យុវជន​យុវតី ២​នាក់​ត្រូវ​បាន​រថយន្ត​កុង​ទឺ​ន័​របុក​ពេញទំហឹង អូស​ជាង​ដប់​ម៉ែត្រ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ កាលពី​វេលា ម៉ោង ៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ស្តុ​ប​អូរ​ដឹ​ម​កប់​ស្រូវ កែង និង​ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សាកសព​ជន​រង​គ្រោះ​ទី​១​មានឈ្មោះ​ស៊ុន ចាន់ធូ ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៩​ឆ្នាំ មុខរបរ ធ្វើការ​រោងចក្រ​។ និង​ទី​២​មានឈ្មោះ អៀម ម៉ៅ ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ អ្នក ទាំង​ពីរ​ស្នាក់​នៅផ្ទះ​ជួល ភូមិ​សាមគ្គី ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ជាមួយ​គ្នា​នៅ​ភូមិ​ត្រពាំង​ស្គុន ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្តកំពត ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ដំបូង​គេ​ឃើញ​យុវជន​ប្រុស​ស្រី​២​នាក់ បាន​បើក​ម៉ូតូ​ម៉ាក​ឌ្រី​ម ១២៥ ស៊េរី​០១៦ មាន​ស្លាក​លេខ​ភ្នំពេញ​1DO-5544​ពណ៌​ខ្មៅ បើក​តាម​បណ្តោយ​ផ្លូវ កប់​ស្រូវ​ទិស​ដៅ​ពី​ជើង​មក​ត្បូង​បើក យ៉ាង​លឿន​ខណៈ​មក​ដល់​ផ្លូវជាតិ​លេខ​៤ ជា​ចំណុច​កើតហេតុ​ខាងលើ ក៏​ត្រូវ​បាន​រថយន្ត​កុង​ទឺ​ន័​រ​ពណ៌​ស គ្មាន​ស្លាក​លេខ បើក​ទិស​ដៅ​ពី​កើត​ទៅ​លិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​បាន​បុក​ពេញទំហឹង អូស​ជាង​១០​ម៉ែត្រ​ឡើង​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​ទាំង​២​នាក់ ម៉ូតូ​ខូចខាត​ផ្នែក​ខាង​មុខ​ខ្ទេច​ហើយ​តៃកុង​រថយន្ត​បង្ក​បាន​ចុះ​រត់​បាត់​ស្រមោល នៅ​តែ​ព្រូ​ត្រូវ​បាន ប្រជាពលរដ្ឋ​ចាប់​វ៉ៃ​ឡើង​ទ្រម​ខ្លួន ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច ។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​ចុះ​មក​វាស់វែង​យក​ម៉ូតូ​និង រថយន្ត​យក​ទៅ​រក្សា ទុក​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ថ្ងៃក្រោយ ចំណែក​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ។

គេ​នៅ​ចាំ​បាន​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាសសង្គ្រាម​ប្រឆាំង​រថយន្ត​ត​ទ្រុង ឬ រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ធុន​យក្ស​ដោយ​បញ្ជាក់​ថា «​ចាប់ពី​០ ម៉ោង​យប់​នេះ ថ្ងៃ​ទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ ចំពោះ​រថយន្ត​ត (​កាត់ត​កែ​ឆ្នៃ​) ទាំងអស់ បើ​ឃើញ មាន​បើកបរ​នៅ​ខេត្ត​ណា ឬ​ស្រុក​ណា គឺ​ត្រូវ​ចាប់​ទុក​ទាំងអស់​។ ទាំង​រដ្ឋមន្ត្រី ទាំង​ចៅហ្វាយខេត្ត ទាំង​ចៅ ហ្វា​យ​ស្រុក គឺ​ត្រូវ​ទទួលខុសត្រូវ​។ បើ​មិន​ចាត់វិធានការ​ទេ គឺ​ប្រឈម​នឹង​ការ​ដក​តួនាទី​មុខ​តំណែង ។ ព្រោះ​ឡាន​កែ​ឆ្នៃ​កាត់ត​ទាំងនេះ​គឺ​អាច​បង្ក​ការ​ខូចខាត​ផ្លូវថ្នល់ និង​បង្ក​ការ​គ្រោះថ្នាក់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។ ជនរួមជាតិ​អាច​ចូល​មក​ផ្ញើ​សារ (Comment) ចូល​ក្នុង Facebook ខ្ញុំ​។ ពេល​នេះ​ខ្ញុំ​នឹង​ចាត់វិធានការ​ដោយ​ខ្លួនឯង បើ​មន្ត្រី​ពាក់​ព័​ន្ឋ​ទាំងនោះ​មិន​អនុវត្តន៍​៕»​។

បុរស​ខ្លាំង ហ៊ុន សែន ប្រកាស​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ៩​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​សរសៃដែក​ប្រវែង​សរុប​១,១៣១​ម៉ែត្រ និង​ទទឹង ១៣.៥០​ម៉ែត្រ ឆ្លងកាត់​ទន្លេមេគង្គ ត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ទៅ​ត្រើយ​ខាងកើត ត្រង់​ចំណុច​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។

មួយ​ថ្ងៃក្រោយ​ពី​ការ​ប្រកាស​ខាងលើ​នេះ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ក៍បាន​គំរាម​ជា​ថ្មី ដក​តំណែង​រដ្ឋមន្ត្រី​ចៅហ្វាយខេត្ត ចៅហ្វាយស្រុក និង​ខណ្ឌ ទាំងឡាយ​ណា ដែល​មិន​ចាត់វិធានការ ដោយ​បណ្តោយ​ឲ្យ​មាន​រថយន្ត​ត​ទ្រុង​និង​រថយន្ត​ដឹក​លើស​ទម្ងន់​បើក​ឆ្លងកាត់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ផ្លូវ ស្ពាន និង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ ។

ក្រោយមក​ក៍​មាន​ក្រុមហ៊ុន​ខ្លះ​សូម​ពេល​តែ​១​ស​ប្តា​ហ៍ ដើម្បី​កាត់​ទ្រុង​និង​កែសម្រួល​រថយន្ត​របស់​ខ្លួន ក្នុង​ការ​បំពេញ​កាតព្វកិច្ច​និង​អនុវត្ត​បទបញ្ជា​របស់​លោក ហ៊ុន សែន ប៉ុន្តែ​មក​ទល់​នឹង​ថ្ងៃ​ទី​២៥ កុម្ភៈ​ម្សិលមិញ​ប៉ុន្មាន​ថ្ងៃ​ហើយ ? ។

ក្រុម​អ្នក​តាមដាន​សង្គម​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​តែ​លើក​ឡើង​ថា ការ​អនុវត្ត​បទបញ្ជា​របស់​លោក ហ៊ុន សែន ពី​សំណាក់​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី ចំពោះ​រថយន្ត​ដឹក​លើស​ទម្ងន់​និង​រថយន្ត​ត​ទ្រុង​ខាងលើ​នេះ ទំនងជា​បាន​តែ​មួយ​ចម្អិន​កំពឹស ឬ ក៍មួយ​ភ្លើងចំបើង ក៍​ស្ងាត់​ទៅ​វិញ ព្រោះ​ករណី​ចាត់វិធានការ​ដូច​គ្នា​នេះ​តាម​បទបញ្ជា​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​នា​ពេល​កន្លង​មក សមត្ថកិច្ច​ជំនាញ​នានា​ធ្លាប់​បាន​អនុវត្តន៍​មក​ហើយ ប៉ុន្តែ​មិន​ជោគជ័យ ។

បើ​តាម​ប្រភព​ខ្លះ​ថា ការ​បរាជ័យ​ក្នុង​ការ​អនុវត្ត​បទបញ្ជា​របស់​លោក ហ៊ុន សែន នា​ពេល​កន្លង​មក​ដោយសារ​តែ​រថយន្ត​ត​ទ្រុង រថយន្ត​ដឹក​លើស​ទម្ងន់ ឬក៍​រថយន្ត​សណ​ញ​តោង​វែង​ៗ​ទាំងនោះ​ជា​របស់​កូនក្មួយ​សាច់ញាតិ​អ្នកមាន​អំណាច និង​វប្ប​ធ៌​ម​អន្តរាគមន៍​ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​មិន​ហាន​ប៉ះ កុំ​ថា​ឡើយ​ដល់​ទៅ​ចាប់ ឬ​ទប់ស្កាត់ ។

ជាក់ស្តែង ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ដែល​បណ្តាល​ឲ្យ​មាន​សោក​នាថ​កម្ម ភាពរ​ន្ឋ​ត់​តក់ស្លុត​និង​ទំនួញ​ទួញ​សោក លាយឡំ​នឹង​ទឹកភ្នែក​រាប់​សែន​តំណក់​នេះ តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ​ពិតប្រាកដ ? ៕