ក្រសួងសុខាភិបាល​បាន​ព្រមាន​ចាត់វិធានការ​តាម​ច្បាប់ ចំពោះ​ក្រុមហ៊ុន ឬ​ឱសថស្ថាន​ទាំងឡាយ​ណា​ដែល​នាំ​ចូល និង​ចែកចាយ​នូវ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ «GOOD MAN» ដែល​ក្រសួង​អះអាង​ថា​ពុំ​បាន​ចុះ​បញ្ជិកា និង​ត្រួតពិនិត្យ​គុណភាព​ត្រឹមត្រូវ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។

បើ​យោង​តាម​សេចក្ដីជូនដំណឹង​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​ពិនិត្យ​ឃើញ​មានការ​ផ្សព្វផ្សាយ​នូវ​ផលិតផល​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ «GOOD MAN» តាម​ប្រព័ន្ធ facebook ដែល​នៅ​ក្នុង​នោះ​ក្រសួង​បាន​ស្រាវជ្រាវ​រក​ឃើញ​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ Wining International Trade Co; Ltd ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន​បាន​ផ្សព្វផ្សាយ​នូវ​ផលិតផល​ឱសថ​ខាងលើ​នេះ​ដោយ​អួតអាង​ហួស​ពី​ការ​ពិត​ថា វា​នឹង​ជួយ​បុរស​ដែល​អសមត្ថភាព​ផ្លូវភេទ​មានឱកាស​ផ្ដល់​ភាព​សុខ​ស្រួល​ដល់​ដៃគូ​រួម​ភេទ​របស់​ខ្លួន​បាន​ដោយ​ងាយ​ដោយសារ​ឱសថ​នេះ​មាន​សមត្ថភាព​ខ្ពស់​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ «​ក្រលៀន តម្រងនោម ក្រពេញ​ប្រ៉ូ​ស្តា​ត អ័រម៉ូន ជា​ពិសេស​បង្កើន​តណ្ហា​ផ្លូវ​ភេទបុរស​ឲ្យ​បាន​ខ្លាំង និង​រឹង​បាន​យូរ​» ហើយ​ឱសថ​នេះ​ក្នុង​មួយ​កំប៉ុង​មាន ៦០ គ្រាប់​ផលិត​នៅ​ប្រទេស​អា​មេ​រិ​ក​។

ទន្ទឹម​នឹង​នេះ​ក្រសួង​បាន​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​នូវ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស Good Man របស់​ក្រុមហ៊ុន​ខាងលើ​នេះ ថា​ជា​ការ​ឃោសនា​ភូត​កុហក បោកប្រាស់​លុយកាក់​ពី​ពលរដ្ឋ និង​ក្នុង​ចេតនា​បំផ្លិចបំផ្លាញ​សុខុមាលភាព​ពលរដ្ឋ​ដោយ​ក្រសួង​អះអាង​ថា​៖ «​ឱសថ​សម្រាប់​បំប៉ន​ផ្លូវ​ភេទបុរស​ខាងលើ​នេះ​គ្មាន​ចុះ​បញ្ជិកា គ្មាន​ការ​ត្រួតពិនិត្យ គ្មាន​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល និង​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ​»​។

ជាមួយ​គ្នា​នេះ​ក្រសួងសុខាភិបាល​ក៏​បាន​អំពាវនាវ​ដល់​សាធារណជន ក៏​ដូច​ជា​ក្រុមហ៊ុន​ដែល​បាន​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ និង​ចែកចាយ​ឱសថ​ខាងលើ​នា​ពេល​កន្លង​មកនេះ​ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ជា​បន្ទាន់​។ «​ក្រសួង​នឹង​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​ក្នុង​ករណី​ក្រសួង​ពិនិត្យ​រក​ឃើញ​ថា​ក្រុមហ៊ុន ឱសថស្ថាន និង​ជន​ណាមួយ​នៅ​បន្ត​ការ​ផ្សព្វផ្សាយ​ឃោសនា​ភូត​កុហក បោកប្រាស់​ពលរដ្ឋ និង​កំពុងធ្វើការ​ជួញដូរ និង​ប្រើប្រាស់​នូវ​ឱសថ​ខាងលើ​នេះ​»៕

Comments

comments