«​ភាគច្រើន​បក្ស​ប្រឆាំង ជា​អ្នក​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​រាជរដ្ឋាភិបាល តាម​រយៈ​ការ​តវ៉ា​រឿង​ដីធ្លី និង​ជួនកាល​ជា​អ្នក​រុញ​ឲ្យ​ពួក​គាត់ កាប់​បំផ្លាញ​ព្រៃឈើ ។ នៅ​ក្បាលឆាយ​នេះ ក៏​មានការ​កាប់​ដែរ អ្នក​ណា​ទៅ​កាប់ ជួនកាល​អា​បក្ស​ប្រឆាំង​ហ្នឹង គឺ​រុញ​មនុស្ស​ទៅ​កាប់ ខ្លះ​កាប់​ទៅ​ធ្វើស្រែ ធ្វើ​ចំការ​មនុស្ស​កើនឡើង​ត្រូវការ​ដី​។ ក្រុមប្រឆាំង​វា​តែ​បែប​ហ្នឹង ចឹ​ង​ហើយ​បាន​វា​ចឹ​ង ហើយ​ស្រែ​កថា ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ ចាំ​ទៅ​អា​ពៅ​អើយ អញ​មិន​ទៅ​ណា​ទេ​»​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ​កម្មការិនី​ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៨​។

លោក ហ៊ុន សែន បាន​ចោទសួរ​ថា «​ព្រៃឈើ​អ្នក​ណា​ទៅ​កាប់​យក និយាយ​ឲ្យ​ពិត គ្មាន​អ្នក​ណា​ក្រៅពី​ពលរដ្ឋ​ទៅ​កាប់​ដើម្បី​ធ្វើស្រែ​ចំការ​រាល់ថ្ងៃ ដោយសារ​កំណើន​ពលរ​កើនឡើង​»​។

លោក​ប្រមុខ​រាជរដ្ឋាភិបាល​បាន​រំ​ឮ​កថា ជំនាន់​ដើម​ខេត្តព្រៃវែង​សម្បូរ​ព្រៃ ប៉ុន្តែ​បច្ចុប្បន្ន​ព្រៃវែង មិន​មានព្រៃ​ទៀត​ទេ ដោយសារ​តែ​ប្រជាជន​កើនឡើង ហើយពី​មុន​ខេត្ត​ព្រះ​សីហ​នុ ក៏​មានព្រៃ​ច្រើន​ដែរ ប៉ុន្តែ​ឥឡូវ​មានការ​អភិវឌ្ឍ​។

បើ​តាម លោក ហ៊ុន សែន នៅ​បារាំង និង​ប្រទេស​ណា​ទាំងអស់ កាប់​ព្រៃ​ទាំងអស់ កាប់​ព្រៃ​ធ្វើ​អ្នកមាន​។

លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ផ្តាំ​ទៅ​អ្នក​និយាយ​ថា «​គេ​មក​យក​ដី​ខ្លួន ប៉ុន្តែ​ដី​ដែល​ពួក​គាត់​រស់នៅ​ជា​ដី​របស់​រដ្ឋ ហើយ​ដល់​ពេល​រដ្ឋ យក​ត្រឡប់​មក​វិញ អាង​ស្រែក​តវ៉ា​ថា​បាត់បង់​ដី ដូច្នេះ​អ្នក​និយាយ​បែប​នេះ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន អ្នកខ្លះ​នៅ​ខេត្ត​នេះ តែ​ទៅ​រក​ដី​នៅ​ខេត្ត​នោះ ភាគច្រើន​ចេញពី​បក្ស​ប្រឆាំង ហើយ​អ្នកខ្លះ​ស្រែ​កថា គេ​យក​ដី​ខ្លួន អ្នក​ណា​ទៅ​យក ព្រោះ​ជា​ដី​របស់​រដ្ឋ​» ៕

Comments

comments