ខេត្ត​ចំនួន​១៣ របស់​ថៃ ក្នុង​នោះ​មាន​ខេត្ត​៤ ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​កម្ពុជា​ផង​នោះ ត្រូវ​បាន​ប្រកាស​ថា ជា​តំបន់​ក្រហម ដោយសារ​ជំងឺឆ្លង​មួយ​បាន​រីក​រាលដាល​នៅ​តាម​ស្រុក​ជា​ច្រើន ដែល​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៣​នាក់ បាន​ស្លាប់​ក្នុង​រយៈពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ ។

លោក Cheerasak Pipatpongsopon អគ្គនាយករង​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​បសុសត្វ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៥ មីនា ២០១៨ ម្សិលមិញ​ថា ខេត្ត​ចំនួន​១៣ ក្រុម​នាយកដ្ឋាន​បាន​រក​ឃើញ​ជំងឺ​ឆ្កែឆ្កួត ហើយ​ក៏​បាន​ប្រកាស​ពី​តំបន់​ដែល​ងាយ​នឹង​ជំងឺឆ្លង នៅ​ក្នុង​ខេត្ត​ចំនួន​៤២​ ផ្សេង​ទៀត​ផង​ដែរ ខណៈ​មនុស្ស​៣​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត ស្រប​ពេល​ដែល​សត្វស្រុក​ចំនួន​២៤៧​ក្បាល ត្រូវ​បាន​ឆ្លង​វីរុស ហើយ​ស្លាប់​ចាប់តាំងពី​ខែមករា​២០១៨ មក ។

សេចក្តី​ប្រកាស​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​មួយ​ថា ឆ្កែ​មួយ​ក្បាល បាន​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត នៅ​លើ​បរិវេណ​មន្ទីរពេទ្យ មួយ​កន្លែង ។ ការិយាល័យ​បសុសត្វ ក៏​បាន​ព្យាយាម​ចាប់​សត្វ​ឆ្កែ​ដែល​នៅ​ជិត​មន្ទីរពេទ្យ ប្រហែលជា​១០​ក្បាល​ទៀត ដើម្បី​ពិនិត្យ​ថា តើ​ពួក​វា​ឆ្លង​ជំងឺ​នេះ ឬ​យ៉ាងណា ?

សត្វ​ឆ្កែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា បាន​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​ជា​ច្រើន​ក្បាល ខណៈ​ពេល​ដែល​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ នៅ​ក្នុង​ខ្លួន​សត្វ​ឆ្មា និង​សត្វ​គោ ។

លោក​វេជ្ជបណ្ឌិត Cheerasak បាន​និយាយ​ថា មូលហេតុ​ចំបង នៃ​ជំងឺ​ឆ្កែឆ្កួត​នេះ គឺ​វា​ងាយ​រីក​រាលដាល ខណៈ​ម្ចាស់​សត្វ​ចិញ្ចឹម មិន​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស អោយ​សត្វ​របស់​ខ្លួន ។ ហើយ​ពួក​គេ​(​ម្ចាស់​សត្វ​ចិញ្ចឹម​) អនុញ្ញាត​ឱ្យ​សត្វ​ចិញ្ចឹម​របស់​ខ្លួន ដើរ​ដោយ​សេរី ដែល​បង្ក​ជា​ហានិភ័យ​យ៉ាង​ខ្លាំង ដោយសារ​តែ​សត្វ​ដែល​មាន​ជំងឺ​ឆ្កែឆ្កួត បាន​ខាំ ឫ​សត្វ​ចិញ្ចឹម​ដែល​មាន​ជំងឺ​ឆ្កែឆ្កួត បាន​ខាំ​សត្វស្រុក​បន្តបន្ទាប់ ។

លោក​បណ្ឌិត ក៏​បាន​ជំរុញ​ឱ្យ​ម្ចាស់​សត្វ​ចិញ្ចឹម នាំ​យក​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ទៅ​រក​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត ឱ្យ​បាន​លឿន តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ទប់ស្កាត់​ជំងឺ​នេះ ។

ជា​ការ​ចំណាំ​ខ្លះ​ៗ ៖ សត្វ​ឆ្កែ​ដែល​ម្ចាស់​ចិញ្ចឹម អាច​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ពី​រោគ​សញ្ញា​ទាំង​បី នៅ​ច​ម្លោះ​ពេល​ប្រហែល​១០​ថ្ងៃ​ដែល​វា​បាន​ឆ្លង​វីរុស​ឆ្កែឆ្កួត​នោះ គឺ​រោគ​សញ្ញា​ទី​១ សត្វ​នឹង​ឆាប់​ខឹង​, ទី​២ ធ្វើ​ឱ្យ​សត្វ​កាន់តែ​ដកខ្លួន​ចេញពី​ម្ចាស់​របស់​ពួក​វា​(​មិនសូវ​នៅ​ក្បែរ​)​ក្នុង​អំឡុង​ពី​២​ទៅ​៣​ថ្ងៃ​ដំបូង​, និង​ទី​៣ បន្ទាប់​មក ពួក​វា​បាន​ក្លាយជា​សត្វ​កាច​សាហាវ​(​ខាំ​) និង​បង្ហៀរ​ទឹកមាត់ ឫ​បែកពពុះមាត់ មុន​ពេល​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ នៃ​ការ​ខ្វិន និង​ការ​ស្លាប់ ។

ជំងឺ​ឆ្កែឆ្កួត​ជា​អ្វី ? ឆ្កែឆ្កួត​ជា​ជំងឺ​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​វីរុស Lyssaviruses ហើយ​ពេល​សត្វ (​ឆ្កែ ឬ​ឆ្មា​) ដែល​ផ្ទុក​វីរុស​នេះ​ខាំ ក្រញៅ ឬ​លិទ្ធ មនុស្ស នោះ​វីរុស​នេះ​នឹង​ឆ្លង​តាម​រយៈ​ទឹកមាត់ ចម្លង​ទៅ​កាន់​ជាលិកា​ក្រោម​ស្បែក និង​សាច់ដុំ ។ បន្ទាប់​មក​វា​នឹង​ចូល​ទៅ​ប្រព័ន្ធ​ប្រសាទ​បន្ត​ទៅ​ខួរក្បាល ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកជំងឺ ផ្លាស់​ប្ដូរ​ឥរិយាបថ ។ លក្ខណៈ​អាកា​រៈ​របស់​អ្នកជំងឺ​មាន​ភាព​សាំញ៉ាំ ប៉ុន្តែ​គេ​អាច​ដឹង​តាម​រយៈ​ពីរ​ចំណុច​ខាងក្រោម ៖

ទី​១. រោគ​សញ្ញា​ខួរក្បាល ៖ អ្នកជំងឺ​៧០% ទៅ​៨០% មាន​អាកា​រៈ​ខ្លាច​ខ្យល់ ទឹក និង​ស្មារតី​ស្ថិត​ក្នុង​សភាព​ច្របូកច្របល់ ។
ទី​២. រោគ​សញ្ញា​ខ្វិន ៖ អ្នកជំងឺ​ឆ្កែឆ្កួត នឹង​មិន​អាច​កម្រើក​អវយវៈ​បាន (​សាច់ដុំ​មិន​ដំណើរការ​) ។

តើ​ជន​រង​គ្រោះ​ធ្វើ​ដូច​ម្ដេច​នៅ​ពេល​ត្រូវ​ឆ្កែ ឆ្មា ខាំ ក្រញៅ ឬ​លិទ្ធ​ត្រង់​កន្លែង​មាន​របួស ?

ទី​១. ត្រូវ​លាងមុខ​របួស​ជា​បន្ទាន់ -​ដោយ​ប្រើ​សាប៊ូ និង​ទឹក​ស្អាត -​លាប​សារធាតុ​សម្លាប់​មេរោគ -​មិន​ត្រូវ​បិទមុខ​របួស ។

ទី​២. ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជា​បន្ទាន់ ដើម្បី​ធ្វើការ​ព្យាបាល -​ធ្វើការ​ព្យាបាល​កន្លែង​របួស​ដោយ​ប្រើ​សេរ៉ូម​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត និង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត ។

ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ប្រសិនបើ​អ្នក​ណា​ម្នាក់​ត្រូវ​ឆ្កែ ឆ្មា ខាំ ក្រញៅ ឬ​លិទ្ធ​ត្រង់​មាន​របួស (​ជា​ពិសេស​ឆ្កែ​ដែល​គេ​សង្ស័យ​ថា​ឆ្កួត​) អ្នក​នោះ​ត្រូវ​ប្រញាប់ប្រញាល់​ទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ពិគ្រោះ ព្យាបាល ឬ​ចាក់​វ៉ាក់សាំង​ការពារ ។ បើ​ចាក់​វ៉ាក់សាំង​មិន​ត្រឹមត្រូវ ឬ​រង់ចាំ​ដល់​ចេញ​រោគ​សញ្ញា ជន​រង​គ្រោះ​នឹង​ប្រឈម​គ្រោះថ្នាក់​ខ្ពស់​រហូត​បាត់​បង់ជីវិត ។

បើ​តាម​លោក​វេជ្ជបណ្ឌិត លី សុវត្ថិ ជា​តំណាង​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា អោយ​ដឹង​ថា ជំងឺ​នេះ​នឹង​ចេញ​រោគ​សញ្ញា ក្នុង​រយៈពេល​មួយ​អាទិត្យ ទៅ​១០​ថ្ងៃ ឬ​រាប់​ខែ​អាស្រ័យ​តាម​របួស ។ លោក​ថា វា​ជា​ជំងឺ​គ្រោះថ្នាក់ ប៉ុន្តែ​យ៉ាងណា​លោក​ថា នៅ​កម្ពុជា​មាន​វ៉ាកសាំង​ការពារ​ជំងឺ​នេះ​ហើយ ៕

    

Comments

comments