ព្រះ​សីហ​នុ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្ក​ឡើង​ដោយ​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​របស់ ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ បាន​បុក​បុរស​ម្នាក់​កំពុង​ដើរ​ឆ្លងកាត់​ផ្លូវស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ រួច​អ្នកបើកបរ​រថយន្ត បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។

ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​នៅ​ព្រឹកព្រលឹមថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០៤-២០៥ ស្ថិត​នៅ​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​មាន​រថយន្តក្រុង​មួយ​គ្រឿង ពណ៌​លឿង​-​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5017 របស់​ក្រុមហ៊ុន វី​រៈ​ប៊ុ​ន​ថាំ អ្នកបើកបរ (​មិន​ស្គាល់​អត្តសញ្ញាណ​) មាន​ទិស​ដៅ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ លុះដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​នឹង​អ្នក​ថ្មើរជើង​ម្នាក់​ឈ្មោះ ហង្ស សា​រឿ​ន ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ដោយ​បន្សល់​ទុក​តែ​រថយន្ដ និង​អ្នក​ធ្វើ​ដំណើរ​ក្នុង​រថយន្ដ​តែ​ប៉ុណ្ណោះ​។ រថយន្ត​បង្ក​ត្រូវ​បាន​នគរបាល​ជំនាញ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​ចាត់ការ​បន្ត ។ ចំណែកឯ​សព​បុរស​ខាងលើ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕