រដ្ឋ​ប្រជាមានិត​ចិន​ជំរុញ​កម្ពុជា​ឲ្យ​ប្រើប្រាស់​លុយ​យ័ន​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​ជាមួយ​ខ្លួន ដោយ​ថា​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​។

គេហទំព័រ​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​នេះ​លោក ប៉ាន សូរ​ស័​ក្កិ ទៅ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២​កុម្ភៈ ហើយ​ជូ​ប​ជាមួយ អភិបាលរង​ខេត្ត​ក្វា​ង​ទុង លោក អ៊ៅ​យ៉ាង វ៉ី​មីង​។ អភិបាលរង​ខេត្ត​ក្វា​ង​ទុង​រូប​នេះ បាន​ស្នើ​ឲ្យ​កម្ពុជា​ជួយ​គាំទ្រ និង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ជា​ប្រាក់​យ័ន ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​។

វី​អូ​ឌី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​លោក ស៊ា​ង ថៃ ដើម្បី​បញ្ជាក់​បន្ថែម​បាន​នោះ​ទេ ដោយ​ទូរស័ព្ទ​លោក​ចុច​ចូល​ជា​ច្រើន​លើក​តែ​គ្មាន​អ្នក​ទទួល​។

លំហូរ​លុយ​ដុល្លារ​បាន​ហូរ​ចូល​កម្ពុជា​តាម​រយៈ​អ៊ុ​ន​តាក់​ចាប់ពី​ឆ្នាំ​១៩៩១​មករ​ហូត​ដល់​ប្រាក់​នេះ​បាន​ក្លាយជា​ប្រាក់​ទី​ពីរ​បន្ទាប់​ពី​ប្រាក់​រៀល​ខ្មែរ​។ មក​ដល់​ពេល​នេះ​បើ​ទោះបីជា​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា ចិន​ហាក់​កើនឡើង​ច្រើន​មែន​តែ​ប្រាក់​ដុល្លារ​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ការ​ទូរ​ទាត់​ប្រាក់​នៅ​ប្រទេស​កម្ពុជា​ដដែល​។

អ្នកជំនាញ​សេដ្ឋកិច្ច​លោក យ៉ង ប៉ាក់ មាន​ប្រសាសន៍​ថា វា​ជា​រឿង​ល្អ​ដែល​ប្រើប្រាស់​ប្រាក​យ័ន​ធ្វើ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ចិន​ដោយ​ថា​វា​ចំណេញ​បាន​ច្រើន​ជាង​ប្រាក់​ដុល្លារ​។ តែ​លោក​ថា​កម្ពុជា​គួរ​មាន​លក្ខខណ្ឌ​ទៅ​ចិន​វិញ​ផង​ដែរ​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ គឺ​គួរ​ស្នើ​ចិន​នៅ​ពេល​ទិញ​ផលិតផល​កម្ពុជា​គួរ​ប្រើ​លុយ​ខ្មែរ​ដើម្បី​ទិញ ព្រោះ​ជា​ប្រយោជន៍​ទាំង​សងខាង​។

លោក​ថា​៖ «​ដូច​នៅ​ថៃ​យើង​ធ្វើ​trade (​ពាណិជ្ជកម្ម​) ជាមួយ​ថៃ​ទៅ​ដល់​នោះ​យើង​ប្រើ​លុយ​បាត​ហើយ គេ​ទិញ​យើង​ត្រូវ​ប្រើ​លុយ​យើង យើង​ទិញ​គេ​ត្រូវ​ប្រើ​លុយ​គេ​អាហ្នឹង​ជា​រឿង​ត្រូវធ្វើ​ចឹ​ង​។ […] ខ្ញុំ​មើល​អត់​មាន​បញ្ហា​អី​ផង​ព្រោះ បើ​យើង​គិត​ពី​ចរន្ត​សេដ្ឋកិច្ច បើសិនជា​យើង​ដូរ​ទៅ​ដុល្លារ តាម​បច្ចេកទេស​បើ​យើង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​តែ​យើង​ប្រើ​លុយ​ដុល្លារ​វិញ អ​ញ្ចឹ​ង​យើង​ដូរ​ពី​ខ្មែរ​ទៅ​ដុល្លារ​យើង​ខាត​មួយ​សារ​ហើយ ខាត​ទឹក​លុយ​យើង ហើយ​ទៅ​ដល់​ចិន​ដូរ​ពី​យ័ន​ទៅ​ដុល្លារ​វា​ខាត​មួយ​ជាន់​ទៀត ខ្ញុំ​គិត​ថា​ទាំង​អស់នេះ​គឺ​ជួយ​ទាំង​សងខាង តាម​បច្ចេកទេស​គឺ​វា​ជួយ​ទាំង​សងខាង​»​។

ប្រធាន​វេទិកា​អនាគត​លោក អ៊ូ វី​រៈ យល់​ថា ចិន​កំពុង​ប្រើប្រាស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្នុង​ការ​បង្កើន​ឥទ្ធិពល​នៃ​រូបិយប័ណ​របស់​ខ្លួន​ក្នុង​ពិភពលោក​។ ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម វិញ​លោក​យល់​ថា ទោះ​ប្រើប្រាស់​រូបិយប័ណ​ប្រទេស​ណា​ក៏​មិន​ចោទ​ជា​បញ្ហា​ដែរ តែ​អ្វី​ដែល​សំខាន់​គឺ​ការ​នាំ​ចេញ​របស់​កម្ពុជា​ដើម្បី​បង្កើន​សេដ្ឋកិច្ច​ខ្លួន​។

លោក​ថា​៖ «​សហរដ្ឋអាមេរិក​កំពុង​តែ​ចំណេញ​ខ្លាំង​ណាស់​ទៅ​លើ​លុយ​ដុល្លារ ដែល​ជា​លុយ​ស្នូល​ក្នុង​ការ​ទិញ​ដូរ​ទំនិញ​ពិភពលោក​ហ្នឹង ឥឡូវ​ចិន​កំពុង​ព្យាយាម​ប្រកួតប្រជែង​។ ខ្ញុំ​គិត​ថា​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​ព្រោះ​អី​ពេល​ណា​មានការ​ប្រកួតប្រជែង​គឺ​យើង​មាន​ជម្រើស តែ​អ្វី​ដែល​លុយ​ដុល្លារ​អា​មេ​រិ​កបាន​ធ្វើ​ឲ្យ​ល្អ​នោះ​គឺ​លុយ​ដុល្លារ​អា​មេ​រិ​ក​តែង​មាន​ស្ថេ​រ​ភាព អ​ញ្ចឹ​ង​ហើយ​លុយ​អា​មេ​រិ​ក​ជា​យន្តការ​ដ៏​ល្អ​មួយ​ក្នុង​ការ​ដោះ​ដូរ​។ ចំពោះ​លុយ​យ័ន យើង​មើលទៅ​ឃើញ​ថា​មាន​ស្ថេ​រ​ភាព​តែ​យើង​អត់​ដឹង​ថា​តើ​នឹង​មាន​ស្ថេ​រ​ភាព​យូរអង្វែង​យ៉ាង​មិច​ទេ តែ​ខ្ញុំ​ថា​មិន​មានអី​ដែល​យើ​គួរ​ព្រួយបារម្ភ​ច្រើន​ទេ​»​។

ប្រទេស​កម្ពុជា​ចិន​បាន​ប្តេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ដល់​៦​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ខាង​មុខ ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ឆ្នាំ ២០១៥ មាន​ទំហំ​ទឹកប្រាក់​ចំនួន ៤,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

កាលពី​ឆ្នាំ​២០១៧​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​ប្រាក់​យ័ន​ក្នុង​ការ​ដោះ​ដូរ​ទំនិញ និង​សេវា​ក្នុង​ឆ្នាំ​២០១៦​មាន​តម្លៃ​ប្រមាណ​២,៥​ពាន់​លាន​យ័ន ស្នើ​នឹង​៣៧៧​លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ស្នើ​នឹង​៧​ភាគរយ​នៃ​ការ​ទូទាត់​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា ចិន ខណៈ​៩៣​ភាគរយ​ទៀត​ជា​ការ​ទូទាត់​ជា​ប្រាក់​ដុល្លារ​៕

ប្រភព VOD

Comments

comments