កូនប្រុស​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ចោទ​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ ថា បាន បើក​ការ​វាយប្រហារ លាប​ព័​ណ៍ និង​មាក់ងាយ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្នា​ឯង ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​ក្រុមប្រឆាំង​។ លោក ហុង លី​ម ថា រដ្ឋាភិបាល​កំពុង​លាប​ព័​ណ៍​ខ្លួនឯង​។ រីឯ​លោក ហុង លី​ម វិញ​បាន​ហៅ​របប​លោក ហ៊ុន សែន ថា​ជា​របប​អ​សីលធម៌​ទាំង​អំពើ​ពុក​រលួយ និង​ផ្លូវភេទ​។

តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​លោក ហុង លី​ម បាន​ចាត់ទុក​របប​ដឹកនាំ​លោក ហ៊ុន សែន ថា​ជា​របប​ពេជ្ឈឃាដ ដោយសាររបប​នេះបាន​សំលាប់​មនុស្ស​អស់​ជា​ច្រើន ជា​ពិសេសក្រុម​អ្នក​រិះគន់របបរបស់​លោក សកម្មជនបរិស្ថាន មេដឹកនាំ​សហជីព​កម្មករ តារា​សម្តែងនិង​ក្រុមយោធានៃ​របប​រាជា​និយម​អស់​ជា​ច្រើន​នាក់​។

ជាង​នេះ​ទៅ​ទៀត លោក ហុង លី​ម ក៏​បាន​ហៅ​របប​ក្រុងភ្នំពេញ ថា​ជា​របប​អ​សិ​ល​ធម៌ ទាំង​ពាក្យ​សំដី ទាំង​សកម្មភាព​ផ្ទាល់ ហើយមេដឹកនាំ​នៃ​របប​នេះ មាន​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវពុក​រលួយ និង​ផ្លូវភេទទាំង​ឪ ទាំង​កូន​តែម្តង​។

ការ​ចោទប្រកាន់​របស់​លោក ហុង លី​ម គឺ​ការ​ឆ្លើយ​តប​ទៅ​នឹងកូនប្រុសច្បង​របស់ លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ា​ណែ​ត ដែល បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃអាទិត្យ ដោយ​ចាត់​ទុក​សកម្មភាព​របស់ លោក ហុង លី​ម ថា​បាន​បង្ហាញ​ពីក​ម្រិត​នៃ​ភាព​ចាស់ទុំ និង សីល ធម៌ ។

កូនប្រុស​របស់​លោក ហ៊ុន សែន រូប​នេះ​បាន​ចោទប្រកាន់​លោក ហុង​លី​ម ថា​មនុស្ស​ដែល​ពូកែ​ខាងលាប​ពណ៌​។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត មាស នី ថា ក្នុង​កាលៈទេសៈ នយោបាយ​តានតឹង​បែប​នេះ លោក មិន ហ៊ាន​សន្មត់ ថា រដ្ឋាភិបាល កម្ពុជា ឬ​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ ជា​អ្នក​លាប ព័​ណ៍ ទេ​។ ប៉ុន្ដែ ស្ថានការណ៍​ជាក់ស្ដែង​នៅ​កម្ពុជា​បច្ចុប្បន្ន មិន​អាច​លាក់ ពលរដ្ឋ និង​សហគមន៍ អន្ដរ ជាតិ​បាន​ទេ​។ លោក​បន្ត​ថា មាន​តែ ពលរដ្ឋ​ទេ​ទើប​ដឹង​ថា អ្នក​ណា​ជា​អ្នក​លាប​ពណ៌​អ្នក​ណា​នោះ​។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ហេតុផល​ដែល​បណ្ដាល​ឲ្យ​ស្ថានភាព នយោបាយ រង​គ្រោះ​មហន្តរាយ ដូច​សព្វ​ថ្ងៃនេះ ឡើង​ដោយសារ​តែ អ្នក នយោបាយ អ្នក​ឈ្នះ​ខ្លាច​ចាញ់ ឯ​អ្នក​ចាញ់​ខ្លាច​ពេល​ឈ្នះ មិន បាន​អំណាច​។

លោក​បណ្ឌិត មាស នី ស្នើ​ឲ្យ​អ្នកនយោបាយ​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​គ្នា កុំ​ប្រើ​ភាសា​គុំ​គួ​ន​គ្នា បើ​មិនដូច្នេះទេ ពលរដ្ឋ​ខ្មែរ​ជា អ្នក រង​គ្រោះ ក្នុង​ស្ថានភាព​នយោបាយ​បែប​នេះ​៕

ប្រភព RFA