ក្រសួងមហាផ្ទៃ​មិន​ជំទាស់​ចំពោះ​ការ​ស្នើ​សុំ​បង្កើត​គណបក្ស​ថ្មី​ទេ (​គណបក្ស កែម ឡី​) ប៉ុន្តែ​ឈ្មោះ​គណបក្ស​នេះ​មិន​ត្រឹមត្រូវ​បាន​ច្បាប់​ថ្មី​ស្តី​ពី​គណបក្ស​នយោបាយ តាម​មាត្រា​ទី​១១​។ ឈ្មោះ​រូប​វ័​ន្ត​បុគ្គល និង​រូបភាព​រូប​វ័​ន្ត​បុគ្គល ត្រូវ​បាន​ច្បាប់​ហាមឃាត់​មិន​ឲ្យ​យក​មក​ប្រើប្រាស់​។

នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ ដែល​ត្រូវ​បាន Fresh News ស្រង់​ប្រសាសន៍​លោក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨ ។

កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ប្អូនប្រុស​បង្កើត​លោក កែម ឡី គឺ​លោក កែម រិ​ទ្ឋិ​សិត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ប្រកាស​ពី​ការ​បង្កើត​«​គណបក្ស កែម ឡី​» ។

បើ​តាម​លោក កែម រិ​ទ្ឋិ​សិត ការណ៍​ដែល​លោក​សម្រេច​យកឈ្មោះ​បងប្រុស​របស់​លោក​ដាក់​ឈ្មោះ​គណបក្ស​នេះ ក្នុង​គោលបំណង​យក​ទស្សនទាន​ល្អ​ៗ​របស់​លោក កែម ឡី មក​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង ដើម្បី​ទប់ទល់​ក្រុម​ជ្រុលនិយម​មួយ​ចំនួន​ដែល​តែងតែ​យកឈ្មោះ​លោក​បណ្ឌិត កែម ឡី ទៅ​ធ្វើ​ជា​ឧបករណ៍​កេង​ចំណេញ​ផ្នែក​នយោបាយ ដើម្បី​បម្រើ​មហិច្ឆតា​របស់​ពួក​គេ​រាល់ថ្ងៃ ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ក៍បាន​បញ្ជាក់​ថា «​គណបក្ស កែម ឡី​» នឹង​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​តាម​គម្រោង​នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ ។

ភរិយា​លោក បណ្ឌិត កែម ឡី គឺ​លោកស្រី ប៊ូ រចនា បាន​ត្រូវ RFA ស្រង់​សម្តី​លោកស្រី​ចុះ​ផ្សាយ​ថា អ្នកស្រី មិន​ទទួលស្គាល់​ការ​បង្កើត​គណបក្ស​ដោយ​ប្រើប្រាស់​ឈ្មោះ​ស្វាមី​របស់​អ្នកស្រី ជា​ឈ្មោះ​គណបក្ស​នយោបាយ​នេះ​ទេ​។ អ្នកស្រី​អះអាង​ថា អ្នកស្រី​ឈឺចាប់​ណាស់ នៅ​ពេល​ឃាតក​បាញ់​សម្លាប់​ស្វាមី​របស់​អ្នកស្រី នៅ​ក្នុង​របប​ក្រុងភ្នំពេញ​។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន សរសេរ​នៅ​ក្នុង​តេ​ឡេ​ក្រាម (Telegram) ស្វាគមន៍​ភ្លាម​ៗ ចំពោះ​ការ​បង្កើត​របស់​ប្អូនប្រុស​លោក​បណ្ឌិត កែម ឡី នូវ​គណបក្ស​នយោបាយ​ថ្មី​នេះ​។ លោក​បញ្ជាក់​ថា ការ​បង្កើត​គណបក្ស​នេះ ទោះជា​ដាក់​ឈ្មោះ​អ្វី​ក៏​ដោយ លោក​ស្វាគមន៍​ចំពោះ​ការ​បង្កើត​គណបក្ស​ថ្មី​នេះ​។

រីឯ​មន្ត្រី​ឃ្លាំមើល​ការ​បោះ​ឆ្នោត​អង្គការ​ខុមហ្វ្រែល (Comfrel) កន សាវា​ង្ស សរសេរ​នៅ​ក្នុង​មតិ (Comment) នៅ​លើ​ហ្វេ​ស​ប៊ុ​ក (Facebook) របស់​លោក​ដោយ​ចោទ​ជា​សំណួរ​ថា តើ​ការ​បង្កើត​គណបក្ស​ដាក់​ឈ្មោះ​ឯក​ត្ត​បុគ្គល​នេះ គិត​ថា ទៅ​រួច​ទេ​0x017d7 តើ​មាន​មើល​ច្បាប់​គណបក្ស​នយោបាយ​ទេ​0x017d7

ម្យ៉ាងទៀត ខ្លឹមសារ​នេះ​យល់​ច្រឡំ​ទាំងស្រុង​ព្រោះ​ទស្សនៈ​របស់​លោក​បណ្ឌិត កែម ឡី មិនមែន​ជា​កម្មសិទ្ធិ​បុគ្គល​ណាមួយ​ទេ គាត់​បាន​ដើរ​បង្រៀន​គ្រប់​គ្នា អ្នក​ណា​ក៏​អាច​យក​ទ្រឹស្ដី​របស់​គាត់​ប្រើ​បាន​ដែរ វា​ប្រៀប​បាន​ទៅ​នឹង​បណ្ឌិត​លើ​ពិភពលោក​រៀនសូត្រ​ដូច្នេះ​ដែរ តែ​គេ​អាច​រក្សា​ឈ្មោះ​ថា ទស្សនៈបណ្ឌិត ក ឬ​ខ​។

មាត្រា ១១​ថ្មី ដែល​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​បាន​ធ្វើ​វិសោធនកម្ម​ដ៏​ចម្រូងចម្រាស់​នោះ ត្រង់​កថាខណ្ឌ​ទី​២ ចែង​ថា ឈ្មោះ​របស់​គណបក្ស​នយោបាយ មិន​ត្រូវធ្វើ​ឡើង​ដោយ​គ្រាន់តែ​កែសម្រួល​បន្តិចបន្តួច​នៅ​លើ​ឈ្មោះ​គណបក្ស​នយោបាយ​នានា ឬ​យកឈ្មោះ​រូប​វ័​ន្ត​បុគ្គល​មក​ដាក់​ឡើយ​៕

Comments

comments