ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​តារាចម្រៀង​ប្រុស​ជា​ម្ចាស់​ពាន​រដូវ​កាល​ទី​១ នៃ​កម្មវិធី The Voice Cambodia លោក ប៊ុត សីហា បាន Live វី​ដេ​អូ​បង្ហើប​ការ​ពិត​ខ្លះ​ៗ ខណៈ​ដែល​រូប​លោក​កំពុង​តែ​ជិះ​រថយន្ត​មក​យក​ទិដ្ឋាការ ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក តែ​ជា​អកុសល​ត្រូវ​ខាង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ប្រាប់​ថា ទិ​ដ្ឋ​ការ​នោះ​ត្រូវ​លប់​ចោល ក្រោយ​ពី​ផ្ទុះ​រឿងអាស្រូវ​ពាក់ព័ន្ធ​ប្រើ​គ្រឿងញៀន​នោះ ។

ចំពោះ​ការ​មិន​ទទួល​បាន​ទិដ្ឋាការ​ពី​ស្ថានទូត​អា​មេ​រិ​ក ប៊ុត សីហា បាន​និយាយ​បន្ទោស​ធ្ងន់​ៗ ទៅ​លើ​សារព័ត៌មាន​មួយ​ចំនួន​ថា បាន​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​ករណី​សមត្ថកិច្ច​ឃាត់ខ្លួន​លោក​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន តែ​តាម​ពិត​លោក​គឺជា​គិញ​សម្ងាត់​របស់​សមត្ថកិច្ច ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​តែ​ប៉ុណ្ណោះ ។

ដោយសារ​តែ​កំពុង​តែ​ខឹង​ខ្លាំង​រឿង​ត្រូវ​លុប​ចោល​ទិ​ដ្ឋ​ការ​ទៅ​អា​មេ​រិ​ក ដែល​ព្រឹក​មិ​ញ​នេះ​ត្រូវ​ដល់​ថ្ងៃ​មក​យក ហើយ​ក៏​ទទួល​ដំណឹង​មិនល្អ​ភ្លាម​ៗ ព្រោះ​រឿង​ព័ត៌មាន​អាស្រូវ​ប្រើ​គ្រឿងញៀន​នោះ ប៊ុត សីហា បាន​ទម្លាយ​ថា «​បើ​មិន​បានដឹង​ច្បាស់​នោះ​ទេ សូមកុំ​ផ្សាយ​ធ្វើ​អី​! ដោយសារ​តែ​ខ្ញុំ​ទ្រាំ​លែង​បាន និង​បាន​ខកខាន​ទទួល​ទិ​ដ្ឋ​ការ​ទៅ​អា​មេ​រិ​ក ព្រោះតែ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នេះឯង ។ ឥឡូវនេះ ខ្ញុំ​មាន​តែ Live វី​ដេ​អូ ដើម្បី​ឲ្យ​អ្នក​ដែល​បាន​ផ្សាយ​រឿង​ខ្ញុំ​ខកខាន​ទៅ​អា​មេ​រិ​ក នោះ​ដឹង ហើយ​ទទួលខុសត្រូវ​រឿង​នេះ​វិញ​ផង​» ។

យ៉ាងណាមិញ​តារាចម្រៀង​លោក ប៊ុត សីហា បាន​អះអាង​ថា រូប​លោក​នឹង​ធ្វើការ​ចេញ​បញ្ជាក់​លម្អិត​បន្ថែម​ទៀត​ជុំវិញ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ចំពោះ​រូប​លោក​នា​ពេល​នេះ ។

សូម​បញ្ជាក់​ថា តារាចម្រៀង​លោក ប៊ុត សីហា ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន ។ ប៉ុន្តែ​លោក​ត្រូវ​បាន​ដោះ​លែង​ភ្លាម​ៗ​ផង​ដែរ​បន្ទាប់​ពី​មានការ​ធានា​ពី​អាណាព្យាបាល​ដើម្បី​នាំ​យក​តារាចម្រៀង​រូប​នេះ​ទៅ​អប់រំ និង​បន្សាប​គ្រឿងញៀន ៕

Comments

comments