខរបរ​និស្សិត​ឆ្នាំ​ទី​៣ មាន​លំនៅ​ភូមិ​ស្នំ​ប្រាំពី ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ ខេត្តកំពត បើករថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-7081​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស បើកបរ​ដោយ​យុវជន​ខាងលើ​តែ​ម្នាក់ឯង ធ្វើ​ដំណើ​ត​ក្នុង​ល្បឿន​យ៉ាង​លឿន បោះពួយ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បង្ក​បាន​ព្យាយាម​វ៉ា​ជាមួយ​រថយន្ត​១​គ្រឿង​ទៀត មិន​ចាំ​ម៉ាក​និង​ស្លាក​លេខ រួច​ក៏​ធ្វើ​ឱ្យ​ជ្រុល​ចង្កូត​ទៅ​បុក​ក្មេង​ប្រុស​រង​គ្រោះ ដែល​កំពុង​ដើរ​ឆ្លងផ្លូវ បណ្តាល​ឱ្យ​ប៉ើង​បោក​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​ ។ ភ្លាម​ៗ​នោះ​ម្ចាស់​រថយន្ត​ជា​ជន​បង្ក​បាន​ចុះ​ពី​រថយន្ត​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រៃវែង ធ្វើការ​ឃាត់ខ្លួន​យក​មក​ធ្វើការ​សាកសួរ​ ។

តាម​ប្រភព​ពី​សាច់ញាតិ​ ក្មេង​ប្រុស​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នេះ ក្រុម​គ្រួសារ​មួយ​កំពុង​ រៀបចំ​សង់រោង​ឡើងផ្ទះ​ថ្មី ដែល​ទើបនឹង​សាងសង់​រួច ស្រាប់តែ​អកុសល កូនប្រុស​អាយុ​៩​ឆ្នាំ ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ជា​ហេតុ​ធ្វើ​ឱ្យ​ពិធី​ជ័យ​មង្គល ​ធ្វើ​ឱ្យ​ម្ចាស់ផ្ទះ ដែល​ត្រូវជា​ឪពុក​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ សម្រេចចិត្ត​ប្តូរ​ពី​រោង​ឡើងផ្ទះ មក​ជា​រោង​បុណ្យសព​កូនប្រុស​វិញ​ ។

ប្រភព​​ពី​សាច់ញាតិ​​បន្ត​ថា នៅ​ពេល​កើត​មាន​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ភ្លាម ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​រន្ធត់​ចិត្ត​ស្ទើរ​គាំងបេះដូង​ស្លាប់ និង​បាន​ស្រែក​ទ្រហោយំ​ឱប​សព​កូន និង​ចង់​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែរ តែ​អកុសល​កូនប្រុស​បាន​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ ​។ ទីបំផុត រោង​ឡើងផ្ទះ ដែល​សង់​ឡើង​ដោយ​ពណ៌​ក្រហមឆើត រង់ចាំ​ទទួលភ្ញៀវ​មក​ចូលរួម​អបអរសាទរ បែរជា​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ជា​រោង​បុណ្យសព ដោយ​មាន​ពណ៌​សលាយ​ខ្មៅ​ទៅ​វិញ ធ្វើ​ឱ្យ​ភាព​សប្បាយ​រីករាយ​របស់​ក្រុម​គ្រួសារ​ខាងលើ ត្រូវ​រលាយ​បាត់​ត្រឹមតែ​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ​ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​អន្តរាគមន៍ និង​អូស​យក​រថយន្ត ព្រមទាំង​នាំ​ខ្លួន​ជន​បង្ក​ជា​អ្នកបើកបរ ទៅ​កាន់​ការិយាល័យ​ច​រា​រណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ ។ ចំណែក​សពក្មេង​ប្រុស​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕