កំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយ​ផ្ទុះ​ឆេះ​នៅ​កណ្តាលផ្លូវរថយន្ត​សល់​តែ​គ្រោងឆ្អឹង ខណៈ​កំពុង​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច ថ្ងៃ​ទី​៣០ មក​រា ២០១៨ នៅ​ចំណុច​ភូមិ​បន្ទាយ​យោមរាជ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​ផង​ដែរ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ជឹ​ម ឆេ​ង​អាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ជា​ព្រូឡាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ទី​២.​ឈ្មោះ ជិន គឹ​ម​ឆូ​យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​វាំង​ខាងជើង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ជា​អ្នកបើកបរ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​បារាយណ៍ ស​ន្ទុ​ក ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​និយាយ​ដូច​ៗ​គ្នា​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ប្រភេទ​កូរ៉េ​ខ្លុ​ប ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​មួយ​តោន​កន្លះ ពណ៌​ស ដឹក​ទឹក​ផ្លែ​ឈើ​ចម្រុះ បើកបរ​ពី​ជើង​ទៅ​ត្បូង ខណៈ​កំពុង​បើកបរ​បាន​ធំក្លិន​ហ្គា​ស ក្រោយមក​បន្តិច ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​ដូច​ដាក់​គ្រាប់បែក​នៅ​នឹង​កណ្ដាលផ្លូវ ក៏​ឃើញ​មាន​អណ្តាតភ្លើង​ឆេះ​ស​ន្ធូ​សន្ធៅ បណ្តាល​ឲ្យ​ឆេះ​ព្រូ​រថយន្ត​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​តែ​កុង​ម្នាក់​រង​របួសធ្ងន់ ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក (​បារាយណ៍ ស​ន្ទុ​ក​) ។

បន្ទាប់​មក គេ​ឃើញ​មាន​អ្នក​ជិតខាង និង​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ បាញ់​ពន្លត់ និង​សម្រួល​ចរាចរណ៍​ផង​ដែរ​។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា នេះ​សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋាន​ច្បាស់លាស់​នៅឡើយ​ទេ ៕