ភ្នំពេញ ៖ ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ ទើប​លោក ប្រាជ្ញា សីហា អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច ចុះ​វាយ​កម្ទេច​ទួល​កាត់​ទទឹង​ផ្លូវភ្លោះនៅ​ខាងជើង​បុរី​កាំ​កូ​ស៊ី​ធី ប៉ុន្តែមិនទទួល​ជោគជ័យ​ឡើយ ។

ការ​ចុះ​វាយ​កម្ទេច​ទួល​ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​ជា​រឿយ​ៗ ស្ថិត​ក្នុងភូមិ​បឹង​រាំង សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។

បើ​តាម​មន្ត្រី​សាលា​ខណ្ឌ​ឬ​ស្សី​កែវ បានអោយ​ដឹង អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ ដឹកនាំ​កម្លាំង​ចម្រុះ មាន​ទាំង​នគរបាល អាវុធហត្ថ និង​កម្លាំង​ប្រជា​ការពារ ចុះ​វាយ​កម្ទេច​ទួល​ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​នេះ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៨ ត្រូវ​ម្ចាស់​បុរី​កាំ​កូ​ស៊ី​ត​ធី បាន​មក​រារាំង​អាជ្ញាធរ​ហើយ​អះអាង​ថា ផ្លូវ​នេះ​ខាង​បុរី​ជា​ធ្វើ ដូច្នេះ​ហើយ អាជ្ញាធរ​គ្មាន​សិទ្ធិ​មក​វាយ​កម្ទេច​ទួល​នេះ​ទេ ព្រោះ​គេ​ធ្វើ​ដើម្បី​កុំ​ឲ្យ​មានការ​បើក​លឿន​នៅ​ម្ដុំ​នោះ ។

ទោះជា​យ៉ាងនេះ​ក្តី លោក​អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ បាន​ពន្យល់​ថា ទោះបី​ផ្លូវ​នេះ​ខាង​បុរី​ជា​អ្នក​ធ្វើ​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​ទួល​បាន​តាម​ចិត្ត​នោះ​ទេ ព្រោះ​វា​បង្ក​គ្រោះថ្នាក់ ដល់​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ ហើយ​ប្រសិនបើ​ចង់​ធ្វើ​ត្រូវ មានការ​អនុញ្ញាត​ពី​អាជ្ញាធរ មិនមែន​ធ្វើ​តាម​ចិត្ត​បែប​នេះ​ទេ ។

ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​វាយ​កម្ទេច​នេះ មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ ដោយ​មានការ​រារាំង​ពី​ថៅកែ​បុរី​កាំ​កូ​ស៊ី​ត​ធី ដែល​ជា​ជនជាតិ​កូរ៉េ ជជែក​យ៉ាង​តឹងសរសៃក​ដាក់​គ្នា ដោយ​ក្រុម​ជនជាតិ​កូរ៉េ​ទាំងនោះ​បាន​នាំ​គ្នា​មក​អង្គុយ​នៅ​កណ្ដាលផ្លូវ​លើ​ទួល​នោះ និង​អង្គុយ​លើ​គ្រឿងចក្រ​របស់​អាជ្ញាធរ ដែល​យក​ទៅ​វាយ​កម្ទេច​នោះ មិន​អោយធ្វើ​អ្វី​បាន​ឡើយ ថែម​ទៀត​ផង ៕