អតីត​ទីប្រឹក្សា​ព្រះមហាក្សត្រ​ថា ការ​បង្កើត​ច្បាប់​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ ជា​ចេតនា​នយោបាយ​ច្រើន​ជាង​ការពារ​ព្រះមហាក្សត្រ​ពិតប្រាកដ ព្រោះ​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន គឺ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​មាន​ប្រវត្តិ​ប្រមាថ​អតីត​ព្រះមហាក្សត្រ​ខ្លួនឯង​។ អ្នកវិភាគ​នយោបាយ​ថា ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ទាំងឡាយ ក្រោយ​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ខុសច្បាប់​។

អតីត​ទីប្រឹក្សា​ព្រះ​បរម​រតន​កោដ្ឋ គឺ លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ស្វាគមន៍​ចំពោះ​ការ​វិសោធនកម្ម​ច្បាប់ ដើម្បី​ដាក់ទោស​ទណ្ឌ​អ្នក​ដែល​ប្រមាថ​ប្រមុខរដ្ឋ គឺ​ព្រះមហាក្សត្រ​។ ប៉ុន្តែ លោក​មើលឃើញ​ថា ច្បាប់​នេះ គួរ​បង្កើត​យូរណាស់​ហើយ ព្រោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រមាថ​ព្រះ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហ​នុ​។ «»

រដ្ឋសភា​ដែល​គ្រប់គ្រង​ទាំងស្រុង​ដោយ​គណបក្សកាន់អំណាច នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​វិសាមញ្ញ ដើម្បី​អនុម័ត​លើ​សេចក្ដី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ សេចក្ដីព្រាងច្បាប់​បន្ថែម​ទោស​លើ អ្នក​ប្រមាថ​ព្រះមហាក្សត្រ និង​សេចក្ដីព្រាងច្បាប់​មួយ​ចំនួន​ទៀត​។

បន្ទាប់​ពី​បើក​កិច្ចប្រជុំ​រួម រដ្ឋសភា​បាន​អនុម័ត​ទាំងស្រុង នូវ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដែល​បន្ថែម​ទោស​កាន់តែ​ធ្ងន់ សម្រាប់​ជន​ណាមួយ​ដែល​ប្រមាថ​ដល់​ព្រះមហាក្សត្រ​។ សេចក្ដីព្រាងច្បាប់​ស្ដី​ពី​វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្ដី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។ សេចក្ដីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ទាំង​៥​មាត្រា គឺ​មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី និង​សេចក្ដីព្រាងច្បាប់​ស្ដី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​។

សេចក្ដីព្រាងច្បាប់​ចំនួន​២ ដែល​រង​ការ​រិះគន់ គឺ សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ និង សេចក្ដីព្រាងច្បាប់​ព្រហ្មទណ្ឌ ដែល​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​។ សេចក្ដីព្រាងច្បាប់​ទាំង​ពីរ​នេះ រង​ការ​រិះគន់​ថា គណបក្សកាន់អំណាច​បង្កើត​ឡើង​ដើម្បី​ដាក់​គំនាប ដៃគូ​គណបក្ស​នយោបាយ​។

ខ្លឹមសារ​ជា​រួម​នៃ​មាត្រា​ថ្មី ដែល​វិសោធនកម្ម​ដើម្បី​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ចែង​ថា ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​។ ចំពោះ​នីតិបុគ្គល​ក៏​អាច​ត្រូវ​បាន​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ ថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។ អតីត​ទីប្រឹក្សា​ព្រះបាទ នរោត្តម សីហ​នុ លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍​មាន​ប្រសាសន៍​ថា ប្រសិនបើ​ច្បាប់​នេះ អាច​មាន​លទ្ធភាព​ធាក់​ថយក្រោយ​បាន មេដឹកនាំ​បច្ចុប្បន្ន គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​ប្រឈម​នឹង​ទោសទណ្ឌ​នេះ​។

អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ ពន្យល់​ថា រដ្ឋសភា បាន​ក្លាយជា​ស្ថាប័ន​អ​ធម្មនុញ្ញភាព ឬ​ខុសច្បាប់ ចាប់តាំងពី​ក្រោយ​ពេល គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលា​យមក​ម្ល៉េះ​។ ដូច្នេះ លោក​ពន្យល់​ថា ច្បាប់​ទាំងឡាយ​ណា ដែល​អនុម័ត​ដោយ​សមាជិក​រដ្ឋសភា​លើក​បន្តុប មិនមែន​ជា​ច្បាប់ ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទេ​។ «»

អ្នកវិភាគ​នយោបាយ​រូប​នេះ ឆ្ងល់​ថា សមាជិក​រដ្ឋសភា ដែល​លើក​បន្តុប​ដោយ​គណបក្សកាន់អំណាច​ជា​មនុស្ស មាន​មនសិការ ឬ​សតិសម្បជញ្ញៈ​ដែរ​ទេ ព្រោះ​មនុស្ស​ទាំងនោះ មិនមែន​ជា​តំណាងរាស្ត្រ​ទេ តែ​ជា​មនុស្ស​គេ​លើក​បន្តុប ដើម្បី​បម្រើ​ផលប្រយោជន៍​គណបក្សកាន់អំណាច​៕

ប្រភព RFA