ទេព បូ​ព្រឹក្ស បាន​ក្លាយទៅជា​គូស្នេហ៍​តារាចម្រៀង​រ៉េ​ប ងួ​ន ចាន់​ដេ​វីត យ៉ាង​បើកចំហ ដោយ​ពួក​គេ​បាន​ដាក់​ទុន​ចូល​គ្នា ១៤​ម៉ឺន​ដុល្លារ រកស៊ី​ធំ​បើកហាង​លក់​ផលិតផល​រក្សា​សម្រស់ ដែល​ត្រៀម​សម្ពោធ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​នេះ​ហើយ នេះ​បើ​តាម​កាសែត​នគរធំ​ បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៦ មីនា ២០១៨​នេះ ។

ការ​មានទ្រព្យ​យ៉ាង​ឆាប់រហ័ស​របស់​ទេព បូ​ព្រឹក្ស នៅ​ពេល​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា នាង​បង្ហាញ​ស្នេហ៍​ ងួ​ន ចាន់​ដេ​វីត គ្រាន់តែ​ជា​ការ​ពាំងមុខ​លោក​ធំ​ផ្កាយ​៤​ម្នាក់ កុំឱ្យ​គេ​ដឹង​រឿង​ស្នេហ៍​ក្រោយខ្នង​ប៉ុណ្ណោះ​… ។

ទេព បូ​ព្រឹក្ស ដែល​ធ្លាយ​រឿង មាន​ស្នេហ៍​ជាមួយ​លោក​ផ្កាយ​៤ វ័យក្មេង ផ្អើល​អស់​មហាជន និង​ចង្កោម​អ្នកសិល្បៈ​នោះ ស្រាប់តែ​ស្ម​គ្រ័​ចិត្ត​បង្ហាញ​គូស្នេហ៍​រួម​ដំបូល​តែ​មួយ ​ងួ​ន ចាន់​ដេ​វីត ដោយ​បើកចំហ ដែល​រឹតតែ​ធ្វើ​ឱ្យ​មានការ​ខ្សឹបខ្សៀវ ពេញ​ចង្កោម​អ្នកសិល្បៈ​ថា ពួក​គេ​ទាំង​២​នាក់ លេងល្ខោន​ស្នេហ៍ ដើម្បី​ជា​ការ​បំបាំងភ្នែក​មហាជន ចំពោះ​រឿង​ដ៏​រសើប​នៅ​ក្រោយខ្នង​ប៉ុណ្ណោះ ព្រោះថា ម្នាក់​ៗ​សុទ្ធតែ​ពេញចិត្ត​ចំពោះ​ការ​បញ្ចោ​ញ​ឱ្យ​គេ​ឃើញ​ជា​ចំហចំពោះ​រឿង​ស្នេហ៍​នេះ ។

ទេព បូ​ព្រឹក្ស ធ្លាប់​អះអាង​ថា រឿង​គេ​ថា នាង​មាន​អ្នកធំ​តាម​ស្រលាញ់ មាន​សង្សារ​ជា​កូន​ឧកញ៉ា​នោះ គឺជា​រឿង​ធម្មតា​ទៅ​ហើយ ព្រោះថា ពេល​ខ្លះ​នាង​មិនដឹង​ខ្លួន​ឡើយ ហើយដោយ​សារ​តែ​នាង​ជា​អ្នកសិល្បៈ​ស្រី​វ័យក្មេង​អ៊ីចឹង គឺ​ប្រាកដជា​មាន​អ្នកធំ​ៗ​ស្រលាញ់​អ៊ីចឹង​មែន គ្រាន់តែ​សំខាន់​លើ​រូប​នាង​ផ្ទាល់​ប៉ុណ្ណោះ​ថា កំពុង​តែ​ធ្វើ​អី ?

បូ​ព្រឹក្ស ថែម​ទាំង​អះអាង​ទៀត​ថា ស្នេហា​នាង​ជាមួយ​ងួ​ន ចាន់​ដេ​វីត គឺជា​ស្នេហ៍​ពិត ដែល​មានគ្រួសារ​ទាំង​សងខាង​ដឹង​ឮ​អស់​ទៀត​ផង ។

ទេព បូ​ព្រឹក្ស ហៅ​ស្រី​និច្ច បាន​បង្កើន​អ្នក​រាំ​អមរ​ហូត​ដល់​ទៅ​ជាង​១០​នាក់ នៅ​លើ​ឆាក​តន្ត្រី ហើយ​នាង​ក៏​ឡើងថ្លៃ​ច្រៀង​១​កម្មវិធី ស៊ីថ្លៃ​១,៥០០ ទៅ​១,៨០០​ដុល្លារ ហើយ​តារា​ពូកែ​លេង​ក្បាច់​រាំ​រូប​នេះ បង្ហើប​ឱ្យ​ដឹង​ថា ក្នុង​១​ខែ នាង​អាច​រក​ប្រាក់​ចំណូល​បាន​មិន​ក្រោម​៥​ពាន់​ដុល្លារ ក្រោយ​ពីផាត់​លើ​ការ​ចំណាយ​ទាំងឡាយ​អស់នោះ​។ ប៉ុន្តែ ការ​បញ្ចោ​ញ​ភាព​ហ៊ឺហា​របស់​ទេព បូ​ព្រឹក្ស នា​រយៈពេល​ចុង​ក្រោយ​នេះ ដូច​ជា​ទិញ​វីឡា​តម្លៃ​១៤​ម៉ឺន​ដុល្លារ រថយន្ត​ទំនើប Land Cruiser V8 តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ រួម​ទាំង​ការ​ដាក់​ទុន​បើកហាង​រក្សា​សម្រស់ ១៤​ម៉ឺន​ដុល្លារ​ថែម​ទៀត​នោះ ត្រូវ​បាន​គេ​សង្ស័យ​ថា តារា​ពូកែ​រាំ​រូប​នេះ​អាច​មាន​ជំនួយ​ធំ​នៅ​ពីក្រោយ​ខ្នង ទោះជា​នាង​បង្ហាញ​ថា គូស្នេហ៍​ជា​ងួ​ន ចាន់​ដេ​វីត ក្តី ។ ប្រភព​បានឱ្យ​ដឹង​ថា ទេព បូ​ព្រឹក្ស ត្រូវ​បាន​លោក​ផ្កាយ​៤ អាយុ​៣០​ប្លាយ​ម្នាក់ តាម​ស្នេហ៍​យ៉ាង​ប្រកិត​បំផុត ។

តារា​មួយ​ចំនួន​បាន​ខ្សឹបខ្សៀវ​គ្នា​ថា ទេព បូ​ព្រឹក្ស ដែល​បង្ហាញ​ឱ្យ​គេ​ឃើញ​ពី​ភាព​ផ្អែមល្ហែម​រវាង​នាង និង​ងួ​ន ចាន់​ដេ​វីត នោះ អាច​ជា​ល្ខោន ដើម្បី​បំភ័ន្ត​ភ្នែក​មហាជន​ប៉ុណ្ណោះ ព្រោះ​ទោះជា​ម្ចាស់​បទ “​រាំ​ញី​កែងជើង​” រូប​នេះ​ល្បី និង​រក​ប្រាក់​ចំណូល​ច្រើន​យ៉ាងណា ក៏​មិន​អាច​ផ្តល់​នូវ​អ្វី​ៗ​គ្រប់យ៉ាង​ដែល​ស្រី​និច្ច មាននៅ​ពេល​នេះឡើយ ហេតុនេះ​ហើយ​បានជា​គេ​នៅ​តែ​សង្ស័យ​ថា បូ​ព្រឹក្ស មាន​លោក​ធំ​ផ្កាយ​៤​នោះ នៅ​ក្រោយខ្នង​ស្រី​ស្អាត​ពូកែ​រាំ គួរ​ឱ្យ​ក្នក់ក្នាញ់​រូប​នេះ ។

មហាជន​រង់ចាំ​មើល​ថា ក្រោយ​ពេល​ដែល​ទេព បូ​ព្រឹក្ស និង​ងួ​ន ចាន់​ដេ​វីត បញ្ចោ​ញ​ភាព​ផ្អែមល្ហែម​លើស​ស្ករ​តាំង​ម៉ែ និង​ដាក់​ទុន​ធំ​រកស៊ី​ចូល​គ្នា​នេះ គូ​ស្នហ៍​យុវវ័យ​នេះ​នឹង​គ្រោង​ភ្ជាប់ពាក្យ និង​ចូល​រោងការ​ដូច​អ្វី​ដែល​ពួក​គេ​ថា ពេល​មាន​គ្រប់យ៉ាង នឹង​មាន​ដំណឹង​ល្អ​នោះ តាម​ការ​សន្យា​ដែរ​ឬទេ ? ឬ​មួយ​ក៏​នេះ​គ្រាន់តែ​ជា​ល្បែង​ស្នេហ៍​បំភ័ន្ត​ភ្នែក​របស់​ទេព បូ​ព្រឹក្ស ដូចដែល​គេ​កំពុង​តែ​ចោទប្រកាន់​លើ​រូប​នាង​ពេល​នេះ ?

Comments

comments