ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ថ្ម បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​លេខ​៣៦៩ ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​កន្លង​មក​នោះ ម្ចាស់​រថយន្ត​បាន​សង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ចំនួន​៤៥០០​ដុល្លារ តែ​ត្រូវ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បដិសេធ​និង​ដាក់​ពាក្យ​ប្តឹង​ទារ​សំណង​២​ម៉ឺន​ដុល្លារ ។

គួរ​រំ​ឮ​កថា ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ដឹក​កូនប្រុស និង​ក្មួយ​ស្រី​តូច អាយុ​៣​ឆ្នាំ​ម្នាក់ ទៅ​ទិញ​គុយទាវ​ហូប​ពេល​ព្រឹក ពេល​ទៅ​ដល់​ក៏​ឈប់​អង្គុយ​ចាំ​លើ​ម៉ូតូ​ក្បែរ​ចិញ្ចើម​ផ្លូវ ចាំ​គេ​យក​គុយទាវ​មក​ឱ្យ លុះ​បន្តិច​ក្រោយមក រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង កំពុង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​បែក​កង់​ធ្វើ​ឱ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​កិន​ម៉ូតូ​ស្ត្រី​រង​គ្រោះ បណ្តាល​ឱ្យ​ស្ត្រី​ជា​អ្នក​បើក​ម៉ូតូ ព្រមទាំង​ក្មួយ​ស្រី​តូច​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​កូនប្រុស​ម្នាក់​ខ្ទាត​ផុត​រង​របួសធ្ងន់ រីឯ​រថយន្ត​បាន​ជ្រុល ទៅ​បុក​រះ​ម៉ូតូ​៥​គ្រឿង និង​រថយន្ត​បែន​១​គ្រឿង​ទៀត ទើប​ក្រឡាប់​។

សាច់​ញាតជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ ទី​១-​ឈ្មោះ ឆែម រតនៈ អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ (​ជា​ម្តាយមីង​) ទី​២-​ឈ្មោះ​ពេជ្រ វណ្ណ​លី​ដា អាយុ​៣​ឆ្នាំ (​ជា​ក្មួយ​ស្រី​) និង​ទី​៣​ដែល​រង​របួសធ្ងន់​ឈ្មោះ តុល ចាន់​រ៉ូ​ណា អាយុ​៣​ឆ្នាំ ត្រូវជា​កូនប្រុស​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ ឆែម រតនៈ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ​ភ្នំពេញ 1A-1311 និង​រស់នៅ​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក មានឈ្មោះ ឈុំ ណែម ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បើកបរ​ស្នាក់​នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល បើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម មិន​មាន​ស្លាក​លេខ ជា​រថយន្ត​ដឹក​ថ្ម​ម៉ិច ចំណុះ​៥​តោន​។

បើ​តាម Fresh News បាន​ស្រង់​សម្តី​ក្រុម​គ្រួសារ​សព​ឲ្យ​ដឹង​ថា ចំពោះ​ប្រាក់​ជាង​៤​ពាន់​ដុល្លារ​នេះ សម្រាប់​តែ​ព្យាបាល​ម្នាក់​រង​របួស គឺ​វា​មិន​គ្រប់​ផង ចុះ​ទំ​រាំ​អ្នក​ស្លាប់​២​នាក់​ទៀត ក្រុមហ៊ុន​ហាក់ដូចជា មិន​ទទួលខុសត្រូវ​លើ​រថយន្ត​ខ្លួន ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស គួរ​ណាស់​មាន​សំណង​ឲ្យ​បាន​សមរម្យ​ដល់​គ្រួសារ​ពួក​គាត់ ដោយ​ពួក​គាត់​សុំ​ណ​ង​ដល់​អ្នក​ស្លាប់​ត្រឹមតែ​ម្នាក់​២​ម៉ឺន​ដុល្លារ ចំណែក​អ្នក​រង​របួស​សុំ​ឲ្យ​ជួយ​ព្យាបាល ម៉ា​ជា​ក៏​បាន​ដែរ ឬ​ក៏​ផ្តល់​សំណង់​ទាំងអស់​តែ​ម្តង​ទៅ​ក៏​បាន​ដែរ​។

ជាមួយ​គ្នា​នោះ ពួក​គាត់​សំណូមពរ​ដល់​នគរបាល​ចរាចរ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជួយ​មាន​វិធានការ​ទៅ​លើ​អ្នកបើកបរ ឲ្យ​បាន​សមរម្យ ជា​ពិសេស​ស្ថាប័ន​តុលាការ គួរ​ពិនិត្យពិចៃ​រក​យុត្តិធម៌​មិន​លម្អៀង ដើម្បី​ឲ្យ​ពួក​គាត់​ជា​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ទទួល​បាន​យុត្តិធម៌​ផង និង​សំណូមពរ​ដោយ​ទទូច​សូម​សូម​ឲ្យ​តំណាង​ក្រុមហ៊ុន មាន​សំណង​ឲ្យ​បាន​សមរម្យ​ផង ការ​ដែល​ក្រុមហ៊ុន​មាន​សំណង​បែប​នេះ គឺ​ហាក់​មើល​ស្រាល​លើ​ជីវិត​អ្នក​ស្លាប់ ដោយសារ​កំហុស​ខ្លួន​មិន​ពិនិត្យ​លើ​បច្ចេកទេស និង​បើក​លឿន​ហួស​ល្បឿន​កំណត់​៕