ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ព្រមាន​ពី​ការ​ខាតបង់​ប្រាក់​កាស ប៉ះពាល់​ដល់​សុខភាព និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត ចំពោះ​អ្នក​ប្រើប្រាស់​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស «GOOD MAN» ដែល​បាន​ផ្សព្វផ្សាយ​លក់​អួតអាង​បំផ្លើស​ហួសការ​ពិត ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ព្រោះ​ផលិតផល​នេះ គ្មាន​ចុះបញ្ជី​ការ គ្មាន​ការ​ត្រួតពិនិត្យ និង​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​នោះ​ឡើយ ។

ចំពោះ​ក្រុមហ៊ុន ឬ​ជន​ណា ដែល​នាំ​ចូល និង​ចែកចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស GOOD MAN នេះ ក្រសួង នឹង​មាន​វិធានការ​តឹង​រឹង​តាម​ផ្លូវច្បាប់ ។ ក្រសួងសុខាភិបាល ក៏​ស្នើ​ឲ្យ​ពលរដ្ឋផ្ដល់​ព័ត៌មាន ដល់​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង តាម​រយៈ​ទូរ​សព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩/ ០១៧ ៤៦៦ ៧៦០ ដែរ បើសិន​ឃើញ​ការ​ចែកចាយ​លក់​ឱសថ​ខុសច្បាប់​ខាងលើ​ ។

ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ចុះ​នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ បានអោយ​ដឹង​ថា «​យោង​តាម​ការ​ពិនិត្យ​ឃើញ​លើ​បណ្ដា​សង្គម​ហ្វេ​ស​ប៊ុ​ក រៀងរាល់ថ្ងៃ មាន​ក្រុមហ៊ុន​មួយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល បាន​ផ្សព្វផ្សាយ​អួតអាង និង​បំផ្លើស​ហួស​ពី​ការ​ពិត ថា​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ GOODMAN មួយ​កំប៉ុង​មាន​៦០​គ្រាប់ ផលិត​នៅ​ប្រទេស​អា​មេ​រិ​ក ដែល​ជា​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស គ្មាន​ចុះបញ្ជី​កា គ្មាន​ការ​ត្រួតពិនិត្យ គ្មាន​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល និង​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ ពី​ក្រសួងសុខាភិបាល​ឡើយ​» ។

បុរស​ម្នាក់​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ ដែល​ជា​អ្នកលក់​ឱសថ​បំប៉ន​ផ្លូវភេទ Good Man នេះ ប្រាប់​តាម​ទូរស័ព្ទ​មក​ថា ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​នេះ លោក​ធ្លាប់​បាន​ផ្សព្វផ្សាយ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​ការ​ព្យាបាល​ក្រលៀន​តម្រងនោម ក្រពេញ​ប្រ៉ូ​ស្ដា​ត អ័រម៉ូន ពិសេស​បង្កើន​តណ្ហា​ផ្លូវភេទ បុរស​ឲ្យ​ខ្លាំង ឬ​ឲ្យ​បាន​យូរ ជាដើម ។ ដោយសារ​តែ​លោក​ជា​អ្នក​នាំមក​លក់​នៅ​ទីផ្សារ​កម្ពុជា ហើយ​លោក​ក៏​ធ្លាប់​យក​ទៅ​ចុះបញ្ជី​ដែរ តែ​ក្រសួង​សុខាភិបាល​មិន​ចុះ​អោយ ដោយសារ​វា​ជា​ឱសថ​ប្រភេទ​បំប៉ន​ដែល​នាំ​អោយ​ប៉ះពាល់​សុខភាព ទើប​លោក​​បញ្ឈប់​ការ​​នាំ​ចូល​​មក​​លក់​នៅ​ទីផ្សារ​កម្ពុជា​ទៀត​ដែរ ៕

Comments

comments