ភ្នំពេញ ៖ បញ្ហា​អន្តោប្រវេសន៍​ជនជាតិ​ចិន​ដែល​កំពុង​ស្នាក់​នៅ និង​ប្រកប​អាជីវកម្ម​នៅ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​លោក ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បើក​កិច្ចប្រជុំ​អន្តរក្រសួង នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។

ក្រោយ​ពី​រយៈពេល​ថ្មី​ៗ​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជម្រាប​ជូន ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង អំពី​ការ​វិនិយោគ​របស់​ជនជាតិ​ចិន នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ ដោយ​លោក យន្ត មីន បញ្ជាក់​ថា កំណើន​ជនបរទេស​ក្នុង​ខេត្ត​ព្រះ​សីហ​នុ កំពុង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន​ដូច​ជា បង្ក​ឱកាស​ដល់​ជនជាតិ​ចិន ជា​ពួក​ម៉ាហ្វីយ៉ា​មួយ​ចំនួន បន្លំ​ខ្លួន​ចូល​មក​ប្រព្រឹត្ត​បទល្មើស បង្ក​អសន្តិសុខ និង​ចាប់​ជំរឹត​អ្នក​វិនិយោគ ។ ជនបរទេស​មួយ​ចំនួន គេចវេះ​មិន​ព្រម​បំពេញបែបបទ​តាម​នីតិវិធី ខ្លះ​បើកបរ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ខ្លះ​ផឹកស៊ី​ឡូឡា និង​វាយតប់​គ្នា​តាម​ទី​សាធារណៈ ។ ចំណែក​ស្លាក​យីហោ​ហាង សណ្ឋាគារ កាស៊ីណូ និង​ការដ្ឋាន​ខ្លះ​សរសេរ​អក្សរ​បរទេស​សុទ្ធ ឬ​សរសេរ​អក្សរ​ខ្មែរ​តូច​ជាង​អក្សរ​បរទេស​ជាដើម ។

កិច្ចប្រជុំ​អន្តរក្រសួង​នេះបាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ស ខេ​ង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ស្នើ​សុំ​គោលការណ៍​ពី​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លង​ទៅ ក្រោយ​ពី​ទទួល​បាន​សេចក្ដីរាយការណ៍​ អំពី​ប្រតិកម្ម និង​សំណូមពរ​ផ្សេង​ៗ ​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​ពី​កំណើន​ជនជាតិ​ចិន ដែល​កំពុង​ស្នាក់​នៅ និង​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​លោក​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ កិច្ចប្រជុំ​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​នានា​ របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ ដើម្បី​រក្សា​បាន​រឹង​មាំ​នូវ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ស​ម្តៅ​ធានា​ដល់​និរន្ដ​ភាព នៃ​ការ​អភិវឌ្ឍន៍​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៨ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដ៏​កម្រ​មួយ ដើម្បី​បញ្ជាក់​អំពី​ស្ថានភាព​នៃ​ការ​កើនឡើង​វិនិយោគិន និង​វត្តមាន​របស់​ប្រជាជន​ចិន នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​មានការ​រិះគន់ ។ នៅ​ក្នុង​សន្និសីទកាសែត​ដ៏​កម្រ​នេះ លោក​ឯកអគ្គរដ្ឋទូត ប្រឆាំង​ជា​ដាច់ខាត ចំពោះ​ជនជាតិ​ចិន​មួយ​ចំនួន​តូច​នៅ​កម្ពុជា ដែល​បាន​ប្រ​ពឹ​ត្តិ​អំពើ​ល្មើសច្បាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់​ប្រជាជន​ចិន​ទាំងមូល ។

ប្រឈម​នឹង​បញ្ហា​នេះ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឲ្យ​ស្ថាប័ន​អនុវត្តន៍​ច្បាប់​នៅ​កម្ពុជា​ចាត់វិធានការ​តឹង​រឹង​ចំពោះ​ប្រជាជន​ចិន ដែល​ប្រព្រឹត្តិ​បទល្មើស​ទាំងនោះ ។ និង​អំពាវនាវ​ឲ្យ​ប្រជាជន​ចិន​ទាំងឡាយ​ដែល​មក​កម្ពុជា រក្សា​ភាព​ត្រឹមត្រូវ ស្អាតបាត និង​ជៀសវាង​ពី​ល្បែងស៊ីសង ។

លោក ស្យុ​ង បូ Xiong Bo ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា ប្រជាជន​ចិន​ដែល​មក​កម្ពុជា​ច្រើន​ជាងគេ គឺជា​ភ្ញៀវ​ទេសចរ ។ កាលពី​ឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ជា ១​លាន​២​សែន​នាក់ បាន​មក​ទស្សនា​នៅ​កម្ពុជា ហើយ​ចំនួន​នេះ រំពឹង​ថា នឹង​កើនឡើង​ដល់​២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។

តំណាង​ឲ្យ​រាជរដ្ឋាភិបាល​ចិន លោក ស្យុ​ង បូ កត់​សម្គាល់ថា វត្តមាន​របស់​ប្រជាជន​ចិន និង​វិនិយោគិន​ចិន​នៅ​កម្ពុជា គឺ​ដើម្បី​ជួយ​ជម្រុញ និង​ចូលរួម​អភិវឌ្ឍន៍​វិស័យ​សង្គមកិច្ច និង​សេដ្ឋកិច្ច​របស់​កម្ពុជា ។

យ៉ាងណា​ក៏​ដោយ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​រូប​នេះ បាន​ទទួលស្គាល់​ថា កំណើន វិនិយោគិន​ចិន និង​ប្រជាជន​ចិន​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ក៏​បាន​បង្ក​ជា​ក្តី​បារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ ។ លោក ថា ពលរដ្ឋ​ចិន​មួយ​ភាគ​ធំ អាច​បំពេញ​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​ប្រពៃណី ទំនៀមទម្លាប់​របស់​កម្ពុជា និង​ប្រាស្រ័យ​ទាក់ទង​ប្រជាជន​ក្នុង​តំបន់​ប្រកបដោយ​សន្តិភាព ។ ប៉ុន្តែ​មាន​ប្រជាជន​ចិន​មួយ​ចំនួន​តូច បាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ ដោយ​អ្នកខ្លះ​លេងល្បែង​ខុសច្បាប់ ចាប់ជម្រិត​ទារប្រាក់​តាម​ទូរគមនាគមន៍ ខ្លះ​ទៀត​ផឹកស្រា​បង្កជម្លោះ រំខាន​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ហើយ​ខ្លះ​ទៀត​មើល​រំលង​ច្បាប់​វិន័យ​ចរាចរណ៍ ។

ប្រឈម​នឹង​បញ្ហា​ទាំង​អស់នេះ ឯកអគ្គរដ្ឋទូត​ចិន​នៅ​កម្ពុជា​រូប​នេះ ក៏​បាន​សំណូមពរ​ឲ្យ​ស្ថាប័ន​អនុវត្តន៍​ច្បាប់​របស់​កម្ពុជា មាន​ចំណាត់ការ​តឹង​រឹង​បំផុត ចំពោះ​ជនជាតិ​ចិន​ណា​ដែល​ប្រព្រឹត្តិ​បទល្មើស​នៅ​កម្ពុជា ។ និង​ស្នើ​កុំ​ឲ្យ​ភាគី​កម្ពុជា បន្ធូរបន្ថយ​ដល់​ជនសង្ស័យ​ណាមួយ តាម​រយៈ​ការ​យោគយល់​នៃ​ទំនាក់ទំនង​ល្អ​រវាង​ចិន​-​កម្ពុជា​៕