ភ្នំពេញ ៖ ទីបំផុត នៅ​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ អេ​ស្កា​វ៉ា​ទ័​រ​របស់​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ បន្ដ​ប្រតិបត្តិការ​របស់​ខ្លួន វាយ​កម្ទេច​ទួល​កាត់​ទទឹង​ផ្លូវ​ក្នុង​បុរី​កាំ​កូ​ស៊ី​ធី ដោយ​ជោគជ័យ ព្រោះ​ភាគី​ខាង​ម្ចាស់​បុរី​មិន​រារាំង​ទៀត​ទេ ។

ការ​បង្កើត​ទួល​កាត់​ទទឹង​ផ្លូវ​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ម៉ូតូ​ជា​រឿយ​ៗ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ បាន​ឈូស​កាយ​ចេញ​ទួល​កាត់​ទទឹង​ផ្លូវ​ដែល​ស្ថាបនា​ដោយ​ក្រុមហ៊ុន​កាំ​កូ​ស៊ី​ធី នៅ​លើ​ដង​មហាវិថី​អង្គរ ចាប់ពី​រង្វង់​មូល​កាំ​កូដ​ល់​បុរី​អង្គរ​ភ្នំពេញ ។

ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ ទើប​លោក ប្រាជ្ញា សីហា អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច ចុះ​វាយ​កម្ទេច​ទួល​កាត់​ទទឹង​ផ្លូវភ្លោះ​នៅ​ខាងជើង​បុរី​កាំ​កូ​ស៊ី​ធី ស្ថិត​ក្នុងភូមិ​បឹង​រាំង សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ បន្ទាប់​ពី​ទួល​នេះ តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​ជា​ញឹកញាប់ ។

បើ​តាម​មន្ត្រី​សាលា​ខណ្ឌ​ឬ​ស្សី​កែវ បានអោយ​ដឹង អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ ដែល​ដឹកនាំ​កម្លាំង​ចម្រុះ មាន​ទាំង​នគរបាល អាវុធហត្ថ និង​កម្លាំង​ប្រជា​ការពារ ចុះ​វាយ​កម្ទេច​ទួល​ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​នេះ នៅ​រសៀល​ថ្ងៃ​ទី​០២ មីនា ត្រូវ​ម្ចាស់​បុរី​កាំ​កូ​ស៊ី​ត​ធី បាន​មក​រារាំង​អាជ្ញាធរ​ហើយ​អះអាង​ថា ផ្លូវ​នេះ​ខាង​បុរី​ជា​ធ្វើ ដូច្នេះ​ហើយ អាជ្ញាធរ​គ្មាន​សិទ្ធិ​មក​វាយ​កម្ទេច​ទួល​នេះ​ទេ ព្រោះ​គេ​ធ្វើ​ដើម្បី​កុំ​ឲ្យ​មានការ​បើក​លឿន​នៅ​ម្ដុំ​នោះ ។

ទោះជា​យ៉ាងនេះ​ក្តី លោក​អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ បាន​ពន្យល់​ថា ទោះបី​ផ្លូវ​នេះ​ខាង​បុរី​ជា​អ្នក​ធ្វើ​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​ទួល​បាន​តាម​ចិត្ត​នោះ​ទេ ព្រោះ​វា​បង្ក​គ្រោះថ្នាក់ ដល់​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ ហើយ​ប្រសិនបើ​ចង់​ធ្វើ​ត្រូវ មានការ​អនុញ្ញាត​ពី​អាជ្ញាធរ មិនមែន​ធ្វើ​តាម​ចិត្ត​បែប​នេះ​ទេ ។

ប៉ុន្ដែ​ប្រតិបត្តិការ​វាយ​កម្ទេច​នេះ មិន​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ​នោះ​ទេ ដោយ​មានការ​រារាំង​ពី​ថៅកែ​បុរី​កាំ​កូ​ស៊ី​ត​ធី ដែល​ជា​ជនជាតិ​កូរ៉េ ចេញ​មក​ជជែក​ដាក់​គ្នា យ៉ាង​តឹងសរសៃក ដោយ​ក្រុម​ជនជាតិ​កូរ៉េ​ទាំងនោះ​បាន​នាំ​គ្នា​មក​អង្គុយ​នៅ​កណ្ដាលផ្លូវ​លើ​ទួល​នោះ និង​អង្គុយ​លើ​ប៉ែល​អេ​ស្កា​វ៉ា​ទ័​រ​របស់​អាជ្ញាធរ ដែល​យក​ទៅ​វាយ​កម្ទេច​នោះ មិន​អោយធ្វើ​អ្វី​បាន​ឡើយ ។ ទោះជា​យ៉ាងនេះ​ក្តី ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​នេះ អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ វាយ​កម្ទេច​បាន​សម្រេច នៅ​ល្ងាច​ថ្ងៃ​ដដែល ៕ សូមរម្លឹកថា ម្ចាស់​បុរី​កាំ​កូ​ស៊ី​ត​ធី ខ្លាំង​ជាង​អភិបាលក្រុង មិន​ឲ្យ​វាយ​កម្ទេច​ទួល​កាត់​ទទឹង​ផ្លូវ