បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ តាម​រយៈ​ការ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន Fresh News ពាក់ព័ន្ធ​ករណី​គ្រូពេទ្យ​បង្អែក​ខេត្តកំពង់ចាម វះ​ស្ដ្រី​ឆ្លងទន្លេ​ភ្លេច​កន្សែង​ក្នុង​ពោះ​នោះ អភិបាលខេត្ត​កំពង់ចាម លោក គួ​ច ចំរើន បាន​បញ្ជា​ឲ្យ​ប្រធាន​មន្ទីរ​សុខាភិបាល លោក គឹ​ម សួរ​ភា​រុណ ឲ្យ​កោះហៅ​ប្រធាន​មន្ទីរពេទ្យ គ្រូពេទ្យ​វះកាត់ មក​ជួប​ជាមួយ​ភាគី​ជន​រង​គ្រោះ នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ដើម្បី​ធ្វើការ​សួរនាំ​បន្ថែម និង​ស្តាប់​យោបល់​ម្នាក់​ៗ​។

ជាមួយ​គ្នា​នេះ អភិបាលខេត្ត​កំពង់ចាម ក៏​បាន​ប្រាប់​ទៅ​អភិបាលស្រុក​កងមាស ឲ្យ​ដឹកនាំ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជន​រង​គ្រោះ ព្រមទាំង​តាមដាន​លើ​ការ​ព្យាបាល​ជំងឺ​រហូត​ជា​សះស្បើយ​ផង​ដែរ​។

សូម​ជម្រាប​ថា គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម បាន​បង្ក​ការ​ធ្វេសប្រហែស​យ៉ាងធ្ងន់ធ្ងរ​បំផុត ដែល​កម្រ​កើត​មាន​ឡើង ចំពោះ​ស្ត្រី​រង​គ្រោះ​ម្នាក់ ដែល​បាន​សម្រាលកូន​ដោយ​ការ​វះកាត់ តែ​ក្រោយ​សម្រាលកូន​ហើយ ស្ត្រី​រង​គ្រោះ​ចេះ​តែ​មានការ​ឈឺចាប់​ក្នុង​ពោះ​ខ្លាំង​ទៅ​ៗ​រៀងរាល់ថ្ងៃ អស់​រយៈពេល ជាង​៣​ខែ​មក​ហើយ ទោះ​ប្រើ​ឱសថ​ព្យាបាល​យ៉ាងណា​ក៏​មិន​បាត់​សោះ​។ លុះដល់​ទ្រាំ​មិន​បាន ក៏​សម្រេចចិត្ត​វះកាត់​ម្ដងទៀត តែ​អ្វី​ដែល​ហួសចិត្ត យ៉ាង​ពន់ពេក​នោះ មូលហេតុ​ដែល​នាំ​ឲ្យ​ស្ត្រី​រង​គ្រោះ​មានការ​ឈឺចាប់ គឺ​មានកូន​កន្សែង​មួយ​ដែល​គ្រូពេទ្យ​ភ្លេច​ក្នុង​ពោះ អំឡុង​ពេល​វះកាត់​សម្រាលកូន​នៅ​មន្ទីរ​បង្អែក​ខេត្តកំពង់ចាម​។

ស្ត្រី​រង​គ្រោះ​ដែល​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នេះ មានស្រុក​កំណើត​នៅ​ភូមិ​ពាមជីកង ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ពាមជីកង ហើយ​ខណៈ​នេះ​កំពុង សម្រាក​ព្យាបាល ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ ក្នុង​រាជធានី​ភ្នំពេញ ជាមួយនឹង​ការ​ខ្វាយខ្វល់​អំពី​បញ្ហា​អស់​លទ្ធភាព ក្នុង​ការ​ព្យាបាល​ខ្លួន​តទៅ​ទៀត ស្រប​ពេល​ដែល​ស្ថានភាព ជំងឺ​កាន់តែ​ដុនដាប​ទៅ​ៗ​។

ទុក្ខវេទនា​នេះ ត្រូវ​បាន​បញ្ជាក់​ឡើង​ដោយ​ប្អូនស្រី​បង្កើត​របស់​ជន​រង​គ្រោះ សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ថ្លែង​ទាំង​ក្តី​វា​យោគ​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន Fresh News នា​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ដោយ​បាន​រៀបរាប់​តាម​ដំណើររឿង​ថា​៖

កាលពី​ជាង​៣​ខែ​មុន បងស្រី​បង្កើត​របស់​ខ្លួន​បាន​ទៅ​សម្រាលកូន​ដំបូង​នៅ​មន្ទីរ​បង្អែក​ខេត្តកំពង់ចាម ពេល​នោះ​គ្រូពេទ្យ​ថា បើ​សម្រាល​តាម​ធម្មជាតិ​មិន​បាន​ឡើយ ទាល់តែ​សម្រាល​ដោយ​ការ​វះកាត់​។ ក្រោយ​គ្រូពេទ្យ​ប្រាប់​យ៉ាង​ដូច្នេះ ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​ក៏​សម្រេចចិត្ត​វះ​តែ​ម្ដង​។ ក្រោយ​សម្រាល​មិន​បាន​ប៉ុន្មាន​ផង ស្ត្រី​រង​គ្រោះ​ចេះ​តែ​មានការ​ឈឺ​ចុកចាប់​ក្នុង​ពោះ​រហូត និង​ខ្លាំង​ទៅ​ៗ ខណៈ​ការ​ពិនិត្យ និង​ការ​ប្រើប្រាស់​ឱសថ​តិច​ច្រើន ក៏​បាន​ធ្វើ​ជា​បន្តបន្ទាប់​ដែរ តែ​អាការ​ឈឺចាប់​នោះ​មិន​ព្រម​បាត់​រសាយ​ទៅ​វិញ​សោះ​។

ប្អូនស្រី​ជន​រង​គ្រោះ​បាន​បន្ត​ថា ដោយសារ​ការ​ឈឺចាប់​ចេះ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅ​ៗ ទើប​ក្រុម​គ្រួសារ ក៏​សម្រេចចិត្ត​បញ្ជូន​ស្ត្រី​រង​គ្រោះ​មក​មន្ទីរពេទ្យ​ឯកជន​មួយ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លុះ​មើល​រក​មូលហេតុ និង​ព្យាបាល ដល់​ពេល​ឆ្លុះ​ក៏​ឃើញ​មាន​ដុំ​ម្យ៉ាង​ក្នុង​ពោះ​ដែរ ប៉ុន្តែ​ពេទ្យ​ប្រាប់​ថា ជា​ដុំ​ក្នុង​ពោះ​ធម្មតា​ដូច​គេ​ដូច​ឯង​ទេ ពោល​ប្រើ​តែ​ថ្នាំ​ចាក់ និង​លេប​ទៅ នឹង​ធូរស្បើយ​ហើយ ប៉ុន្តែ​មិន​ដូច​ការ​គិត​នោះ​ទេ ស្ត្រី​រង​គ្រោះ​នៅ​តែ​មានការ​ឈឺចាប់​ខ្លាំង​ទៅ​ៗ​រាល់ថ្ងៃ ក៏​សម្រេចចិត្ត​ជាមួយ​ក្រុម​គ្រួសារ​ថា វះកាត់​ម្ដងទៀត ដើម្បី​រក​មូលហេតុ​នៃ​ការ​ឈឺចាប់​ដ៏​ធ្ងន់ធ្ងរ​នេះ នា​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨​។

ជាមួយនឹង​សំឡេង​អួល​ដើម​ក​ខ្សាវ​ៗ ប្អូនស្រី​ជន​រង​គ្រោះ​បាន​ថ្លែង​ថា ក្នុង​ពេល​វះកាត់​នោះ ស្រាប់តែ​ឃើញ​កូនកន្សែង​ពណ៌​ស​មួយ ប្រឡាក់​ឈាមក្រហម​ឆ្អិន​យ៉ាង​សម្បើម នៅ​ក្នុង​ពោះ​របស់​បងស្រី​របស់​ខ្លួន ដែល​នេះ​ហើយ​ជា​មូលហេតុ​នាំ​ឲ្យ​ស្ត្រី​រង​គ្រោះ​ឈឺ​ចុកចាប់ អស់​ពេល​ជាង​៣​ខែ​យ៉ាង​ដូច្នេះ ដែល​ម្នាក់​ៗ​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​ធ្វេសប្រហែស​របស់​គ្រូពេទ្យ​នៅ​ខេត្តកំពង់ចាម អំឡុង​ពេល​ស្ត្រី​រង​គ្រោះ​សម្រាលកូន​នោះ​។

ដើម្បី​បង្ហាញ​ពី​ការ​ធ្វេសប្រហែស​ក្នុង​ន័យ​ជំរុញ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ទៅ​ថ្ងៃ​មុខ ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​ជូនដំណឹង​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​ដែរ ប៉ុន្តែ​អ្វី​ដែល​ហួសចិត្ត​នោះ ខាង​មន្ទីរពេទ្យ ដែល​មាន​គ្រូពេទ្យ​ម្នាក់​អះអាង​ថា ខ្លួនឯង​ជា​អនុប្រធាន​មន្ទីរពេទ្យ បាន​ប្រកែក​មិន​ចង់​ទទួលស្គាល់​ការ​ធ្វេសប្រហែស​នេះ​ឡើយ ដោយ​ប្រាប់​ថា ចាំ​សិន លុះដល់​២-៣​ស​ប្ដា​ហ៍​ក្រោយមក ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​សាកសួរ​ទៅ​គ្រូពេទ្យ​កំពង់ចាម ជា​បន្តបន្ទាប់​ទៀត តែ​ខាង​មន្ទីរពេទ្យ​នៅ​តែ​គ្មាន​ដំណោះស្រាយ ជូន​ជន​រង​គ្រោះ​នៅឡើយ ដោយ​បញ្ជាក់​ថា ចាំ​គេ​ប្រជុំ​គ្នា​សិន និយាយ​រួម​គ្មាន​ដំណោះស្រាយ​ជូន​ជន​រង​គ្រោះ សូ​ម្បី​តែ​ប៉ុន​ក្រចកដៃ​។ នេះ​បើ​តាម​ការ​បន្ថែម​របស់​ប្អូនស្រី​ជន​រង​គ្រោះ​។

ដោយ​អស់​លទ្ធភាព ក្នុង​ការ​ព្យាបាល​ជំងឺ​តទៅ​ទៀត ខណៈ​ស្ថិត​ក្នុង​ស្ថានភាព​ឈឺ​ចុកចាប់​ធ្ងន់ធ្ងរ​ពេញ​ប្រាណ​ផង​នោះ ស្ត្រី​រង​គ្រោះ និង​ក្រុម​គ្រួសារ រួម​ទាំង​ប្អូនស្រី​ជន​រង​គ្រោះ បាន​លើកដៃ​ទទូច​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​សប្បុរសជន​នានា មេត្តា​ផ្ដល់​ក្ដី​សន្ដោស​ប្រណី​ជួយ​ឧបត្ថម្ភ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​នេះ ឲ្យ​បានជា​សះស្បើយ​វិញ​ផង​។

បើ​មាន​សប្បុរសជន​ណា​ចង់​ឧបត្ថម្ភ​ស្ត្រី​រង​គ្រោះ​អាច​ទាក់ទង នៅ​លេខ​ទូរស័ព្ទ​ប្អូនស្រី​របស់​ស្ត្រី​រង​គ្រោះ​ផ្ទាល់​តែ​ម្តង 092 42 94 72៕

ប្រភព FN

Comments

comments