ទឹកប្រាក់ភ្ញៀវថ្នាក់វីអាយភីដែលបានលេងភ្នាល់នៅកាស៊ីណូ NagaWorld ក្នុងទីក្រុងភ្នំពេញកាលពីឆ្នាំ ២០១៧ មានចំនួនលើសពីផលិតផលក្នុងស្រុកសរុបឆ្នាំ ២០១៦ របស់ប្រទេសកម្ពុជា ខណៈកាស៊ីណូផ្ដាច់មុខរបស់ទីក្រុងភ្នំពេញមួយនេះបានបង្ហាញពីកំណើនប្រាក់ចំណេញ និងប្រាក់ចំណូលខ្ពស់ ដោយសារកំណើនដ៏រឹងមាំក្នុងការលេងល្បែងតម្លៃខ្ពស់។
NagaCorp ជាក្រុមហ៊ុនមេរបស់ NagaWorld ដែលត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនហុងកុង និងបានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន ដោយបង្ហាញកំណើន ៨៥ ភាគរយជាប្រាក់ចំណូលដុលពីការលេងល្បែង Gross Gaming Revenue (GGR) ដល់ ៩២៦ លានដុល្លារ និងកំណើនប្រាក់ចំណេញ ៣៩ ភាគរយដល់ ២៥៥,២ លានដុល្លារ។
កាស៊ីណូនេះបានមើលឃើញកំណើនដ៏រឹងមាំនៅក្នុងប្រតិបត្តិការថ្នាក់វីអាយភីរបស់ខ្លួនដែល «ការភ្នាល់» កើនឡើង ១៤២ ភាគរយដល់ ២១,១ ពាន់លានដុល្លារ។ ចំនួននោះលើសទំហំ GDP កម្ពុជាកាលពីឆ្នាំ ២០១៦ ដែលមាន ២០,០២ ពាន់លានដុល្លារ តាមការកត់ត្រារបស់ធនាគារពិភពលោក។
ក្រុមហ៊ុន NagaCorp បានរាយការណ៍ពីការបង់ពន្ធលើប្រាក់ចំណូល ៨,១២ លានដុល្លារកាលពីឆ្នាំ ២០១៧ ដែលមានអត្រា ០,៨៧ ភាគរយផ្អែកលើ GGR របស់ក្រុមហ៊ុននេះ។
កម្ពុជាមានអត្រាពន្ធទាបបំផុតនៅក្នុងពិភពកាស៊ីណូ។
របាយការណ៍ឆ្នាំ ២០១៥ បានពីក្រុមហ៊ុនសវនកម្ម PricewaterhouseCoopers បានកត់សម្គាល់ថា កាស៊ីណូ ម៉ាកាវ មានអត្រាពន្ធ ៣៥ ភាគរយលើ GGR ខណៈប្រទេសអូស្ដ្រាលីមានអត្រាពន្ធចន្លោះពី ១០ ទៅ ៤៥ ភាគរយ ហើយប្រទេសសិង្ហបុរីមានអត្រាពន្ធចន្លោះពី ៥ ទៅ ១៥ ភាគរយ។
លោក រស់ ភីរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បាននិយាយពីម្សិលមិញថា វាមានការពិបាកក្នុងការពន្យល់ពីចំនួនប៉ុន្មានដែលក្រសួងយកពន្ធលើ NagaWorld។ លោកថ្លែងថា៖ «មានលក្ខណៈវិនិច្ឆ័យច្រើននៅក្នុងកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះជាលាយលក្ខណ៍អក្សរជាសៀវភៅដ៏ក្រាស់ ដូច្នេះវាមិនងាយស្រួលក្នុងការពន្យល់តាមទូរស័ព្ទនោះទេ»។
កាលពីឆ្នាំ ២០១៦ ក្រុមហ៊ុន NagaCorp បានទូទាត់ការបង់ពន្ធបន្ថែមជាង ១៦ លានដុល្លារដល់ក្រសួង បន្ទាប់ពីរដ្ឋាភិបាលធ្វើសវនកម្មហិរញ្ញវត្ថុឆ្នាំ ២០១៥ របស់ខ្លួនដែលបានរកឃើញ «ភាពមិនស្របគ្នា»។
ពន្ធលើប្រាក់ចំណូល ៨,១២ លានដុល្លារកាលពីឆ្នាំមុនរួមមានការទូទាត់ ២ ដែលបានធ្វើឡើងនៅខែនីមួយៗឲ្យទៅក្រសួងសេដ្ឋកិច្ច ដែលមួយខែត្រូវបង់ ៦៧៦ ៧០០ ដុល្លារ។ ព
ន្ធលើប្រាក់ចំណូលនេះ មានតិចជាងប្រាក់លើកទឹកចិត្តរបស់លោក Lip Keong អគ្គនាយកក្រុមហ៊ុន NagaCorp ដែលមានរហូតដល់ ១១,៧ លានដុល្លារ។ នេះបើផ្អែកតាមរបាយការណ៍ បើទោះបីរបាយការណ៍បញ្ជាក់ថា ប្រាក់លើកទឹកចិត្តរបស់មេដឹកនាំកាស៊ីណូមួយនេះនៅឆ្នាំ ២០១៧ ត្រូវបានពន្យារពេលក៏ដោយ។
ប្រតិបត្តិការបស់ក្រុមហ៊ុន NagaCorp ត្រូវបានជំរុញដោយកំណើនរបស់ប្រទេសកម្ពុជាដោយសារការមកដល់របស់ជនជាតិចិនបានកើនឡើងជាង ៤០ ភាគរយពីឆ្នាំ ២០១៧ ដល់ ១,២ លាននាក់។
ប្រាក់ចំណូលបានពីការលេងល្បែងថ្នាក់វីអាយភីបាននាំមុខកំណើន GGR និងមានចំនួនសរុប ៦២៥,៣ លានដុល្លារ កើនឡើងជាង ២ ដងនៃប្រាក់ចំណូលដែលទទួលបានពីទីផ្សារលេងល្បែងទីផ្សារទូទៅ ដែលបានកើនឡើងដល់ ៣០០,៦ លានដុល្លារ។ ប៉ុន្តែប្រាក់ចំណេញដុលបានពីផ្នែកវីអាយភីមាន ១៥៣,៩ លានដុល្លារ ប្រហែលពាក់កណ្ដាលនៃប្រាក់ចំណេញបានមកពីការលេងល្បែងទីផ្សារទូទៅដែលមាន ២៩៤,៣ លានដុល្លារ។
NagaWorld បានចាប់ផ្ដើមដំណើរការ Naga2 សាកល្បងកាលពីខែវិច្ឆិកា ដែលជាបរិវេណលេងល្បែងដ៏សំខាន់ និងកន្លែងកម្សាន្តផ្សេងទៀត ដែលនឹងអាចឲ្យក្រុមហ៊ុននេះពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា និងការទទួលភ្ញៀវទេសចរបន្ថែមទៀតនៅឆ្នាំខាងមុខ៕
ប្រភព P Post