តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​កម្ពុជា បាន​បន្ត​ហក់​ឡើង​រហូត​ដល់ ៤ ០០០ រៀល​ក្នុង​មួយ​លី​ត្រ​សម្រាប់​ការ​លក់​រយៈពេល ១០ ថ្ងៃ​បន្ទាប់​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​។

សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី ១១ កុម្ភៈ ឆ្នាំ ២០១៨ តម្លៃ​ប្រេងសាំង​ដែល​លក់​នៅ​តាម​ស្ថាន​យ៍​ប្រេង​ឥន្ទ​នៈ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​នឹង​លក់​ក្នុង​តម្លៃ ៤ ០០០ រៀល​ក្នុង​មួយ​លី​ត្រ សម្រាប់​ប្រេងសាំង​ធម្មតា និង ៣ ៨០០ រៀល​សម្រាប់​សាំង​ម៉ា​ស៊ូ​ត​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម តម្លៃ​ប្រេងសាំង​នៅ​ពេល​នេះ​បាន​ហក់​ឡើង​ពី ៣ ៩៥០ រៀល​ក្នុង​មួយ​លី​ត្រ​កាលពី​ម្សិលមិញ​។

ដោយឡែក​សម្រាប់​តម្លៃ​សាំង​សូ​ពែរ ដែល​មិន​បាន​ដាក់​បញ្ចូល​ក្នុង​ការ​គណនា​តម្លៃ​ប្រេង​រៀង​រាល់​១០​ថ្ងៃ​ម្តង​របស់​ក្រសួងពាណិជ្ជកម្ម​នោះ​មាន​តម្លៃប្រែប្រួល​ទៅ​តាម​ក្រុមហ៊ុន​ផ្គត់ផ្គង់​នីមួយ​ៗ ដែល​មាន​តម្លៃ​ចាប់ពី ៤ ២០០ ដល់​៤ ៣០០ ក្នុង​មួយ​លី​ត្រ​។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​តម្លៃ​ប្រេងសាំង​លក់រាយ​បាន​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​ ។

ក្រៅពី​តម្លៃ​សាំង​ឡើងថ្លៃ ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​រអ៊ូរទាំ​ពី​ការ​ចាក់​មិន​គ្រប់​លី​ត្រ នៅ​តាម​ស្ថានីយ៍​ប្រេង​ធំ​ៗ នោះ​ថែម​ទៀត ។

ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​មន្ត្រី​កាំកុងត្រូល មេត្តា​ចុះ​ពិនិត្យ​ចំណុះ​នៅ​តាម​ស្ថានីយ៍​ប្រេង​ធំ​ៗ​មួ​​យ​ចំនួន​ផង​ដែរ ៕

 

Comments

comments