​ភ្នំពេញ ៖ រថយន្ត​បែន ដឹក​ដី​ពេញ​ទ្រុង​មួយ​គ្រឿង បាន​បើកបរ​តាម​ផ្លូវ​ក្បែរ​មាត់​រណ្ដៅ​ដី​មួយ ស្រាប់តែ​បាក់​ដី​ចិញ្ចើម​ផ្លូវ ក៏​បាន​ក្រឡាប់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ជម្រៅ​ប្រមាណ​៥​ម៉ែត្រ លិច​បាត់ សំណាង​អ្នកបើកបរ​លោត​ចេញ​ទាន់ ។

ហេតុ​កាណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​សាមគ្គី​ទី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍ បាន​និយាយ​ថា រថយន្ត​បែន​ដឹក​ដី​នោះ​ព​ណ៍​ស បាន​ដឹក​ដី​ពេញ​ទ្រុង ​យក​ទៅ​លក់​ឲ្យ​អ្នក​ភូមិ​សាមគ្គី​ទី​៣ ដើម្បី​ចាក់​បំពេញ​ទីធ្លារ​ផ្ទះ ខណៈនោះ បាន​បើក​តាម​ផ្លូវ​ខាងលើ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ពេល​ទៅ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​កង់​ខាងស្ដាំ​បាន​ជាន់​មាត់​រណ្ដៅ​ដី ទើប​បណ្ដាល​ឲ្យ​បាក់​ដី​ផ្លូវ​ផុង​កង់​ក្រឡាប់​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​ដី​លិច​បាត់​ទៅ​ក្នុង​ទឹក ភ្លាម​នោះ​អ្នកបើកបរ​បាន​លោត​ចេញ​ទាន់ មុន​ពេល​រថយន្ត​លិច ផុត​ពី​សេចក្ដីស្លាប់ ។

រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ ម្ចាស់​ដែល​គេ​ស្គាល់​ថា ជា​ឈ្មួញ​ម្នាក់ នៅ​ក្នុងភូមិ​ស្នោរ​ខាង ឃុំ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​មិន​ទាន់​រក​រថយន្ត​មក​ស្ទូច​អូស​ទាញ​រថយន្ត​បែន​ដឹក​ដី​ចេញពី​ក្នុង​ទឹក​នៅឡើយ ៕