ភ្នំពេញ ៖ សាខា​ពន្ធដារ​ខេត្តបាត់ដំបង​បាន​ចេញ​លិខិត​បំភ្លឺ បន្ទាប់​ពី​អ្នក​និយម​លេង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ក​បុក នៅ​ក្នុង​ប្រទេស​បាន​នាំ​គ្នា​រិះគន់​ខ្លាំង​ៗ ទៅ​លើ​មន្ត្រី​ពន្ធដារ​ដែល​ចាប់​ឃាត់​រថយន្ត​ព្រួស របស់​ប្រជាពលរដ្ឋ​មួយ​គ្រឿង ដែល​ទើបនឹង​ទិញ​ពី​ភ្នំពេញ​បាន​រយៈពេល​មួយ​ថ្ងៃ តែ​ម្ចាស់​រថយន្ត​មិន​ព្រម​ឲ្យ​បង្ក​ជា​ជម្លោះ​ពាក្យ​សម្តី រហូត​ដល់​ឃាត់​រថយន្ត​ទុក នៅ​ស្នងការ​ខេត្តបាត់ដំបង ។

ហេតុ​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៥ កាលពី​វេលា​ម៉ោង​ជិត​៤​ល្ងាច​ថ្ងៃ​ទី​៧ ខែ​កម្ភៈ ឆ្នាំ​២០១៧ ត្រង់​ចំណុច​អូរ​សណ្ដា​ស ស្ថិត​ក្នុងភូមិ​ស្រះ​កែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង បន្ទាប់​ពី​ត្រួតពិនិត្យ​នៅ​តាម​ផ្លូវ ហើយ​រក​ឃើញ​ថា រថយន្ត​នេះ ខក​ខានមិនបាន​បង់ពន្ធ​ប្រចាំឆ្នាំ​រយៈពេល​៣​ឆ្នាំ​កន្លង​មក​ហើយ តែ​ម្ចាស់​រថយន្ត​មិន​ព្រមអោយ​រហូត​ដល់​មាន​ជម្លោះ​ពាក្យ​សម្តី​គ្នា​កើតឡើង ។

ម្ចាស់​រថយន្ត​អះអាង​ថា ខ្លួន​ទើបនឹង​ទិញ​រថយន្ត​នេះ​មក​ពី​ភ្នំពេញ​បាន​មួយ​ថ្ងៃ ដូច្នេះ​ហើយ​ទើប​គាត់​មិន​ទាន់​បាន​បង់ពន្ធ ។ ចំណែកឯ​មន្ត្រី​ពន្ធដារ បង្ខំ​ឲ្យ​បង់ពន្ធ​គ្រប់​ចំនួន តែ​ម្ចាស់​រថយន្ត​នៅ​តែ​បដិសេធ​មិន​ព្រម​បង់​ឡើយ ។ ការ​ប្រឈម​មុខ និង​ពាក្យ​សម្តី​យ៉ាង​តឹង​សរសៃ​.​ក រវាង​សមត្ថកិច្ច​ចម្រុះ និង​អ្នកបើកបរ​រថយន្ត​នេះ​បាន​ចំណាយពេល​ជា​ច្រើន​ម៉ោង ដោយសារ​តែ​អ្នក​ជិះ​ក្នុង​រថយន្ត​មិន​ព្រម​ចុះ​ពី​រថយន្ត ទើប​មន្ត្រី​ជំនាញ​សម្រេច ហៅ​រថយន្ត​សន្ទូច​ទៅ​ស្ទូច​ទាំង​រថយន្ត ទាំង​អ្នក​ជិះ​ដឹក​យក​មក​កាន់​ស្នងការ​ខេត្ត ដើម្បី​ដោះស្រាយ​តែ​ម្ដង ។

ពេល​មក​ដល់​ស្នងការ​ខេត្ត ម្ចាស់​រថយន្ត​នេះ​នៅ​តែ​បដិសេធ​មិន​ព្រម​បង់ពន្ធ​ផាកពិន័យ ទើប​មន្ត្រី​ពន្ធដា​សម្រេច​ឲ្យ​ឃាត់​ទុក​នៅ​ស្នងការ​ខេត្ត​ជា​បណ្ដោះអាសន្ន ដោយ​ទុក​ពេល​យ៉ាង​យឹត​បំផុត​ត្រឹម​ថ្ងៃ​ទី​១៤​កុម្ភៈ​នេះ ដើម្បី​ឲ្យ​ម្ចាស់​យានយន្ត​នេះ​ចូលខ្លួន​ទៅ​បង់ពន្ធ​នៅ​សាខា​ពន្ធដារ​ខេត្ត ។

ប៉ុន្តែ​មន្ត្រី​ពន្ធដារ​បាន​ព្រមាន​ថា ក្នុង​រយៈពេល​នៃ​ការ​ឃាត់​ទុក​នេះ ម្ចាស់​រថយន្ត​មាន​ភារកិច្ច​ទទួលខុសត្រូវ និង​ថែរក្សា​រថយន្ត​ដោយ​ខ្លួនឯង​ចៀសវាង​ការ​ខូចខាត ឬ​បាត់បង់​ដោយ​ប្រការ​ណាមួយ ក្រុម​ត្រូ​ត​ពិនិត្យ​មិន​ទទួលខុសត្រូវ​ឡើយ ជា​ហេតុ​ធ្វើ​អោយ គ្រួសារ​ប្រជាពលរដ្ឋ​ម្ចាស់​រថយន្ត​ព្រុស​នៅ​យាម​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​ខេត្តបាត់ដំបង រង់ចាំ​ខាង​ពន្ធដារ​ខេត្តបាត់ដំបង​ដោះស្រាយ​អោយ ទាំង​កូន​តូច​ៗ​កំពុង​ក្ដៅខ្លួន​ផង ។ គិត​មក​ត្រឹម​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៩ កុម្ភ​: ២០១៨​នេះ មាន​រយៈពេល​០៣​ថ្ងៃ​ហើយ តែ​ខាង​មន្ត្រី​ពន្ធដារ​ខេត្តបាត់ដំបង មិន​ទាន់​មក​ដោះស្រាយ​នៅឡើយ ៕

ពាក់​ព​ន្ធ័​នឹង​បញ្ហា​នេះ ខាង​ពន្ធដារបាន​ចេញ​លិខិត​បំភ្លឺ សូម​អាន​លិខិត​បំភ្លឺមាន​ដូច​ខាងក្រោម ៖