ប្រទេស​ថៃ ៖ ស្ត្រី​ខ្មែរ​ម្នាក់​ដែល​មាន​វ័យ​ជាង​៤០​ឆ្នាំ និង​ជា​ពលករ​បម្រើ​ការងារ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ដែល​ស្ត្រី​រូប​នេះ​បាន​ឡើង​ទៅ​លើ​អគារ​ជាន់​ទី​៤ ដែល​គេ​កំពុង​កសាង​ដើម្បី​ធ្វើការ​សម្អាត ហើយ​ក៏​បាន​ភ្លាត់ជើង​ធ្លាក់​មក​ដី​តែ​ម្តង នេះ​បើ​តាម​វេ​ប​សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ​២០១៨ ក្នុង​តំបន់​រ៉ា​ម​ខាំ​ហែង ដែល​ជា​កន្លែង​កំពុង​សាងសង់​អគារ​កំពស់​៧​ជាន់ ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​លេខ​២៤​និង​២៨ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល ដោយ​មាន​សម្លេង​ស្រែក​ទ្រ​ហ៊ោ​រយំ​ឡើង​កងរំពង​ថែម​ទៀត​ផង ពី​សំណាក់​កូន​ៗ របស់​ស្ត្រី​រង​គ្រោះ ។

យោង​តាម​របាយការណ៍​ពី​ភាគី​ថៃ ដែល​ហើយ​ទទួល​បាន​គឺ នៅ​មុន​ពេល​កើតហេតុ​ គឺ​មាន​ស្ត្រី​ម្នាក់​ជា​ពលករ​ខ្មែរ​ឈ្មោះ ឆោ​ន ប៉ោ​ច អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ខ្ចឹ​ង ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ឡើង​ទៅ​លើ​អគារ​ជាន់​ទី​៤ ដើម្បី​ធ្វើការ​សម្អាត​ដោយសារ​តែ​អគារ​នេះ​កំពុង​សាងសង់ ស្រាប់តែ ទំនងជា​ស្ត្រី​រូប​នេះ​មានការ​រអិល​ភ្លាត់ជើង ទើប​ធ្វើ​អោយ​ខ្លួន​របស់​គាត់​ធ្លាក់​មក​ដី​តែ​ម្តង ហើយ​បាន​ប៉ះទង្គិច​ជាមួយនឹង​គ្រោង​ដែក​ ដែល​នៅ​ខាងក្រោម​បន្ថែម​ទៀត​ បណ្តាល​អោយ​បែកក្បាល ឈាម​ហូរ​ជោក​ប្រាណ​ទើប​មានការ​ភ្ញាក់ផ្អើល ដោយ​ពលករ​ដែល​នៅ​ទីនោះ​ បាន​នាំ​គ្នា​សែង​យក​មក​ដាក់​នៅ​លើ​គ្រែ ​ដើម្បី​អោយ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ ក្រោម​សម្រែក​ទ្រ​ហ៊ោ​រយំ​យ៉ាង​សោក​ស​ង្រែ​ងជាទី​បំផុត​ ​ពី​សំណាក់​កូន​ៗ​ ។

ទោះជាយ៉ាងណា នៅ​ក្នុង​ឱកាស​នោះ​ដែរ​គេ​សង្កេត​ឃើញ​ថា​ មន្ត្រី​នៅ​ក្នុង​ស្ថានទូត​កម្ពុជា ដែល​ប្រចាំ​នៅ​ក្នុង​ប្រទេស​ថៃ បាន​អញ្ជើញ​ចុះ​ទៅ​ចូល​ជា​ថវិកា​មួយ​ចំនួន​ដល់​ក្រុម​គ្រួសារ​សព និង​បាន​រៀបចំ​ជួយ​សម្រួល​ដើម្បី​អោយ​កូន​ៗ​ បាន​នាំ​សព​យក​ទៅ​កាន់​ស្រុក​កំណើត​វិញ​ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​ខ្មែរ ៕

Comments

comments