ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើការ​ចោទ​ថា សហរដ្ឋអាមេរិក កំពុង​បង្ក​ការ​ភាន់ច្រឡំ និង​ភូត​កុហក​ពលរដ្ឋ រឿង​ផ្ដាច់ជំនួយ​កម្មវិធី​កសាង​សមត្ថភាព​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៨ អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិ​ក ប្រចាំ​កម្ពុជា បាន​ផ្ញើ​លិខិត​មួយ​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​មួយ ដើម្បី​ធ្វើការ​បកស្រាយ​បំភ្លឺ​ពី​ករណី​នេះ ​។

អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា លោក David Josar ពន្យល់​ថា កម្មវិធី​កសាង​សមត្ថភាព ដែល​ផ្ដល់​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បញ្ចប់​នៅ​ខែធ្នូ ​ឆ្នាំ​២០១៦ ​។ ប៉ុន្ដែ លោក​ថា រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​សុំ​ជា​ច្រើន​ដង​ឲ្យ​បន្ដសកម្មភាព​ជំនួយ​ទាំងនេះ និង​ថា ស្ថិត​ក្រោម​ពិចារណា​នៅឡើយ រហូត​ដល់​សេត​វិមាន​អា​មេ​រិ​ក កាលពី​ពេល​ថ្មី​ៗ​នេះ បាន​សម្រេច​ផ្អាក​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​ជា​ច្រើន ព្រោះថា​កម្ពុជា មិន​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ ។

ក្នុង​សារ​អេ​ឡិច​ត្រូ​និ​ច លោក David Josar បកស្រាយ​ថា​ ៖ «​សកម្មភាព​កសាង​សមត្ថភាព កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៦​ ។ យើង​បាន​ទទួល​សំណើ​ជា​ច្រើន​ដង​ពី​រដ្ឋាភិបាល​ឲ្យ​បន្ដ​ផ្ដល់​សកម្មភាព​ជំនួយ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ស្ថិត​ក្រោម​ការ​ពិចារណា​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​។ យ៉ាងណាមិញ នៅ​ខែ​កុ​ម្ភៈ​ ឆ្នាំ​២០១៧ ​សេចក្ដីថ្លែងការណ៍​ពី​សេត​វិមាន ​គូសបញ្ជាក់​ថា រដ្ឋាភិបាល​អា​មេ​រិ​កបាន​ព្យួរ​ការ​ផ្ដល់​ជំនួយ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ និង​កម្មវិធី​ជំនួយ​ជា​ច្រើន​ផ្សេង​ទៀត​នៅ​កម្ពុជា​» ​។

ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា លោក វី​ល្លៀម ហៃ​ដ៍ កាលពី​ថ្ងៃ​ទី​២ ​មីនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល និយាយ​ថា ការ​ប្រកាស​ផ្ដាច់ជំនួយ​របស់​អា​មេ​រិ​ក គឺជា​ការ​បំប៉ោង​សភាពការណ៍ និង​បង្ក​ការ​ភាន់ច្រឡំ ដោយ​ថា ជំនួយ​ទាំងនោះ បាន​បញ្ចប់​តាំងពី​ខែធ្នូ ​ឆ្នាំ​២០១៦ ​មក​ម្ល៉េះ ហើយ​កាលនោះ មាន​ទាំង​ការ​រៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ទៀត​ផង ​។

ករណី​នេះ ក៏​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​រិះគន់​លោក វី​ល្លៀម ហៃ​ដ៍ ថា «​មិន​ចេះ​ធ្វើការ​» និង​ស្នើ​បកស្រាយលើ​ករណី​នេះ ផងដែរ ​៕

 

Comments

comments