ភ្នំពេញ ៖ តារា​សម្តែង​ស្រី​រាង​តូច​ច្រឡឹង សាច់​សខ្ចី កញ្ញា ហង្ស ម៉ា​រី​នី បាន​សម្រេចចិត្ត​ចូល​រោងការ ជាមួយនឹង​បុរស​ដ៏​សាមញ្ញ​ម្នាក់ នា​ពេល​ខាង​មុខ​នេះ ហើយ​មាន​បំណងប្រាថ្នា​ថា ប្រ​សិន​នាង​រៀប​ការ​នឹង​អញ្ជើញ​តា​ៗ​ធាក់​ស៊ី​ក្លូ​នូវ​មួយ​ចំនួន​ជាក់ស្តែង ទៅ​ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ដោយ​មិន​ឲ្យ​ចងដៃ​នោះ​ទេ ។ សូ​ម្បី​តែ​ការ​ថត Pre-wedding របស់​នាង​និង​គូ​ដណ្ដឹង ក៏​គ្រោង​ថត​ជាមួយ​ស៊ី​ក្លូ​ដូច​គ្នា ។

តារា​សម្តែង​មាន​ទឹកចិត្ត​សប្បុរសធម៌ ហង្ស ម៉ា​រី​នី បាន​ប្រកាស​នេះ ធ្វើ​ឡើង​ក្នុង​ពេល ចុះ​ចែក​អំណោយ​ក្រុម​អ្នក​ធាក់​ស៊ី​ក្លូ ព្រមទាំង​ពលរដ្ឋ​ក្រីក្រ​ជិត​៤០០​នាក់ មក​ទទួល​អំណោយ នៅ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​របស់​នាង ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង ខាងក្រោយ​សាលា ACE សម្ដេច​ប៉ាន កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ ។

ទោះ​យ៉ាងណា តារា​សម្តែង​ចិត្តធម៌ ប្រាប់​ពី​ការ​សម្រេចចិត្ត ជ្រើសរើស​យក​លោក ភូ កែវ​សម្បត្តិ មាន​វ័យ​៣២​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ជា​គូ​អនាគត ត្រូវ​បាន នាង​ដឹង​ថា ក៏​ព្រោះតែ​បុរស​ម្នាក់​នោះ ជា​មនុស្ស​សាមញ្ញ មានទឹក​ចិត្តល្អ ចេះ​ជួយ​អ្នក​ក្រីក្រ​ដូច​នាង ជាង​នេះ​ទៅ​ទៀត បុរស​ម្នាក់​នោះ តែង​យកអាសា​នាង មិន​ចេះ​រអ៊ូរទាំ និយាយ​រួម​មាន​ទឹកចិត្ត អាច​រស់នៅ​ជាមួយ​គ្នា​បាន​ទៅ​ថ្ងៃ​អនាគត ។ អ្នក​ទាំង​ពីរ បាន​ស្គាល់គ្នា​ជាង​២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ចាប់ផ្ដើម ស្រឡាញ់​គ្នា ជាង​១​ឆ្នាំ​នេះ​ប៉ុណ្ណោះ ។

សូម​ជម្រាប​ថា កញ្ញា ហង្ស ម៉ា​រី​នី ក៏​ធ្លាប់​បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​មន្ត្រី​ប៉ូលិស​របស់​ក្រសួងមហាផ្ទៃ កន្លងមក ។ ហង្ស ម៉ា​រី​នី គឺជា​តារា​សម្តែង​វ័យក្មេង​ដែល​មាន​ប្រជាប្រិយភាព និង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​មហាជន តាម​រយៈ​ការ​បង្ហាញ​សមត្ថភាព​សម្តែង និង​ការងារ​ជួយ​សង្គម “​មូលនិធិ​កម្ពុជា​” របស់​ក្រុម​នាង ដែល​មាន​សមាជិក​ភាគច្រើន​ជា​និស្សិត បាន​ធ្វើ​សកម្មភាព​សប្បុរសធម៌ តាំងពី​ឆ្នាំ​២០១៣​មក គឺ​បាន​ធ្វើ​សកម្មភាព​មិន​ក្រោម​៥០​លើក​ទេ ដែល​ភាគច្រើន គឺ​ធ្វើ​សកម្មភាព​ជាមួយ ក្រុម​ពលរដ្ឋ​ក្រីក្រ ជា​ពិសេស​ជាមួយ ក្រុម​អ្នក​ធាក់​ស៊ី​ក្លូ ដូច​ជា​ការ​ពិសា​អាហារ​ជុំ​គ្នា ចុះ​ចែក​អំណោយ នាំ​តា​ស៊ី​ក្លូ​ទៅ​ញ៉ាំ​ភី​ហ្សា ជាដើម ៕

 

Comments

comments