​ភ្នំពេញ​ ៖ លោក មាស រិ​ទ្ធី អគ្គនាយករង និង​ជានា​យក​ព័ត៌មាន នៃ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស បាន​ថ្លែងប្រាប់​សារព័ត៌មាន Khmer Talking ពាក់ព័ន្ធនឹងលោក ប៊ុត សីហា ​ម្ចាស់​ជ័យ​លា​ភី​លេខ​១ របស់​កម្មវិធី​ប្រឡង​ចម្រៀង «The Voice Cambodia» រដូវ​កាល​ទី​១ ដែលត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី ប្រើប្រាស់​គ្រឿងញៀន ។

អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ដ៏​ល្បី​មួយ​រូប​នៅ​កម្ពុជា បាន​ថ្លែងប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ​ ២០១៨ នេះ​ថា​ «តាម​ការ​ពិត​ផលិតកម្ម​បានដឹង​ជា​យូរ​មក​ហើយ​ថា តារាចម្រៀង​លោក ប៊ុត សីហា បាន​ប្រើប្រាស់​គ្រឿងញៀន ពោល​គឺ​តាំងពី​ក្រោយ​លោក​ប្រឡង​ជាប់​ជ័យ​លា​ភី​លេខ​១ ក្នុង​រដូវ​កាល​ទី​១ បាន​រយៈពេល​ជាង​៣​ខែ​មក​ម្ល៉េះ» ​។

លោកបន្តថា ទោះជាខាង​​ផលិតកម្ម​ដឹង​ថា លោក ប៊ុត សីហា មាន​ជាប់​ពាក់ព័ន្ធ នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន​ហើយ​នោះ ថ្នាក់ដឹកនាំ​ផលិតកម្ម ក៏​បាន​ហៅ​លោក ប៊ុត សីហា មក​ណែនាំ​ និង​ធ្វើការ​ព្រមាន​ជា​ច្រើន​លើក​មក​ហើយក្តី ពោល​គឺប្រមាណ​ជាង​១០​ដង​ឯណោះ ដើម្បី​ឲ្យ​កែខ្លួន​ដែរ និង​បញ្ឈប់​ទ​ង្វើ​បែប​នេះ ប៉ុន្តែ​តារាចម្រៀង​រូប​នេះ មិន​បាន​ស្តាប់ និង​មិន​ធ្វើ​តាម​ឡើយ ​។

បន្ថែមលើនេះលោក មាស រិ​ទ្ធី បន្តទៀតថា «ប៊ុត សីហា មិន​ព្រម​ស្តាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំងធ្វើ​ឲ្យ​ផលិតកម្ម​ខាតបង់​ប្រាក់​មួយ​ចំនួន លើ​ការ​ចេញ​សង​ថ្លៃ​ថត​ស្ព​ត​ពាណិជ្ជកម្ម និង​ការ​ចុះ​កិច្ចសន្យា​ប្រគំ​តន្ត្រី ជា​ច្រើន​លើក​ច្រើន​សារ ​ដែល​តារាចម្រៀង​រូប​នេះ គេចវេស​មិន​បាន​ចូលរួម» ​។

​បើតាម​លោក មាស រិ​ទ្ធី បាន​បញ្ជាក់ឲ្យ​ដឹង​ថា ជាមួយ​គ្នា​នេះ​ផលិតកម្ម​ហង្ស​មាស ក៏​បាន​ប្រាប់​ទៅ​ដល់​សមត្ថកិច្ច​មួយ​ចំនួន​ឲ្យ​ដឹងផង​ដែរ​ ថាតារាចម្រៀង​លោក ប៊ុត សីហា បាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​ហើយ ដូច្នេះ​ប្រសិនបើ ​ឃើញ​ការ​ប្រព្រឹត្ត​ជាក់ស្តែងអាច​ចាប់​ឃាត់ខ្លួន ឬ​ធ្វើការ​អប់រំ​ណែនាំប​ញ្ចូ​ន​តាម​នីតិវិធី​ច្បាប់​ចុះ មិន​ពាក់ព័ន្ធ​នឹង​ហង្ស​មាស​ទេ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ផលិតកម្ម​ហង្ស​មាស មិន​បាន​ប្រកាស​ជា​សាធារណៈ​ទេ គឺ​ទុក​កិត្តិយសឲ្យ​លោក ប៊ុត សីហា កែខ្លួននិង​រក​ទ្រនំ​ផ្សេង ដើម្បី​បន្ត​អាជីពរបស់​ខ្លួន ប៉ុន្តែ​តារាចម្រៀង​រូប​នេះ​ហាក់​ប្រ​ងើយ​កន្តើយ​មិន​ស្តាប់​តាម អ្វី​ទាំងអស់​ ។

ដោយឡែក​ជាមួយនឹង​រឿង​ដ៏​រសើប​នេះ​ផង​ដែរ បើ​តាម​ប្រភព​ពី​អ្នក​ភូមិ​ផង​របងជាមួយ​នៅ​ឯ​ស្រុក​កំណើត​ជាមួយតារាចម្រៀង​ ប៊ុត សីហា បាន​ទម្លាយ​ថា តារាចម្រៀង​លោក ប៊ុត សីហា បាន​ជក់​គ្រឿងញៀន​ជា​យូរ​មក​ហើយ ពោល​គឺ​ចាប់តាំងពី​មុន​ចូល​ប្រឡង​ចម្រៀង «The Voice Cambodia» រដូវ​កាល​ទី​១ មកម៉្លេះ ។

គួររំលឹកថា ​កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​បាន​ធ្វើការ​ចាប់ខ្លួន​ម្ចាស់​ជ័យ​លា​ភី The Voice Cambodia រដូវ​កាល​ទី​១ ប៊ុត សីហា នៅ​វេលា​ម៉ោង​ប្រមាណ០​៥ ​និង​៤០​នាទី​ល្ងាចថ្ងៃ​ទី​២១​កុម្ភៈ ឆ្នាំ​២០១៨​នេះ​ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ពងទឹក ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយជាប់សង្ស័យករណីជួញដូរ​គ្រឿងញៀន ​។ ការ​ចាប់ខ្លួន​នោះ ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខណៈ​ដែល​តារាចម្រៀង​ល្បី​មួយ​រូប​នេះ​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​១​គ្រឿង ខណៈ​ទៅ​ទិញ​គ្រៀង​ញៀន​ដើម្បី​ជក់ ។ ប៉ុន្តែ​ត្រូវ​បាន​អាណាព្យាបាល និង​ក្រុម​គ្រួសារ មក​ធានា​យក​ទៅ​ធ្វើការ​អប់រំ និង​ដាក់​នៅ​កន្លែង​បន្សាប​គ្រឿងញៀន​វិញ ៕​

Comments

comments