ថ្មី​ៗ​នេះ​មាន​ហេតុការណ៍​គ្រោះថ្នាក់​យន្តហោះ​នៅ​រុ​ស្ស៊ី បាន​សម្លាប់​មនុស្ស​៧១​នាក់ និង​នៅ​អ៊ី​រ៉​ង់​សម្លាប់​មនុស្ស​៦៦​នាក់ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​យន្តហោះ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​នៅ​ពេល​ហោះហើរ ។

ហេតុផល​ទាំងនេះ​ហើយ​ធ្វើ​អោយ​យន្តហោះ​ដឹក​ជញ្ជូន​តម្លៃ​ទាប​របស់​ហូ​ឡង់ ហោះ​ពី​ទីក្រុង​ឌូ​បៃ ទៅ​អាម​ស្ទើ ដាម ប្រទេស​ហូល្ល​ង់ ត្រូវ​បាន​គេ​បង្វែរ​គោលដៅ ហើយ​ត្រូវ​បង្ខំ​ឱ្យ​ចុះ​ចត​ជា​បន្ទាន់​នៅ​ក្រុង​វី​យែ​ន ប្រទេស​អូ​ទ្រី​ស្ត បន្ទាប់​ពី​ការ​ប្រយុទ្ធ​រវាង​អ្នកដំណើរ​បាន​ផ្ទុះ​ឡើង​នៅ​ពាក់កណ្តាល​អាកាស ដោយសារ​តែ​រឿង​អ្នកដំណើរ​ម្នាក់​នៅ​លើ​យន្តហោះ​បញ្ចេញ​ខ្យល់​«​ផោម​»​ជា​បន្តបន្ទាប់​ជះក្លិន​ស្អុយ​ខ្លាំង​ពេញ​ក្នុង​យន្តហោះ ។

សារព័ត៌មាន Daily Mail បាន​ផ្សាយ​ថា អ្នក​បើក​យន្ដហោះ​របស់​ក្រុមហ៊ុន Transavia Airlines បាន​សម្រេចចិត្ត​ឈប់​ធ្វើ​ដំណើរ​ហោះហើរ​បន្ត ក្រោយ​ពី​ជនជាតិ​ហូ​ឡង់​ពីរ​នាក់ បាន​ជំទាស់​ទៅ​នឹង​អ្នក​រួម​ដំណើរ​ម្នាក់ (​សុំ​លាក់​អត្តសញ្ញាណ​) ដែល​អង្គុយ​ក្បែរ​ពួក​គេ នៅ​តែ​បន្ត​ដើរខ្យល់​ឥត​ឈប់ «​ផោម​មធ្យម ងំ​មាន​ក្លិនស្អុយ​ខ្លាំង​» ។

បុរស​ហូ​ឡង់​ទាំង​២​នាក់ បាន​អង្វរ​ឱ្យ​គាត់​ឈប់ ហើយ​ក៏​បាន​ប្រាប់​ទៅ​ក្រុម​អ្នក​បើក​យន្តហោះ​ផង​ដែរ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​អ្នកដំណើរ​ម្នាក់​នោះ នៅ​តែ​បន្ត​ផោម​ទោះបី​មាន​សំណើ​ជា​ច្រើន​ពី​អ្នកដំណើរ និង​នាវិក​ក៏​ដោយ ។

ការ​ប៉ះទង្គិច​គ្នា​មួយ​បាន​កើតឡើង ហើយ​អ្នកដំណើរ​ផ្សេង​ទៀត​បាន​ជួយ​ចាប់​ឃាត់​ជនជាតិ​ហូ​ឡង់​ទាំង​ពីរ​រូប នៅ​ពេល​នោះ​អ្វី​ៗ​ចាប់ផ្តើម​មាន​ភាព​រញ៉េរញ៉ៃ ជា​ហេតុ​ធ្វើ​អោយ​អ្នក​បើក​យន្តហោះ​សម្រេចចិត្ត​ចុះ​ចត​នៅ​ទីក្រុង​វី​យែ​ន ដោយ​រាយការណ៍​ថា “​អ្នកដំណើរ​កំពុង​ស្ថិត​ក្នុង​ភាព​ចលាចល​” ។

ប៉ូលិស​អូ​ទ្រី​ស បាន​ឡើង​លើ​ជិះ​យន្ដហោះ​ជាមួយនឹង​សត្វ​ឆ្កែ ហើយ​បាន​ចាប់​ជនសង្ស័យ​៤​នាក់ ចេញពី​ជើងហោះហើរ ។ ទោះជា​យ៉ាងណា​ក៏​ដោយ គ្មាន​ការ​ចាប់ខ្លួន​ណាមួយ​ឡើយ ព្រោះ​គ្មាន​អ្នកដំណើរ​ណា​ម្នាក់​បាន​រំលោភ​បំពាន​ច្បាប់​ប្រទេស​អូ​ទ្រី​ស​ឡើយ ។

ទន្ទឹម​នឹង​នេះ អ្នកនាំពាក្យ​របស់​ប៉ូ​លី​ស បាន​បញ្ជាក់​ថា ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​ដោយសារ​តែ “​អ្នកដំណើរ​ម្នាក់​ដែល​ទទួល​រង​ការ​ឈឺចាប់​ក្នុង​ពោះ ទើប​ធ្វើ​អោយ​ដើរខ្យល់​មិន​ឈប់ ខណៈ​គាត់​ខំប្រឹង​ទប់​ខ្លួនឯង​ដែរ​” ។​ក្នុង​នោះ​ដែរ ក្រុម​គ្រូពេទ្យ​កំពុង​តែ​ត្រួតពិនិត្យ​សុខភាព​អ្នក​ដើរខ្យល់​ខាងលើ​នេះ ។

ប្រការ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​បាន​កើតឡើង​នៅ​ក្នុង​យន្តហោះ ជា​អាទិ​នៅ​ខែកក្កដា​ឆ្នាំ​២០១៧ ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក អ៊ែ​រឡាញ ត្រូវ​បាន​គេ​ជម្លៀស​អ្នកដំណើរ​នៅ​ឯអាកាស​យានដ្ឋាន​មួយ​នៅ​រដ្ឋ North Carolina បន្ទាប់​ពី​បុរស​ម្នាក់ បាន​និយាយ​ថា គាត់​ចង់​ផោម ពេល​នោះ​បែក​ខ្យល់​បញ្ចេញ​ក្លិន​មិនល្អ ស្អុយ​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​មាន​អ្នក​ក្អួត និង​អ្នក​ឈឺក្បាល ក្នុង​ចំណោម​អ្នកដំណើរ​ជា​ច្រើន​នាក់​នៅ​លើ​យន្តហោះ ៕

Comments

comments