ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ចេញ​មក​អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ប្រាប់​សារព័ត៌មាន​ហ្វ្រេ​ស​ញូ​វ​ថា មន្ត្រី​ជំនាញ​របស់​លោក មិន​ល្ងង់​កាត់​ទូ​កុងតឺន័រ​នោះ​ទេ ពោល​គ្រាន់តែ​វាស់វែង និង​គូស ដើម្បី​កត់​សម្គាល់ថា ពី​ការ​លើស​របស់​ទូ​កុងតឺន័រ​តែ​ប៉ុណ្ណោះ ។

លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា ទូ​កុងតឺន័រ​មិន​លើស​នោះ​ទេ អ្វី​ដែល​លើស​គឺ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ចំនួន បាន​យក​រថយន្ត​ក្បាល​វែង​យក​មក​អូស ឬ​ដឹក​ទូ​កុងតឺន័រ​ទាំងនេះ ទើប​ធ្វើ​ឲ្យ​មានការ​លើស​ប្រវែង ដែល​ខុស​នឹង​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា តែបើ​ប្រើ​ក្បាល​ដឹក និង​អូស​ខ្លី​មិន​មាន​បញ្ហា​ចោទ​នោះ​ឡើយ ។

ការ​ចេញ​មក​ពន្យល់​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ប្រតិកម្ម​ពី​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ចំនួន បាន​កាត់​ទូ​កុង​តឹ​ន័​រ រហូត​ដល់​មាន​ប្រើ​ទស្សនៈ​មួយ​ថា «​កុំ​ដុត​អោយ​ខ្លោច កុំ​រោល​អោយ​ឆៅ​» ទៅ​វិញ ។ លោក ស៊ុន ចាន់​ថុ​ល បន្ត​ថា មន្ត្រី​របស់​ក្រសួង​មិន​ល្ងង់​ដល់​ថ្នាក់​កាត់​ទូ​កុងតឺន័រ​នោះ​ទេ បើ​កាត់​ទូ​កុងតឺន័រ​មិន​មាន​អ្វី​ធ្វើ​គន្លឹះ​ទាក់​ជាមួយ​តួ​រថយន្ត​សណ្តោង​នោះ​ឡើយ ។

លោក ស៊ុន ចាន់​ថុ​ល បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​មិន​កាត់​កុងតឺន័រ​ទេ យើង​បាន​វាស់​ពី​ក្បាល​ខាង​មុខ ទៅ​ខាងក្រោយ ហើយ​ក៏​គូស​គំនូស​បញ្ជាក់​ថា កុងតឺន័រ​ហ្នឹង​ទាំង​ក្បាល​ទាំង​អី​ទៅ​វា​លើស​១៦​ម៉ែត្រ​» ។ ក្នុង​ច្បាប់​យើង​ឲ្យ​១៦​ម៉ែត្រ ហើយ​ខ្នាត​អន្តរជាតិ ប្រទេស​ណា ដែល​មាន​ផ្លូវ​ពីរ​គន្លង គឺ​គេ​ឲ្យ ១៦​ម៉ែត្រ​កន្លះ កុងតឺន័រ​៤៥​នេះ បាន​ដែរ​ប្រ​សិន​ណា​យើង​យក​ក្បាល​ខ្លី ដឹក​បាន​វាស់​ទៅ វា​ជិត​១៦​ម៉ែត្រ ឬ​លើស​បន្តិចបន្តួច​ក៏​យើង​អនុញ្ញាត​ដែរ ។ ប៉ុន្តែ​ផ្នែក​ឯកជន​មួយ​ចំនួន​នៅ​តែ​មានៈ គាត់​យក​ក្បាល​វែង​របស់​អា​មេ​រិ​កមក​អូស មក​ដឹក​ដល់​ដឹក​ទៅ​វា​លើស​ដល់​១៨​ម៉ែត្រ ខុស​ខ្នាត​អន្តរជាតិ​ចំពោះ​ផ្លូវ​ពីរ​គន្លង​ផង ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ផង និង​ខុសច្បាប់​ចរាចរណ៍​ផង​» ។

មន្ត្រី​ពាក់ព័ន្ធ​ទូ​ទាំង​រាជធានី ខេត្ត​កំពុងធ្វើការ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស បន្ទាប់​ពី​ការ​ដាក់​ចេញ​បទបញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាប់ពី​ម៉ោង​០០​យប់ ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ចំពោះ​រថយន្ត​ត​ទ្រុង (​កាត់ត​កែ​ច្នៃ​) ទាំងអស់ បើ​ឃើញ​មាន​បើកបរ​នៅ​ខេត្ត​ណា ឬ​ស្រុក​ណា គឺ​ត្រូវ​ចាប់​ទុក​ទាំងអស់ ។ ទាំង​រដ្ឋមន្ត្រី ទាំង​ចៅហ្វាយខេត្ត ទាំង​ចៅហ្វាយស្រុក គឺ​ត្រូវ​ទទួលខុសត្រូវ បើ​មិន​ចាត់វិធានការ​ទេ គឺ​ប្រឈម​នឹង​ការ​ដក​តួនាទី​មុខ​តំណែង ។ ព្រោះ​ឡាន​កែ​ច្នៃ​កាត់ត​ទ្រុង​ទាំងនេះ គឺ​អាច​បង្ក​ការ​ខូចខាត​ផ្លូវថ្នល់ និង​បង្ក​ការ​គ្រោះថ្នាក់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។ «​ជនរួមជាតិ​អាច​ចូល​មក​ផ្ញើ​សារ (Comment) ចូល​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយក​រដ្ឋមន្ត្រី ។ ពេល​នេះ​លោក​នឹង​ចាត់វិធានការ​ដោយ​ខ្លួនឯង បើ​មន្ត្រី​ពាក់​ព័​ន្ឋ​ទាំងនោះ​មិន​អនុវត្តន៍​» ៕