មន្ត្រី​ម្នាក់​បាន​និយាយ កាលពី​ថ្ងៃ​ចន្ទ​ទី​៥ មីនា ២០១៨ នេះ​ថា តុលាការ​ទីក្រុង​បាងកក បាន​កាត់ទោស​បុរស​ជនជាតិ​ខ្មែរ​៥​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ៥០​ឆ្នាំ ក្រោម​ការ​ចោទ​ថា បង្ក​ហិង្សា និង​រំលោភ​ស្ត្រី​អ្នកទេសចរ​២​នាក់ នៅ​លើ​«​កោះ​ឃូ​ត​» ក្នុង​ប្រទេស​ថៃ កាលពី​២​ឆ្នាំ​មុន នេះ​បើ​យោង​តាម​សារព័ត៌មាន​ថៃ បាងកក​ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ ។

មន្ត្រី​តុលាការ​ម្នាក់​នៅ​ខេត្ត​ត្រា​ត​ប្រទេស​ថៃ​បាន​ប្រាប់ AFP ថា តុលាការ​ថៃ​ចោទ​ថា ប្រជា​នេសាទ​ខ្មែរ​ទាំង​៥​នាក់ បាន​ហែល​ទឹក​ឆ្លង​ទៅ «​កោះ​ឃូ​ត​» ហើយ​ពួក​គេ​បាន​ប្រើ​ហិង្សា​លើ​ភ្ញៀវ​ទេសចរ​បារាំង​មួយ​ក្រុម​មាន​គ្នា​៤​នាក់ និង​បាន​រំលោភ​ស្ដ្រី​បរទេស​២​នាក់ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ។ ជនជាប់ចោទ​ខ្មែរ​ទាំង​៥​នាក់ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា មានទោស​ពី​បទ​រំលោភ​សេពសន្ថវៈ និង​ប្រើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស និង​មាន​ម្នាក់​ក្នុង​ចំណោម​នោះ ជាប់ចោទ​ពី​បទ «​មនុស្សឃាត​ដោយ​អ​ចេតនា​» ព្រមទាំង​ទទួលទោស​ពិន័យ​ជា​ប្រាក់​ផង​ដែរ ។

សូម​រម្លឹក​ឡើង​វិញ​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៦ កម្មករ​ខ្មែរ​ដែល​ធ្វើការ​លើ​ទូក​នេសាទ​ចំនួន​៥​នាក់ ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​ព្រួត​គ្នា​ចាប់រំលោភ​បូក លើ​ស្ត្រី​ភ្ញៀវ​បរទេស​២​នាក់ ដែល​កំពុង​ដើរ​លេង​នៅ​លើ​ឆ្នេរសមុទ្រ ស្ថិត​ក្នុងស្រុក​កោះ​កូត ខេត្ត​ត្រា​ត ប្រទេស​ថៃ ហើយ​ថែម​ទាំង​ព្រួត​គ្នា​វាយដំ​ទៅ​លើ​បុរស​បរទេស​២​នាក់ ដែល​ដើរ​ជាមួយ​ស្ត្រី​រង​គ្រោះ បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ទៀត​ផង មុន​ពេល​ធ្វើ​សកម្មភាព​ចាប់រំលោភ ។

បើ​តាម​មន្ត្រី​ខ្មែរ បានឱ្យ​ដឹង​ថា កម្មករ​ខ្មែរ​ទាំង​៥​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន ១-​ឈ្មោះ​ចិន អាយុ​២៥​ឆ្នាំ ២-​ឈ្មោះ​យី​ម អាយុ​២៥​ឆ្នាំ ៣-​ឈ្មោះ​ផៃ អាយុ​២២​ឆ្នាំ ៤-​ឈ្មោះ​បុត្រ ណា​ម អាយុ​២០​ឆ្នាំ និង​៥-​ឈ្មោះ​ធី អាយុ​២០​ឆ្នាំ ដែល​សុទ្ធតែ​ជា​កម្មករ​ធ្វើការ​លើ​ទូក​នេសាទ នៅ​ប្រទេស​ថៃ ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រុម​កម្មករ​ខ្មែរ​ទាំង​៥​នាក់​នេះ ត្រូវ​សមត្ថកិច្ច​ខេត្ត​ត្រា​ត ដែល​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជិត​៥០​នាក់ បាន​ព័ទ្ធ​ចាប់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​មាន​សេចក្ដីរាយការណ៍​ថា ពួក​គេ​បាន​ចាប់រំលោភ​សេពសន្ថវៈ​ទៅ​លើ​ស្ត្រី​បរទេស​២​នាក់ ពេល​ពួក​នាង និង​មិត្ត​ប្រុស​២​នាក់​ទៀត កំពុង​ដើរ​លេង​ក្បែរ​ឆ្នេរសមុទ្រ​នៅ​ក្នុង​ខេត្ត​ត្រា​ត ខណៈ​ថ្ងៃ​ជិត​លិចទៅ​ហើយ ។

បើ​តាម​ការ​ស្រង់​សម្តី នៃ​បុគ្គលិក​សណ្ឋាគារ «​សែន​អ៊ិ​ន​ស៊ី​រី​សត​» ស្ថិត​នៅ​ក្នុង​ខេត្ត​ត្រា​ត​បាន​និយាយ​ថា ដំបូង​គេ​ឃើញ​បុរស​បរទេស​ម្នាក់ បាន​រត់​ទាំង​មាន​ស្នាមរ​បូស​មក​ប្រាប់​បុគ្គលិក​សណ្ឋាគារ​ថា មាន​ក្មេង​ស្ទាវ​មួយ​ក្រុម បាន​វាយដំ​ពួក​ខ្លួន ហើយ​ថែម​ទាំង​ចាប់រំលោភ​មិត្ត​ស្រី​របស់​ខ្លួន​២​នាក់​ទៀត យ៉ាង​ព្រៃផ្សៃ នៅ​មាត់​ឆ្នេរសមុទ្រ​ក្រោយ​សណ្ឋាគារ ។ ខណៈនោះ ក៏​មានការ​ភ្ញាក់ផ្អើល​ទាំង​តម្រួត និង​ប្រជាពលរដ្ឋ​ថៃ​នៅ​តំបន់​នោះ នាំ​គ្នា​ដេញ​ព័ទ្ធ​ចាប់​ក្រុម​ក្មេង​ស្ទាវ​នោះ​បាន​តែ​ម្ដង ប៉ុន្តែ​ក្រោយ​ពី​ស្ទាក់​ចាប់​បាន​ជន​ទាំង​៥​នាក់​នោះ ហើយ​យក​ទៅ​សួរនាំ​ទើប​ដឹង​ថា ពួក​គេ​ជា​កម្មករ​ខ្មែរ ធ្វើការ​លើ​ទូក​នេសាទ​ក្នុង​ប្រទេស​ថៃ ។

បុគ្គលិក​សណ្ឋាគា​រួប​នោះ បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ជា​ភ្ញៀវ​ទេសចរ​បរទេស​មាន​គ្នា​៤​នាក់ ស្រី​២​នាក់ ប្រុស​២​នាក់ ប៉ុន្តែ​មុន​ពេល​ចាប់​ស្ត្រី​២​នាក់​រំលោភ​បូក គឺ​ក្រុម​ជន​ដៃដល់​បាន​ព្រួត​គ្នា​វាយដំ​ទៅ​លើ​បុរស​២​នាក់​នោះ​ឱ្យ​រង​របួសធ្ងន់​ទៅ​ហើយ ។ ក្រុម​ពលករ​ខ្មែរ​ទាំង​៥​នាក់​នោះ បើ​តាម​សមត្ថកិច្ច​ថៃ​បាន​ឲ្យ​ភាគី​ខ្មែរ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ គឺ​ពួក​គេ​បាន​ឆក់​ឱកាស​នាំ​គ្នា​ហែល​ទឹក​ឡើងគោក ដើម្បី​ដើរ​លេង​ផឹកស៊ី​សប្បាយ ។

ក្រោយ​ពី​ផឹកស៊ី​រួច ពួក​គេ​នាំ​គ្នា​ដើរ​លេង​តាម​ឆ្នេរសមុទ្រ​ខាងក្រោយ​សណ្ឋាគារ​ខាងលើ​ផង ក៏​ជួបនឹង​ភ្ញៀវ​បរទេស​ទាំង​៤​នាក់​នោះ ក្នុង​នោះ មាន​បុរស​២​នាក់​ផង​កំពុង​បណ្ដើរគ្នា​តាម​មាត់​ឆ្នេរ ។ ភ្លាម​នោះ​ពួក​គេ ក៏​ព្រួត​គ្នា​វាយតប់​ទៅ​លើ​បុរស​២​នាក់ រួច​ក៏​ព្រួត​គ្នា​ចាប់រំលោភ​បូក​លើ​ស្ត្រី​ទាំង​២​នាក់​នោះ​តែ​ម្ដង​ទៅ តែ​ត្រូវ​តម្រួត និង​ប្រជាពលរដ្ឋ​ថៃ​ជិត​៥០​នាក់ ដេញ​ព័ទ្ធ​ចាប់​បាន​ភ្លាម​ដែរ ៕

 

Comments

comments