ក្រុមហ៊ុន Vietnam Rubber Group (VRG) បាន​បើក​សម្ពោធ​រោងចក្រ​កែ​ច្នៃ​ជ័រកៅស៊ូ​របស់​ខ្លួន​នៅ​កម្ពុជា​កាលពី​ចុង​ស​ប្តា​ហ៍​មុន​។ នេះ​បើ​យោង​តាម​គេហទំព័រ vietnamplus.vn របស់​វៀតណាម​។

រោងចក្រ Chu Se Kampong Thom ដែល​មា​នទី​តាំងនៅ​ខេត្តកំពង់ធំ​នេះ គឺជា​រោងចក្រ​មួយ​ក្នុង​ចំណោម​រោងចក្រ​កែ​ច្នៃ​ជ័រកៅស៊ូ​ធំ​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ គេហទំព័រ​នេះ​បាន​រាយការណ៍​ថា នៅ​ក្នុង ព្រឹត្តិការណ៍​បើក​សម្ពោធ​នេះ លោក Tran Ngoc Thuan នាយក​ប្រតិបត្តិ​ក្រុមហ៊ុន VRG បាន​ឲ្យ​ដឹង​ថា ការ​សម្ពោធ​រោងចក្រ​កែ​ច្នៃ​ជ័រកៅស៊ូ​នេះ នឹង​បង្កើត​បានជា​ផ្នែក​នៃ​សកម្មភាព​មួយ​ចំនួន ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​រួម​គ្នា​រវាង​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​កម្ពុជា​ស្តី​ពី​ការ​ផលិត​ដើម​កៅស៊ូ​លើ​ផ្ទៃដី​ទំហំ ១០ ម៉ឺន​ហិច​តា​នៅ​កម្ពុជា ដោយ​បាន​បង្កើត​នូវ​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដ៏​ច្រើន និង​ការងារ​សម្រាប់​ប្រជាជន​មូលដ្ឋាន​។

តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ បាន​កោតសរសើរ​ពី​តម្លៃ​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​នៃ​គម្រោង​របស់​ក្រុមហ៊ុន VRG នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​វៀតណាម​មួយ​នេះ​។ ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន VRG បាន​ដាំ​ដើម​កៅស៊ូ​លើ​ផ្ទៃដី​ជិត ៩ ម៉ឺន​ហិច​តា​ក្នុង​ខេត្ត​ចំនួន ៨​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​តម្លៃ​ជិត ៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​។

រោងចក្រ Chu Se Kampong Thom គឺជា​រោងចក្រ​ទី​បី​របស់​ក្រុមហ៊ុន VRG នៅ​កម្ពុជា ដោយ​មាន​សមត្ថភាព​ផលិត​ប្រចាំឆ្នាំ ២១ ៥០០ តោន​។ តួលេខ​នេះ​អាច​នឹង​កើនឡើង​ដល់ ៤៥ ០០០ តោន​នៅ​ត្រឹម​ឆ្នាំ​២០២២​ខាង​មុខ​៕

ប្រភព P Post

Comments

comments