លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ស្នើ​សហរដ្ឋអាមេរិក ដក​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ត្រី​ការទូត ដោយ​សំអាង​ថា កម្ពុជា បាន​ឯកភាព​បន្ត​ការ​ធ្វើ​មាតុភូមិ​ន្ទ​និវត្តន៍​ពលរដ្ឋ​ខ្លួន ដែល​បាន​ប្រព្រឹត្ត​បទល្មើស មក​កម្ពុជា​វិញ​តាម កិច្ចព្រមព្រៀង​កន្លង​ទៅ ។

សំណើ​របស់​លោក ស ខេ​ង ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ ឧបការី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក លោក ដា​ញ៉ែ​ល រ៉ូ​សែ​ល (Daniel R.Russel) នៅ​ទីស្តីការក្រសួង​មហាផ្ទៃ​របស់​ប្រទេស​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ។

នៅ​អំឡុង​ចុងឆ្នាំ​២០១៧ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ចំពោះ​សហរដ្ឋអាមេរិក ដែល​មាន​គម្រោង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ទឹកដី​សហរដ្ឋអាមេរិក​មក​កម្ពុជា​វិញ ថា​ជា​អំពើ​អមនុស្ស​ធ៌​ម និង​បាន​ស្នើ​ដល់​អា​មេ​រិ​ក​ផ្អាក​ការ​បញ្ជូន និង​ពិចារណា​ពី​មនុស្សធម៌ ក្នុង​នាម មហាអំណាច​ប្រកាន់​ប្រជាធិបតេយ្យ ។

ទំនងជា​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន និង​ការណ៍​ដែល​រដ្ឋាភិបាល​ខ្មែរ​ធ្វើទុក្ខបុកម្នេញ​គណបក្សប្រឆាំង ការ​ចាប់​លោក កឹ​ម សុខា ក៍​ដូច​ជា​ការ​យាយី​ឈាន​ដល់​ការ​បិទ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន សហរដ្ឋអាមេរិក បាន​ប្រកាស​បិទ​ទិដ្ឋាការ​មន្ត្រី​នៅ​ក្រសួងការបរទេស​កម្ពុជា ចាប់ពី​អគ្គនាយកដ្ឋាន​ឡើង​ទៅ មិន​ឲ្យ​ចូល​ទឹកដី​អា​មេ​រិ​ក ចាប់ពី​ខែកញ្ញា​ឆ្នាំ​២០១៧​កន្លង​ទៅ ។

បើ​តាម​គេហទំព័រ​នគរបាល​ជាតិ ក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង បាន​ស្នើ​ទៅ​ឲ្យ​អា​មេ​រិ​ក ពិចារណា ដក​បម្រាម​ចំពោះ​មន្ត្រី​ការទូត​កម្ពុជា នៃ​ការ​ចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 នេះ​វិញ ។

ក្រសួងមហាផ្ទៃ សំអាង​ថា កម្ពុជា​បាន​ឯកភាព​បន្ត​ការ​ធ្វើ​មាតុភូមិនិវត្តន៍ ពលរដ្ឋ​កម្ពុជា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​សហរដ្ឋអាមេរិក​មក​កម្ពុជា​វិញ​តាម​ការ​ស្នើ​របស់​អា​មេ​រិ​កដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​កាលពី​ឆ្នាំ​២០០២ និង​ឆ្នាំ​២០០៣​កន្លង​មក​។

ទោះជា​យ៉ាងណា នគរបាល​ជាតិ​ថា ការ​ស្នើ​របស់​ភាគី​កម្ពុជា​នេះ លោក Daniel R.Russel) មិន​ទាន់​ឆ្លើយ​តប​បែប​ណា​នោះ​នៅឡើយ​ទេ ដោយ​ថា បញ្ហា​នេះ​ទុក​លទ្ធភាព​ឲ្យ​ក្រុមការងារ​ភាគី​ទាំង​ពីរ ពិនិត្យ​ពិភាក្សា​គ្នា​បន្ថែម​ទៀត ដើម្បី​ស្វែងរក​ចំណុចរួម​នឹង​ភាព​មិន​ចុះសម្រុង​គ្នា និង​បញ្ហា​ផ្សេង​ៗ ជុំវិញ​ការ​បញ្ជូន​ត្រឡប់​ពលរដ្ឋ​កម្ពុជា ដែល​មានទោស​នៅ​អា​មេ​រិ​ក​នោះ ៕

Comments

comments