កូនប្រុស​ច្បង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា​«​សម្ដេច​តេ​ជោ ដឹកនាំ​ប្រទេស​កាន់​យូរ កាន់តែ​ចូល​គៀក​ប្រជាជន កាន់តែ​ដឹង​ពី​សុខទុក្ខ​ប្រជាជន និង​បាន​ជួយ​ដោះស្រាយ​បញ្ហា ជូន​ប្រជាជន​បាន​កាន់តែ​ច្រើន​។​»​។

ការ​លើក​ឡើង​របស់​លោក​ផ្កាយ​៣ ដែល​ទើប​ទទួល​បានការ​គ្រប់គ្រង​បញ្ជា​ទ័ព​ជំនួស​លោក គន់ គី​ម កាលពី​ពេល​ថ្មី​ៗ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ មហា​កុដិ ខ្លោងទ្វារ ពុទ្ធា​ភិ​សេក ក្នុង​វត្ត​រដ្ឋ​បា​លា​រាម ហៅ​វត្ត​ប​ច្ឆា ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៨ ។

លោក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​រ​កងទ័ពជើងគោក​និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ បាន​បន្ត​ថា​«

“​រដ្ឋាភិបាល​កើតឡើង​ដោយ​ប្រជាពលរដ្ឋ ដើម្បី​ប្រជាជន ខុស​ពី​រដ្ឋាភិបាល​សម័យ ប៉ុ​ល ពត ដែល​កើតឡើង ដោយ​កម្លាំងប្រដាប់អាវុធ ហើយ​យក​ប្រជាជន​ជាស​ត្រូវ កាប់សម្លាប់​ប្រជាជន ការ​ដឹកនាំ​ប្រទេស​បែប​នោះ គឺ​មិន​អាច​ស្ថិតស្ថេរ​គង់វង្ស​បាន​ទេ​។ ទោះ​យើង​បាន​កសាង​របង​តែ​មួយ​ផ្ទាំង ក៏​ប្រសើរ​ជាង​អ្នក ដែល​គ្រាន់តែ​និយាយ​ថា អាច​កសាងរ​បងហើយ​ទាំងមូល ទោះ​យើង​បណ្ដុះបណ្ដាល​សិស្ស​បាន​តែ​ដប់​នាក់ ក៏​ប្រសើរ​ជាង​អ្នក ដែល​គ្រាន់តែ​និយាយ​ថា អាច​បណ្ដុះបណ្ដាល​សិស្ស បាន​រាប់រយ​នាក់ ទោះ​យើង​បាន​កសាង​សមិទ្ធផល នៅ​មាន​ចំនួន​តិចតួច ក៏​ប្រសើរ​ជាង​អ្នក ដែល​គ្រាន់តែ​ដើរ​និយាយ សន្យា​ខ្យល់ តែ​មិន​ដែល​មាន​ធ្វើ​អ្វី​សោះ​”​។

បើ​តាម​លោក ហ៊ុន ម៉ា​ណែ​ត ការ​សម្ពោធ​សមិទ្ធផល​នៅ​ថ្ងៃនេះ គឺជា​ការ​រួមចំណែក​មិន​ត្រឹមតែ ក្នុង​វិស័យ​ពុទ្ធសាសនា​ប៉ុណ្ណោះ​ទេ គឺជា​ការ​រួមចំណែក នៅ​ក្នុង​ប្រទេស​ទាំងមូល ហើយ​ទី​វត្ត​អារាម គឺជា​កន្លែង​ដែល​អភិរក្ស ថែរក្សា នូវ​វប្បធម៌​ប្រពៃណី និង​អប់រំ​ប្រជាពលរដ្ឋ​អោយធ្វើ​តែ​អំពើ​ល្អ​។ ទី​វត្ត​អារាម​គឺជា​ទីកន្លែង ដែល​ផ្ដល់​អោយ​ប្រជាពលរដ្ឋ មានឱកាស​បាន​ជួបជុំ សប្បាយ​រីករាយ​ក្នុង​ការ​ធ្វើបុណ្យ​ទាន ដែល​សម័យនេះ​ទី​វត្ត​អារាម គឺ​ខុស​ពី​សម័យ​ប៉ុ​ល ពត ដែល​ត្រូវ​បាន​គេ យក​ទៅ​ធ្វើ​ជា​កន្លែង​ចិញ្ចឹមសត្វ ឬ​ជា​កន្លែង​សម្លាប់​មនុស្ស យ៉ាង​សាហាវព្រៃផ្សៃ​បំផុត​។

ការ​កសាង​សមិទ្ធផល​នានា ក្នុង​ទី​វត្ត​អារាម​នេះ គឺ​បាន​ស្ដែង​ពី​ការ​យកចិត្ត​ដាក់ និង​ការ​ខិតខំ​ប្រឹងប្រែង របស់​ព្រះ​ចៅអធិការ និង​គណៈកម្មាធិការ ព្រមទាំង​មានការ​ចូលរួម ពី​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះ​ជើងវត្ត និង​មក​ពី​គ្រប់​ទិស​ទី ទាំងនេះ​ដែល​បាន​ស្ដែង ពី​ការ​លើកកម្ពស់ ក្នុង​វិស័យ​ពុទ្ធសាសនា ជាង​នេះ​ទៅ​ទៀត ដោយសារ​តែ​ប្រជាពលរដ្ឋ មាន​លទ្ធភាព ជីវភាព​រីក​ចំរើន​ធូរធារ សម្បូរ​សប្បាយ ព្រោះ​ពួក​គាត់​បាន​កំពុង​រស់នៅ ក្រោម​ដំបូល​សន្ដិភាព និង​ការ​អភិវឌ្ឍ​។

លោក ហ៊ុន ម៉ា​ណែ​ត ក៏​សូម​ថ្លែងអំណរគុណ ចំពោះ​ប្រជាពលរដ្ឋ ដែល​តែងតែ​គាំទ្រ សម្ដេច​តេ​ជោ និង​បាន​បោះ​ឆ្នោត​ជូន​សម្ដេច ដើម្បី​ផ្ដល់​ឱកាស​ជូន​សម្ដេច ដឹកនាំ​ប្រទេស​ក្នុង​សន្ដិភាព និង​ការ​អភិវឌ្ឍ​បន្ដ​ទៀត​។ លោកតា លោកយាយ បាន​ជ្រើសរើស​មេដឹកនាំ ដែល​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ២៤​ម៉ោង សម្ដេច​តេ​ជោ បាន​ធ្វើ​សមាជ​ជាមួយ​ប្រជាជន រយៈពេល​៣៦៥​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ តាម​រយៈ ហ្វេ​ស​ប៊ុ​ក​ផេ​ក ផ្ទាល់​របស់​សម្ដេច ។

មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​បាន​យកចិត្តទុកដាក់ ពី​សំណាក់​រាជរដ្ឋាភិបាល ដែល​មានការ​ដំឡើង​ប្រាក់បៀវត្ស​ន៍ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ៗ ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ គឺជា​ថ្ងៃ​ដែល​ប្រជាជន ត្រូវធ្វើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ជា​ឱកាស​ដែល​ប្រជាពលរដ្ឋ​មាន​សិទ្ធិ ក្នុង​ជ្រើសរើស​មេដឹកនាំ​។

សូម​បង ប្អូន លោកតា លោកយាយ បន្ដ​គាំទ្រ សម្ដេច​តេ​ជោ បោះ​ឆ្នោត​ជូន​សម្ដេច​តេ​ជោ ដើម្បី​ឲ្យ​លោក​មាន​ឱកាស​ដឹកនាំ កសាង​អភិវឌ្ឍន៍​ប្រទេស ដែល​លោក​បាន​ខិតខំ តាំងពី​បាត់​ដៃទទេ អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មកនេះ​»៕

Comments

comments