ទំនងជា​ខឹង​នឹង​ករណី​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន នៅ​ប្រទេស​អូស្ត្រាលី​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើ​ពាក្យ​ធ្ងន់​ៗ​ថា​« អ្នកឯង​ចង់​ឲ្យ​រដ្ឋាភិបាល​ហ៊ុន សែន ត្រូវ​បាន​គេ​ព្យួរ​នៅ​អង្គការសហប្រជាជាតិ អ្នកឯង​ដុត​រូប​ខ្ញុំ នេះ​ហើយ​ជា​មូលហេតុ​មួយ​ដែល​ខ្ញុំ​មិន​ចរចា​ជាមួយ​អ្នកឯង​នោះ​ទេ បើសិនជា​អ្នកឯង​កុំ​ធ្វើ​ឲ្យ​ជ្រុល​ហួស ប្រហែលជា​ទទួល​បានការ​ចរចា​ខ្លះ ឥឡូវនេះ​វា​ហួសពេល​ហើយ​អូន ។ បើ​ចាប់ផ្ដើម​ដំបូង​ទី​អ្នកឯង​សុំ​ចរចា ប្រហែលជា​អាច ឥឡូវ​អ្នកឯង​បាន​ដុត​រូប​ហ៊ុន សែន ដួង​កែវ​ហ៊ុន​សែន​នៅ​ក្នុង​រូប​នាគ ដើរ​ដុត​រូប​នាគ​ឲ្យ​អស់​ទៅ ការ​ដុត​រូប​នេះ​មាន​ន័យ​ថា អាណា​ជាប់គុក​នៅ​តែ​ជាប់​បន្ត គ្មាន​ទេ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ទី​២ ស្អី​ហា​ហែង​ខ្លាំង​ម្ល៉េះ​ហា ! អា​ជាប់គុក​នេះ អា​គុក​! ។

ប្រសាសន៍​ខ្លាំង​ៗ​របស់​លោក ហ៊ុន សែន ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ឈូក​វ៉ា ស្ថិត​នៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ចន្ទ ០៤​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៨ ។

លោក ហ៊ុន សែន បាន​ចោទសួរ​ថា «​តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ​ហើយ អ្នក​មក​ចង់​ចរចា​ជាមួយ​ខ្ញុំ ! អ្នក​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ក្បត់ប្រជាជន បេះដូង​ហ៊ុន សែន មិនមែន​សម្រាប់​តែ​ចរចា​ទេ​។ នៅ​ថ្ងៃ​ទី​១៥​នេះ​ខ្ញុំ​ចេញពី​ភ្នំពេញ​ទៅ​អូស្ត្រាលី គេ​និយាយ​នឹង​មានការ​ចរចា​រវាង​ខ្ញុំ​ជាមួយ​បក្ស​ប្រឆាំង ។​ខ្ញុំ​បើកចំហរ​បេះដូង​សម្រាប់​ការ​ចរចា​នយោបាយ ប៉ុន្តែ​ត្រូវ​ចាំ​ឲ្យ​ច្បាស់ អ្នក​ដែល​បិទ​សិទ្ធិ​នយោបាយ គ្មាន​សិទ្ធិ​ចរចា​ជាមួយ​ហ៊ុន សែន ទេ​! សូមអ្នក​ទាំងឡាយ​កុំ​ច្រឡំ​ខ្ញុំ​មិនមែន​ទៅ​អូស្ត្រាលី​ដើម្បី​ចរចា​ជាមួយ​អ្នកប្រឆាំង​ទេ ។ ខ្ញុំ​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន -​អូស្ត្រាលី ខ្ញុំ​បើក​ការ​ចរចា​ជាមួយ​បក្សនយោបាយ​នានា ដែល​មិន​ក្បត់ជាតិ ។​អ្នក​ដែល​ត្រូវ​បាន​តុលាការ​កាត់​សិទ្ធិ​នយោបាយ នៅ​ពេល​នេះ​មិន​ទាន់​មានច្បាប់​ណា​លើកលែងទោស​នោះ​ទេ ! នាយក​រដ្ឋមន្ត្រី​មាន​សិទ្ធិ​ស្នើ​សុំ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​ស្មាន​ណា​ក៏​បាន​ដែរ ។ បើសិនជា​អ្នក​ចង់​បានការ​លើកលែងទោស​នោះ ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក​សិន ។ រឿងរ៉ាវ​កើតឡើង​ដោយសារ​តែ​អ្នកឯង​តែ​ម្ដង បង្កើត​រឿង​ក្បត់ជាតិ​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ សំបុត្រ​អ្នកឯង​ខ្ញុំ​បាន​ចារ មិន​ឲ្យ​ឆ្លើយ​តប ការ​លើកលែងទោស​ធ្វើ​ឡើង​សម្រាប់​តែ​អ្នក​ជាប់គុក​នោះ​ទេ មិនមែន​សម្រាប់​អ្នក​កាត់​សិទ្ធិ​នយោបាយ​នោះ​ទេ ។ ខ្ញុំ​ក្នុង​ចំណោម​១១៨​នាក់ ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ ចង់​សុំ​សិទ្ធិ​ធ្វ​នយោបាយ​ឡើង​វិញ ។ សូម​បញ្ជាក់​អត់​ទាន់​មានច្បាប់​ណា លើកលែង​សិទ្ធិ​នយោបាយ​នោះ​ទេ អ្នក​តែងតែ​សង្ឃឹមថា បរទេស​នឹង​សង្កត់ក ហ៊ុន សែន អ្នកឯង​សង្ឃឹមថា អង្គការសហប្រជាជាតិ នឹង​លើកទ័ព​ចូល​កម្ពុជា ។ អ្នកខ្លះ​គិត​ថា​ខែ​នេះ​ខែ​នោះ​គេ​សង្កត់ក ហ៊ុន សែន ស្លាប់​ហើយ ។ អ្នក​បរាជ័យ​រឿង​នេះ​ទើប​មក សុំ​ខ្ញុំ​ចរចា អ្នក​ឲ្យ​កងកម្លាំងប្រដាប់អាវុធ បង្វែរ​ចុង​កាណុង​មក​រាជរដ្ឋាភិបាល នេះ​ជា​អំពើ​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ ។ ឥឡូវនេះ​អ្នក​ដុត​កម្ដៅ​ឲ្យ​ប្រជាជន​នៅ​អូស្ត្រាលី​ដុត​រូប​ខ្ញុំ ថា​ខ្ញុំ​ឯកោ​ហើយ​។ ដូច្នេះ​ខ្ញុំ​គ្មាន​តម្លៃ​គ្រប់គ្រាន់ ដើម្បី​ចរចា​ជាមួយ​អ្នក​ទេ​! ចាំបាច់​អី​មក​សុំ​ចរចា​ជាមួយ​ហ៊ុន​សែន​! ឬ​អ្នកមួយ​ថ្ងៃ​ឆ្កួត​មួយ​ថ្ងៃជា អ្នកដឹង​ហើយ​ថា​កូនសោរ​គន្លឹះ នៅ​ក្នុង​ដៃ​ហ៊ុន​សែន​នៅ​កម្ពុជា បើ ហ៊ុន សែន មិន​ឲ្យ​ភ្លើង​ខៀវ​គ្មាន​អ្នក​ណា ហ៊ាន​ទៅ​ចរចា​នោះ​ទេ ។ សុំ​ផ្ញើ​សារ​ត្រឡប់​ទៅ​វិញ ខ្ញុំ​គ្មាន​តម្លៃ​គ្រប់គ្រាន់ សម្រាប់​ចរចា​នោះ​ទេ ព្រោះ​រូប ហ៊ុន សែន ត្រូវ​បាន​ដុត​ហើយ យុទ្ធសាស្ត្រ​របស់​គេ​ឲ្យ​កងទ័ព​និង​ប្រជាជន​បះបោរ តើ​បះបោរ​ទៅ​ណា ? ប្រជាជន​កម្ពុជា​មិន​បាន​គិត​ថា អាណា​ជាប់គុក អាណា​រត់ចោលស្រុក បក្ស​ណា​ត្រូវ​រំលាយ​ទេ គ្មាន​អ្នក​ណា​ទៅ​ខ្វល់​ជាមួយ​អ្នកឯង​ទេ​។ សុំ​ផ្ដាំ​ទៅ​មិត្ត​បរទេស ខ្ញុំ​មិន​ជួប​សន្ទនា​ជាមួយ អា​ក្រុមប្រឆាំង​នោះ​ទេ​។​បក្សនយោបាយ​ច្រើន​ណាស់ កំពុង​ពង្រឹង​ខ្លួន ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ។ អ្នក​បាន​ធ្វើ​ខុស​ហើយ នយោបាយ​របស់​អ្នក គឺ​មាន​ស៊ី​អត់​សែន មាន​សែន​អត់​ស៊ី អ្នកឯង​ចាំ ។ បង​សូម​ផ្ដាំ​ទៅ ហួសពេល​ហើយ​អូន​ការ​ដុត​រូប ហ៊ុន សែន សុទ្ធតែ​កើត​ចេញពី​ក្បាលម៉ាស៊ីន​ក្បត់ជាតិ បញ្ជា​នេះឯង​។ អ្នកឯង​បាន​បន្ទោស​បង្អាប់ ខ្ញុំ​គ្រប់គ្រាន់​ហើ​ខ្ញុំ​គ្មាន​តម្លៃ​ចរចា​ជាមួយ​អ្នកឯង​នោះ​ទេ​។ ជា​ភ័ព្វសំណាង​ហើយ​ដែល​ខ្ញុំ មិន​បាន​មើល​ឃ្លី​ប​មួយ កាលពី​ឆ្នាំ​២០១៣ ដែល​ចង់​យក​ថ្ងៃ​ទី​២៩​ធ្នូ ផ្ដួលរំលំ​រដ្ឋាភិបាល​កម្ពុជា ។ បើ​ខ្ញុំ​បាន​មើល ប្រហែល​ត្រូវ​បាន​ដុត​ខ្មោច អ្នកឯង​បាត់​ហើយ ។

ខ្ញុំ​ត្រូវ​តែ​ទៅ​ចូលរួម​កិច្ចប្រជុំ នៅ​អូស្ត្រាលី ខ្ញុំ​ផ្ដល់​កិត្តិយស​ឲ្យ​អូស្ត្រាលី ខ្ញុំ​ធ្លាប់​បាន​ជួយ​អូស្ត្រាលី ! ខ្ញុំ​បាន​ដឹក​ដៃ​ឥណ្ឌា​ឲ្យ​ចូលរួម កិច្ចប្រជុំ​កំពូល ឥណ្ឌា​-​អាស៊ាន ។ អូស្ត្រាលី​ឃើញ​ដូច្នោះ​ក៏​បាន​ពឹងពាក់​ខ្ញុំ ផ្ដាំ​ទៅ​អា​អ្នក​កំពុង​ភូត និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ក្នុង​និង​ក្រៅប្រទេស ឲ្យ​បាន​ជ្រាប​គ្មាន​ការ​ចរចា​ជាមួយ ក្រុមប្រឆាំង​នោះ​ទេ​។ ខ្ញុំ​មិន​សាក​សម​ធ្វើ​ជា​ដៃគូ សន្ទនា​ជាមួយ​អ្នក​ទេ អ្នកឯង​ជា​អ្នកទោស​ជា​ពួក​ក្បត់ជាតិ រឿង​អី​ខ្ញុំ​សាក​សម​ចរចា ជាមួយ​អ្នកឯង ! អ្នកឯង​ខ្ពស់​ពេក​ហើយ »​។

ជា​ការ​កត់សម្គាល់ ការ​លើក​ឡើង​ខ្លាំង​ៗ​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មេដឹកនាំ​នៃ​ចលនា​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី កាលពី​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៨ បាន​អំពាវនាវ​ជា​ថ្មី​ដល់​កង​ម្លាំ​ង​ប្រដាប់​អាវុធ​កុំ​ធ្វើ​តាម​បញ្ជា​ជន​ផ្តាច់​ការ ដែល​លោក​ចង់​សំដៅ​ទៅ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​បាញ់​ពលរដ្ឋ​ស្លូតត្រង់ ។

នៅ​ក្នុង​សារ​វី​ដេ​អូ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់ លោក សម រ​ង្ស៊ី មេ​បក្ស​ប្រឆាំង​ដ៍​មាន​ប្រជាប្រិយភាព​រូប​នេះ ក៍បាន​បន្ត​ចោទ​លោក ហ៊ុន សែន ថា​ជន​ក្បត់ជាតិ​កាត់​ដី​ឲ្យ​បរទេស និង​ថា​លោក ហ៊ុន សែន អស់​ផ្លូវ​ដើរ​(​នយោបាយ​) ។ ជាមួយ​គ្នា​នេះ ប្រសាសន៍​ធ្ងន់​ៗ​របស់​បុរស​ខ្លាំង ហ៊ុន សែន​នេះ​ដែរ ក៍បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មិន​ពេញចិត្ត​និង​មិន​គាំទ្រ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នៅ​ប្រទេស​អូស្ត្រាលី បាន​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន ហើយ​សកម្មភាព​នៃ​ការ​ដុត​រូប​បុរស​ខ្លាំង ហ៊ុន សែន​នេះ ក៍​បន្ត​រាលដាល​ដល់​ប្រទេស​កា​ណា​ដា និង​ត្រ​្រៀ​ម​ធ្វើ​នៅ​អា​មេ​រិ​ក​ផង​ដែរ ៕

Comments

comments