ភ្នំពេញ​ ៖ ​យុវជន​ជា​ជាងសំណង់​២​នាក់ ​ស្រវឹង​បើក​ម៉ូតូ​វ៉ា​ជែង ​ហើយ​ជ្រុល​ចង្កូត ​ទៅ​បុក​រថយន្ត​ឡិច​ស៊ិ​ស​GS300 ​ពណ៌​ស​ មួយគ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2W 5945 ​ក្នុង​ទិស​ដៅបញ្ច្រាស​គ្នា​ ​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ទាំង​សងខាង​ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១០​យប់​ ថ្ងៃ​ទី​២៥ ​ខែមករា​ ឆ្នាំ​២០១៨​ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ កែង​ផ្លូវ​លេខ៨០ ​ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ​ខណ្ឌដូនពេញ​ ។

សាក្សី​នៅ​កន្លែង​កើតហេតុ ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​២​នាក់ ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ​ពណ៌​ស​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 1F 7345​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​វ៉ា​ជែង​គេឯង​ពេញ​ផ្លូវ​ លុះទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ គាប់​ជួន​មាន​រថយន្ត​ឡិច​ស៊ិ​ស​១​គ្រឿង​មក​ដល់ ក៍​ជ្រុល​ទៅ​បុក​រថយន្ត​ពេញទំហឹង​តែ​ម្តង​ ​។

ក្រោយ​ពេល​កើតហេតុ​ ខាង​ភាគី​ម្ចាស់​រថយន្ត​ចុះ​និយាយ​ច​ចារ​គ្នា ​ដោយ​ទារ​សំណង​ចំនួន​៦០០​ដុល្លារ​ដើម្បីជួសជុលរថយន្ត ​ប៉ុន្តែយុវជន​២​នាក់​ដែលរង​របួស​បន្តិចបន្តួច​ មិនមានលទ្ធភាព និង​លើកដៃ​សំពះ​អង្វរ​រៀបរាប់ពី​ការ​អត់​លំបាក ដោយមាន​ធុំក្លិន​ស្រា​ហួង​​​ផង​នោះ​ ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​មិន​ទារ​សំណង​វិញ ​ដោយ​ឲ្យ​យុវជន​ទាំង២នាក់ ​លើក​ម៉ូតូ​ដាក់​លើ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ​រីឯ​ម្ចាស់​រថយន្ត​ក៍​យក​រថយន្ត​ទៅ​ជួសជុល​រៀង​ៗ​ខ្លួន ​៕