ដើម្បី​បំភ្លឺ​ដោយ​ត្រួស​ៗ នូវ​ប្រភព​នៃ​ពាក្យ កម្ពុជ ឬ កម្ពុជា ហើយ​ដើម្បី​កំណត់​បរិវេណ​នៃ​ការ​សិក្សា យើង​ត្រូវ​ជ្រើសរើស យក​តែ​សិលាចារឹក​សំខាន់​ៗ មក​ពិនិត្យ​ប៉ុណ្ណោះ ។ ទន្ទឹម​នឹង​នេះ យើង​ក៏​ធ្វើការ​វិភាគ​ថ្មី​មួយ ដោយ​ពឹងផ្អែក លើ​ការ​បកស្រាយ​មួយ​ចំនួន ធ្លាប់​មាន​ពី​មុន​មក ដើម្បី​ផ្តល់​នូវ​ពន្លឺ​ថ្មី ជុំវិញ​ប្រធានបទ​ខាងលើ ។

កម្មវត្ថុ​នៃ​អត្ថបទ​នេះ គឺ​ដើម្បី​បង្ហាញ អំពី​ប្រវត្តិ និង សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ដ្រ ក៏​ដូច​ជា​ផ្នែក​រូបារម្មណ៍រ​បស់ពាក្យ​កម្ពុជា​ដែល បុព្វការី​ខ្មែរ​បាន​បង្កើត​ឡើង​ដោយ​សិល្ប៍​វិធី ដោយ​ពឹងផ្អែក​លើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដើម្បី​តាំង​ឈ្មោះ​នៃ​ទឹកដី​កំណើត​របស់​ជាតិ​សាសន៍​ខ្លួន តាំងពី​អតីតកាល​មួយ​ដ៏​យូរលង់ ។

ជាបឋម ត្រូវ​ជ្រាប​ថា ក្នុង​ភាសា​ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ និង​អង្គរ មាន​ច​ម្លា​ស់​ស័ព្ទ “​វ​” និង “​ព​” ។ ដូច្នេះ​ពាក្យ កម្ពុ​, កម្ពុជ​, កម្ពុជា សព្វ​ថ្ងៃនេះ ក្នុង​សិលាចារឹក​សរសេរ​ជាក​ម្វុ ឬ ក​ម្វុ​ជ ទៅ​វិញ ។ ចំពោះ​ពាក្យ ទេស វិញ វា​ក៏​ជា​ពាក្យ​សំស្ក្រឹត​ដែរ មាន​ន័យ​ថា ប្រទេស​, នគរ ឬ​អាណាចក្រ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​មាន​មូលហេតុ​ដែល​អាច​ឲ្យ​យើង​កំណត់​បាន​ច្បាស់លាស់​ថា ប្រជាជន​ខ្មែរ​ដើម្បី​ហៅ​ទឹកដី​ស្រុក​កំណើត​របស់​ខ្លួន ជួនកាល ប្រើ​ពាក្យ​ប្រទេស​, នគរ​, ចក្រភព​ខ្មែរ ដោយ​ជួនកាល​ទៀត​ក៏​ប្រើ​ពាក្យ​ស្រុក​, ក្រុង​, ទឹកដី ឬ​ដែនដី ដែល​ជា​ស័ព្ទ​មន​ខ្មែរ ស្រប​នឹង​ន័យ​ក្នុង​ភាសាសំស្ក្រឹត​ដែរ ។ ឧទាហរណ៍ ពាក្យ​ប្រទេស​ខ្មែរ ក៏​មាន​ន័យ​ដូច​គ្នា​នឹង​ពាក្យ ស្រុក​ខ្មែរ​ដែរ ។

១. ប្រភព​សិលាចារឹក​ ៖
យើង​ត្រូវ​ទទួលស្គាល់​ថា គេ​បានដឹង​ជា​ហូរហែរ​ច្រើន​ណាស់​មក​ហើយ ពី​ប្រភព នៃ​ពាក្យ​ក​ម្វុ (​កម្ពុ​)​។ តាម​ពិត​ទៅ​ពាក្យ នេះ​ត្រូវ​បាន​សិក្សា​វិភាគ​មុនគេ​ដំបូង​បង្អស់​ដោយ​លោក​ហ្ស​ក​សែ​ដេ​ស ក្នុង​អត្ថបទ​មួយ​ដ៏​ល្បីល្បាញ ស្តី​ពី ប្រភព​នៃ​ព្រះ​រាជ្យ​វង្សានុវង្ស​សម័យ​អង្គរ ។ លោក​បាន​ទទួលស្គាល់​ថា ពាក្យ ក​ម្វុ​នេះ​ជា​ពាក្យ​សំស្ក្រឹត មាន​ន័យ​ថា ខ្យងស័ង្ខ សមុទ្រ ដែល​ជា​កេ​តន​ភ័​ណ្ឌ របស់​ព្រះ​វិស្ណុ ។

មួយវិញទៀត​ពាក្យ​នេះ ក៏​ជា​ឈ្មោះ​របស់​មហាឥសី​ដែល​បាន​បង្កើត​ទឹកដី និង ប្រវត្តិសាស្ត្រ​កម្ពុជា​ដែរ បើ​យោង​តាម​ខ្លឹមសារ នៃ​សិលាចារឹក​ប្រាសាទបក្សីចាំក្រុង​ចារ​នៅ​ឆ្នាំ ៩៤៧ ។ ជុំវិញ​បញ្ហា​នេះ លោក​បាន​បញ្ជាក់​បន្ថែម​ថា ពាក្យ​ខ្មែរ ត្រូវ​បាន​កើត​ដោយ​ការ​រួម​ផ្សំគ្នា រវាង​ពាក្យ ក​ម្វុ ដែល​ជា​ព្រះ​ស្វាមី និង មេ​រា ព្រះ​មហេសី ផង​ដែរ ដែល​ជា​អំណោយ​ដ៏​ពិសិដ្ឋ​របស់​ព្រះ​វិស្ណុ ។

នេះ​ជា​ហេតុផល​ធ្វើ​ឲ្យ​យើង​ដឹង​ថា បន្តិច​ម្តង​ៗ ឈ្មោះ​របស់​បព្វជិត​តា​មហាឥសី​ក​ម្វុ​នេះ បាន​ក្លាយទៅជា​ឈ្មោះ​របស់​ប្រទេស​ខ្មែរ​គឺ ក​ម្វុ​ទេស ដែល​ត្រូវ​គេ​ស្គាល់​ជា​ផ្លូវការ​តាម​រយៈ​សិលាចារឹក​K400 មាន​កាលបរិច្ឆេទ ឆ្នាំ ៨៦៨ នៅ​ប​អ៊ី​កា ក្នុង​ខេត្ត​នគររាជ​សិ​មា ប្រទេស​ថៃ​បច្ចុប្បន្ន​។

ការ​ដាក់​ឈ្មោះ​ក​ម្វុ​ទេស បែប​នេះ នា​សម័យ​ចេ​ន​ឡា ឬ​ជួនកាល​ទៀត​ក​ម្វុ​ជ​ទេស ដូច​ករណី​សិលាចារឹក​នា​សម័យ​អង្គរ ចារ​នៅ​វត្ត​សំរោង ស្រុក​បាភ្នំ​, ខេត្ត តាកែវ ក៏​ដើម្បី​រំលឹក​ដល់​ប្រវត្តិ​នៃ​ការ​កកើត នៃ​ប្រទេស​ខ្មែរ​ដែរ ពោល​គឺ​ការ​រួម​សង្វាស​រវាង​សមាសធាតុ​ឥណ្ឌា​តំណាង​ដោយ​តា​មហាឥសី ក​ម្វុ​(​កម្ពុ​) និង​ខ្មែរ តំណាង​ដោយ​ព្រះ​នាង​មេ​រា ឬ​នាងនាគ ដែល​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី ។

មាន​ន័យ​ថា ទឹកដី​ខ្មែរ គឺជា​ទឹកដី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះ​ហ​ស្ថ​របស់​តា​មហាឥសី ក​ម្វុ​(​កម្ពុ​) និង​ព្រះ​នាង​មេ​រា ដើម្បី​ទុកជា​កេរ្តិ៍​ដល់ កុលបុត្រ កុលធីតា ខ្មែរ​ដែល​ជា​កូនចៅ​។ ម្ល៉ោះហើយ បានជា​មានការ​ប្រើ​ពាក្យ​ខ្មែរ​ជា​ពន្ធ​នាម ជា​លើក​ដំបូង​បង្អស់ នៅ​ក្នុង​សិលាចារឹក K.227 ក្នុង​ន័យ​ជា​កូនចៅ​របស់ មហាឥសី​កម្ពុ និង​ព្រះ​នាង​មេ​រា ដែល​បាន​ក្លាយជា ស្ថាន​នាម យ៉ាង​ប្រាកដ ។
បើ​តាម​ការ​ស្រាវជ្រាវ យើង​ក៏​ដឹង​ទៀត​ថា ពាក្យ​ចក្រភព​ក​ម្វុ​ជ​ទេស (​ប្រទេស​ខ្មែរ​ដែល​ជា​ចក្រភព ឬ មហា​ប្រទេស​) ទើបតែ​ត្រូវ​បាន​និយម ប្រើប្រាស់​នៅ​ក្នុង​រាជ្យ​របស់​ស្តេច ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ( ៨០២-៨៥០​គ​.​ស​) ដែល​ជា​ស្តេច​ចក្រ​វា​ទិន ។ កុំ​ភ្លេច​ថា ស្តេច​ដ៏​ខ្លាំងពូកែ​អង្គ​នេះ បាន​ផ្តើម ការ​បង្រួបបង្រួម​ដែនដី ចេ​ន​ឡានទឹក នឹង ចេ​ន​ឡា​គោក ឲ្យ​ក្លាយជា​ធ្លុង ឬ​ជា​ទឹកដី​តែ​មួយ​។

២.​បដិមា​សាស្ត្រ​ ៖
ស្រប​នឹង​ទិន្នន័យ សិលាចារឹក​នេះ​ដែរ ដែល​បាន​បញ្ជាក់​ន័យ​នៃ​ពាក្យ​កម្ពុជា យ៉ាង​ច្បស់​លាស់ នៅ​មាន​កត្តា​ផ្សេង​ៗ មួយ​ចំនួន ក្នុង​នោះ​រួម​មាន​ជំនឿ​របស់​ប្រជាជន​ខ្មែរ នា​សម័យ​នគរ​ភ្នំ ក្នុង​អម្លុង​ស​.​តទី​៦ នៃ​គ​.​ស​ផង​ដែរ ។

ខ្លឹមសារ​នៃ​សិលាចារឹក ពី​សម័យ​បុ​រេ​អង្គរ ដល់​សម័យ​អង្គរ គឺជា​ភស្តុ​តាង យ៉ាង​សំខាន់​ពាក់ព័ន្ធ ទៅ​នឹង​ការ​ប្រើ​ពាក្យ ក​ម្វុ​ជ ដើម្បី​ហៅ​ប្រទេស​ខ្មែរ ក្នុង​ន័យ​ដែល​ថា​ប្រទេស​បង្កើត​ឡើង​ដោយ​មហាឥសី ក​ម្វុ ឬ​ជា​ប្រទេស​របស់​ពួក​ក​ម្វុ​ ។

ដូចនេះ យើង​អាច​និយាយ​បាន​ថា ពាក្យ​ក​ម្វុ​ជា​ក្នុង​សង្គម​បុរាណ ជា​ពាក្យ​មួយ​បង្កប់​ទៅ​ដោយ​អត្ថន័យ​ដ៏​ពិសិដ្ឋ ដោយហេតុ​ថា ជា​ទឹកដី​របស់​មហាឥសី​ដ៏​មាន​ម​ហិ​ទ្ធិឫទ្ធិ​អស្ចារ្យ ។ ជា​ឧទាហរណ៍ ក្នុង​សិលាចារឹក ស្តុក​កក់​ធំ​ចារ​នៅ​ឆ្នាំ ១០៥២​នៃ គ​.​ស (K.935) នៅ​ខេត្ត​ស្រះ​កែវ ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន តែ​ជា​អតីត​ទឹកដី​ខ្មែរ​ពី​មុនគេ​ឃើញ​មានការ​ប្រើ​ពាក្យ​ព្រះ​ក​ម្វុ​ជ​ទេស​ ៕

ប្រភពពី P POST

Comments

comments