ស្នងការ​គ​របាល​ខេត្តកោះកុង លោក សំ​ឃិ​ត វៀង បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ​៩​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​ពួក​គេ​ហូប​ត្រី​ក្រពត​និង​បាន​ពុល​នៅ​ស្រុក​គី​រី​សាគរ ខេត្តកោះកុង​កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨​។

បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា រហូត​មក​ដល់​ថ្ងៃនេះ ពលរដ្ឋ​ទាំង​៩​នាក់​នោះ បាន​ធូរស្បើយ​វិញ​ហើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ជលផល​នា​ពេល​កន្លង​មក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ត្រី​ក្រពត​ចំនួន ១០​ប្រភេទ ក្នុង​នោះ​មាន​៣ ប្រភេទ​មាន​ជាតិពុល​។ តាម​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ត្រី​ក្រពត​ដែល​មាន​ជាតិពុល​នោះ​រួម​មាន​៖ Tetraodon cochinchinensis, Mon otrete leiurus និង Tetraodon fluviatilis ដែល​មាន​ភិនភាគ​ដូច​ក្នុង​រូបភាព​។

នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា ត្រី​ក្រពត​មាន​សារធាតុពុល​ទាំង​៣​ប្រភេទ​មាន​ជាតិពុល​ខ្ពស់ បំផុត​នៅ​រដូវ​ពង​កូន​បន្ត​ពូជ ដែល​ជា​ធម្មតា​កើតឡើង​នៅ​ក្នុង​ខែកុម្ភៈ និង​មីនានិង​ចន្លោះ​ខែកក្កដា ទៅ​ខែកញ្ញា​។ ចំពោះ​ជាតិពុល​នៅ​ក្នុង​ខ្លួន​ត្រី ក៏​មាន​កម្រិត​ខុស​គ្នា​ដែរ គឺ​ពងនិង​ស្ពែ​ម​មាន​ជាតិពុល​ខ្ពស់​​ជាងគេ បន្ទាប់​មក​គឺ​ថ្លើម ពោះវៀន ស្បែក និង​សាច់​។

មន្ត្រី​ជំនាញ​នៃ​អគ្គនាយក​រដ្ឋបាល​ជលផល បាន​ឲ្យ​ដឹង​ថា ចំពោះ​អ្នក​ដែល​បរិភោគ​នូវ​ត្រី​កំពត​ទាំង​៣​ប្រភេទ​ខាងលើ​នេះ អាច​បណ្តាល​ឲ្យ​ឈឺក្បាលវិលមុខ ល្ហិតល្ហៃ រឹង​ថ្គាម ស្ពឹក​ចុង ដៃ ចុងជើង រាគ​រូស ក្អួតចង្អោរ ឬ​អាច​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង​។

មន្រ្តីជំនាញបាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ពិនិត្យ​ត្រី​ក្រពត​ឲ្យ​បាន​ច្បាស់លាស់ មុននឹង​បរិភោគ ហើយ​បើ​មាន​អ​កា​រៈ​ពុល ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់​ពេលវេលាមិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​។

របាយការណ៍​ក្រសួងសុខាភិបាល ឲ្យ​ដឹង​ថា ករណី​ពុល​ចំណីអាហារ​ក្នុង​ឆ្នាំ​២០១៧ កើត​មាន​លើ​មនុស្ស ៩៤៧​នាក់ ក្នុង​នោះ​មាន​មនុស្ស ៤​នាក់ បាន​ស្លាប់​ដោយសារ​ពុល​ស្រា ដែល​ចំនួន​នេះ បាន​ធ្លាក់​ចុះ​ជិត ២០​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦៕

Comments

comments