ភ្នំពេញ ៖ បុរស​ម្នាក់ ក្នុង​ចំណោម​២​នាក់ ទំនង​ផឹក​ស្រវឹង បាន​ជិះ​ម៉ូតូ​បញ្ច្រាសទិស នៅ​ផ្លូវ​ម្តុំ​រង្វង់​មូល​វិមាន​ឯករាជ្យ ចំណុច​មុខ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ តែ​បែរជា​បុរស​ហានក្លា ស្រែក​ឡូឡា​អុកឡុក​រហូត​ហ៊ាន​បបួល​សមត្ថកិច្ច​ណា​ក៏​បាន វាយ​គ្នា​មួយ​ស្មើ ភ្លាម​ៗ​ត្រូវ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ចុះ​ទៅ​វាយ​ខ្នោះ​យក​ទៅ​ដេក​ខណ្ឌ​ឲ្យ​មូស​ខាំ​អស់​មួយ​យប់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងែ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​ជិះ​បញ្ច្រាស់​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ នៅ​តែ​បន្ត​កើត​មាន​បើ​ទោះបីជា​សមត្ថកិច្ច និង​អាជ្ញាធរ​ដាក់​កម្លាំង​ប្រចាំការ​ស្ទាក់​ចាប់​ជា​រៀង​រាល់​យប់​ថ្ងៃ​ក្តី ជាក់ស្តែង​នៅ​យប់មិញ ថ្ងៃ​ទី​១៣ កុម្ភៈ សមត្ថកិច្ច​អនុវត្តន៍​ច្បាប់ និង​អាជ្ញាធរ​បាន​ឃាត់​បាន យានយន្ត​ចំនួន​១៩​គ្រឿង មាន​ម៉ូតូ​ចំនួន​១៧​គ្រឿង រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចំនួន​០១​គ្រឿង និង​រថយន្ត​០១​គ្រឿង បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ផង​ដែរ ។

សមត្ថកិច្ច អោយ​ដឹង​ទៀត​ថា អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ថែម​ទៀត​នោះ ពេល​ឃាត់​ម៉ូតូ​ជិះ​បញ្ច្រាស​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ ស្រាប់តែ​មាន​អ្នក​បើក​ម៉ូតូ​ស្រវឹង​ម្នាក់ បាន​រារាំង​ការ​អនុវត្តន៍​ច្បាប់​របស់​សមត្ថកិច្ច និង​បបួល​សមត្ថកិច្ច​វ៉ៃ​គ្នា​មួយ​ស្មើ ថែម​ទាំងដៀលនិងស្តោះទឹកមាត់ទៀត​ផង ដោយ​ថា សមត្ថកិច្ច​ម្នាក់​ណា​ក៏​បាន ក្រុម​អង្គរក្ស​ក៏​បាន ។

ក្រោយ​ទទួល​បាន​បញ្ចា​ពី​ថ្នាក់លើ កម្លាំង​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​ចុះ​មក​វាយ​ខ្នោះ​នាំ​យក​ទាំង​ម៉ូតូ និង​មនុស្ស ទៅ​កាន់​អធិការ​នគរបាល​ខណ្ឌដូនពេញ​ឲ្យ​ដេក​មួយ​យប់ រង​ចាំ​ស្វាង​ស្រា​ចាំ​និយាយ​គ្នា ។

ទោះជា​យ៉ាងណា សមត្ថកិច្ច​នៅ​មិនដឹង​ប្រាប់​ពី​អត្តសញ្ញាណ​ជន​បង្ក​ខាងលើ​នៅឡើយ​ទេ ៕