ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ដ​ទំនើប ម៉ាក Rang Rover បុក​ម៉ូតូ​មួយ​គ្រឿង នៅ​ផ្លូវ​បឹង​កក់ R6 ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រួច​រត់គេច​ក៏​បន្ដ​បុក​ម៉ូតូ​៤​គ្រឿង និង​រថយន្ដ​មួយ​គ្រឿង​ផ្សេង​ទៀត នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧០ ទំ​បន់​ទួល​គោក ក្នុង​ខណ្ឌទួលគោក បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​រង​របួស​២​នាក់ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៤​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៧០ កែង​ផ្លូវ​K៥ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

មន្ដ្រី​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១-​ឈ្មោះ តាន់ ម៉ូ​លី ភេទ​ប្រុស អាយុ ៦០​ឆ្នាំ មុខរបរ (​ស្លាប់​) ស្នាក់​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត វត្ត​ដំណាក់ ស្រុក​សៀមរាប ខេត្តសៀមរាប បាន​ជិះ​ម៉ូតូ មួយ​គ្រឿង ម៉ាក Yamaha Sirius ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1DT-0237 ។ ចំណែកឯ​ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​រង​របួសធ្ងន់​ស្រាល​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញា​នៅឡើយ​ទេ ។ ចំណែក​ជន​បង្ក​ដែល​បើករថយន្ត​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

បើ​តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង ថា​មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​មួយ​គ្រឿង ម៉ាក Range Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-1314 បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​R6 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក៏​បាន​បើក​ប៉ះ​ម៉ូតូ មួយ​គ្រឿង ហើយ​មិន​ឈប់​ដោះស្រាយ​ទេ បាន​បើក​រត់គេច​ពី​ផ្លូវ​R6 ឡើង​មក​ផ្លូវ​លេខ​៧០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​ស្តុ​ប​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​បង្ក​បាន​បើក​បុក​រះ​បាស់​រាស់​របស់​សមត្ថកិច្ច​ដាក់​ឃាត់​រថយន្ត​បង្ក​ភ្លាម​ៗ​នោះ រថយន្ត​មិន​ឈប់​ក៏​បាន​បើក​មក​មុខ ហើយ​បុក​រះ​ម៉ូតូ​ចំនួន​៥​គ្រឿង​ទៀត បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​មនុស្ស​រង​របួសធ្ងន់​ស្រាល​ចំនួន​២​នាក់ ហើយ​មាន​ម៉ូតូ មួយ​គ្រឿង​បាន​ជាប់​នៅ​ពីមុខ​រថយន្ត​បង្ក ហើយ​អ្នក​បើករថយន្ត​បង្ក​មិន​ព្រម​ឈប់ នៅ​តែ​បើក​បន្ត​ទៅ​មុខ​ទៀត រហូត​ដល់​ចំណុច​ស្តុ​ប​គល់​អង្គ​តែ​ន ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក បាន​បុក​រថយន្ត មួយ​គ្រឿង​ទៀត​ម៉ាក លុ​ច​ស៉ី​ស RX400H ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-4249 ដែល​កំពុង​ឈប់​ស្តុ​ប​នោះ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ។

ប្រភព​ដដែល​ប្រាប់​ថា ក្រោយ​បុក​រថយន្ដ Luxes ម្ចាស់​រថយន្ដ​បង្ក​បាន​បើកទ្វារ​ព្យាយាម​រត់គេច​ខ្លួន តែ​ក៏​ត្រូវ​ប្រជា​ពល​ដ្ឋ​ដេញចាប់​បាន ហើយ​ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង បណ្ដោយ​ឲ្យ​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្ដង ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ ទាំង​របួស រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​ចាត់ការ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង ប្រគល់​ខ្លួន​អ្នកបើកបរ រថយន្ត​បង្ក រថយន្ត​រង​គ្រោះ និង​ម៉ូតូ​រង​គ្រោះ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​។ ចំណែកឯ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕