បើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និង​សណ្តាប់ធ្នាប់សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃបានបង្ហាញថា ក្នុងរយៈពេល​៤​ថ្ងៃ​នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-យួន គិត​ចាប់ពី​ថ្ងៃ​ទី​១៥ដល់ថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ៦៦លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៤៤នាក់ និងរបួសធ្ងន់-ស្រាល ៩១នាក់។

យ៉ាងណាក៍ដោយ បើតាមរបាយការណ៍ដដែលបានបង្ហាញថា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា​អំឡុងពេលបុណ្យចូលឆ្នាំចិន-យួនកាលពីឆ្នំា២០១៧ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ៨លើក អ្នករងរបួសបានថយចុះ ២៩នាក់ ផងដែរ តែអ្នកស្លាប់បានកើនឡើង ៩នាក់។

របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និង​សណ្តាប់ធ្នាប់សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃបានបញ្ជាក់ដែរថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺ​ដោយ​សារការបើកបរល្មើសល្បឿន ៣៣លើក ស្រវឹង ៨លើក ប្រជែង ៨លើក មិនប្រកាន់ស្តាំ ៤លើក…ហើយ​ ខេត្តដែលកើតមានគ្រោះថ្នាក់ច្រើនជាងគេ គឺខេត្តកំពង់ឆ្នាំង បានកើតគ្រោះថ្នាក់ចរាចរណ៍ ៩លើក បន្ទាប់មក​ខេត្ត​កណ្តាល កើតឡើងចំនួន ៥លើក៕