លោក Claude Azema ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ (FIPJP) កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ បាន​សរសេរ​លិខិត​មួយ​ទៅ​កាន់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ទាក់ទង​នឹង​ការ​ពិន័យ​លោក មាស សា​រិ​ន ពី​សកម្មភាព​កីឡា​ប៉េតង់​អស់​មួយ​ជីវិត​។ តែ​អតីត​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា លោក​បាន​លាឈប់​ពី​សហព័ន្ធ​ដោយ​ខ្លួនឯង មិនមែន​ដោយសារ​ការ​ពិន័យ​ណាមួយ​ឡើយ​។

នា​អំឡុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិ​នៅ​ក្រុង Kaihua ខេត្ត​ស៊ី​ជាំ​ង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ (FIPJP) បាន​សម្រេច​ពិន័យ​ថ្នាក់ដឹកនាំ​កីឡា​ប៉េតង់​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​ពី​សកម្មភាព​កីឡា​ប៉េតង់​អស់​មួយ​ជីវិត ដែល​ក្នុង​នោះ មាន​លោក មាស សា​រិ​ន ផង​ដែរ​។

តាម​រយៈ​លិខិត​ជា​ភាសា​បារាំង​ចុះ​កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ដែល​សារព័ត៌មាន​ថ្មី​ៗ ទើប​ទទួល​បាន​នោះ លោក Claude Azema ប្រធាន FIPJP បាន​ចោទ​លោក មាស សា​រិ​ន ថា បាន​យក​សកម្មភាព​កីឡា​ប៉េតង់​ទៅ​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន ជា​ប្រយោជន៍​រួម នា​រយៈពេល​៣​ឆ្នាំ​កន្លង​មក​។

លោក Claude Azema បាន​អះអាង​ថា ការ​ធ្វើ​ការងារ​ដាច់​ដោយឡែក​ពី​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មិនមែន​ជា​របៀប​ធ្វើការ​ដ៏​ត្រឹមត្រូវ​នោះ​ឡើយ​។ មេដឹកនាំ​កីឡា​ជនជាតិ​បារាំង​រូប​នេះ បាន​បញ្ជាក់​ថា លោក​ធ្លាប់​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ប្រាប់​ទៅ​សម្តេច សុខ អាន អតីត​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ផង​ដែរ នា​ជំនួប​នៅ​ទី​ក្រុងប៉ារីស​។

ជាមួយ​គ្នា​នេះ លោក Azema បាន​លើក​ឡើង​ពី​ការ​ពិន័យ​ស្រ​ដៀង​គ្នា​លើ​ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​ឡាវ លោក Khamla Vinlaythong កន្លង​មក ដែល​ធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនី​ឡាវ បាត់បង់​ឱកាស​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ដែល​រៀបចំ​ដោយ FIPJP និង​សហព័ន្ធ​កីឡា​ប៊ូល​អាស៊ី (ABSC)​។ លោក Azema បាន​ព្រមាន​ថា កម្ពុជា​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដូច​គ្នា បើ​លោក មាស សា​រិ​ន នៅ​តែ​បន្តការងារ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ប៉េតង់​។

លោក មាស សា​រិ​ន បាន​ប្រតិកម្ម​តប​វិញ​ថា​៖ «​ប៉េតង់​កម្ពុជា ខ្ញុំ​ជា​អ្នក​បង្កើត ហើយ​ពេល​នេះ មាន​អ្នកចេះ​ធ្វើ​បន្ត​ហើយ ទើប​ខ្ញុំ​សម្រេចចិត្ត​លាឈប់ គ្មាន​អ្នក​ណា​មក​បញ្ឈប់​ខ្ញុំ​ឡើយ​»​។ ទាក់ទង​នឹង​ការ​ចោទប្រកាន់​របស់​លោក Azema អតីត​អគ្គលេខាធិការ​ប៉េតង់​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មី​ៗ​ថា​៖ «​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ឡើយ លោក​បារាំង​នោះ​ទេ ដែល​ងប់​ង​ល់​នឹង​តំណែង ហើយ​កាន់កាប់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។ ជា​ពិសេស​គាត់​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​ថៃ​» ។

មុន​នឹង​ចុច​បិទ​ទូរ​សព្ទ លោក មាស សា​រិ​ន បាន​បញ្ជាក់​បន្ថែម​ថា ការ​សម្រេចចិត្ត​លា​ចេញពី​កីឡា​ប៉េតង់ ដោយសារ​តែ​លោក​ត្រូវ​បាន​គេ​តម្រូវ​មក​ធ្វើ​ជា​សមាជិក​ធម្មតា​នៅ​ក្នុង​សហព័ន្ធ​ដែល​លោក​បាន​បង្កើត​។

នា​ស​ន្និ​បាទ​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធាន​សហ​ព៏​ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ជំនួស​សម្តេច សុខ អាន ដែល​បាន​ទទួលមរណភាព រីឯ​លោក ព្រហ្ម ឌិន ជាប់​ជា​អនុប្រធាន​ទី​១ លោក សោម ចិន លោក ម៉ៅ ប៊ុ​ន​ណា​រិ​ន លោក អ៊ុ​ក សិទ្ធិ​ជាតិ និង​លោក ស៊ុម សុ​ជាតិ ជា​អនុប្រធាន​។ ជាមួយ​គ្នា​នេះ លោក អ៊ិ​ន គឹ​ម​ស្រ៊ុ​ន ក្លាយជា​អគ្គលេខាធិការ ហើយ​លោក មាស សា​រិ​ន ស្ថិត​ក្នុង​ចំណោម​សមាជិក​ប្រតិបត្តិ​។

កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ (FIPJP) បាន​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​នៅ​រាជធានី​ភ្នំពេញ ហើយ​នា​ឱកាស​នោះ លោក Claude Azema បាន​អះអាង​ថា ការ​ដាក់​ពិន័យ​លោក មាស សា​រិ​ន មិនមែន​ជា​វិធានការ​ប្រឆាំង​កីឡា​កម្ពុជា​ទាំងមូល​នោះ​ឡើយ​។

ជាមួយ​គ្នា​នេះ លោក Victor Nataf ប្រធាន​វិទ្យាស្ថាន​ជាតិ​កីឡា​របស់​បារាំង បាន​ចូល​ជួប​សម្តេច ស ខេ​ង ដើម្បី​លើក​ឡើង​ពី​ផែនការ​រួម​គ្នា​ក្នុង​ការ​ពង្រឹង​កីឡា​ប៉េតង់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​ក្នុង​ក្រប​ខណ្ឌ​អាស៊ី និង​ពិភពលោក​៕

ប្រភព Thmey Thmey

Comments

comments