រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​ថា លំហូរ​ទុន​វិនិយោគ​ពី​បរទេស​មក​កម្ពុជា​នៅ​ឆ្នាំ ២០១៨ និង ២០១៩ នឹង​គ្របដណ្តប់​ដោយ​វិស័យ​រ៉ែ និង​ថាមពល​។

លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ក្នុង​ការ​បើក​ស​ន្និ​បាទ​បូក​សរុប​ការងារ​រយៈពេល ៣ ឆ្នាំ ពី​ឆ្នាំ ២០១៤-២០១៧ កាលពី​ថ្ងៃ​ម្សិលមិញ​ថា ជាមួយ​គម្រោង​វិនិយោគ​ថ្មី​ៗ​បន្ថែម​ក្នុង​វិស័យ​ថាមពល លំហូរ​ទុន​វិនិយោគ​ពីរ​បរទេស​សរុប មក​កម្ពុជា​សម្រាប់​ឆ្នាំ ២០១៨-២០១៩ ខាង​មុខ​នេះ នឹង​គ្របដណ្ដប់​យ៉ាង​ធំធេង​ដោយ វិស័យ​រ៉ែ និង​ថាមពល​។

លោក​ថ្លែង​ថា​៖ «​សម្រាប់​ឆ្នាំ ២០១៨ ក៏​ដូច​ជា​ឆ្ពោះទៅ​បណ្ដា​ឆ្នាំ​ខាង​មុខ​នៅ​អាណត្តិ​ក្រោយ​នេះ គឺជា​ពេលវេលា​ដែល​វិស័យ​រ៉ែ និង​ថាមពល ត្រូវ​បាន​ចាប់ផ្ដើម​ការ​ប្រមូល​ផល​យ៉ាង​ពេល​លេញ​»​។

លោក​បន្ថែម​ថា ជាមួយ​គ្នា​និង​វឌ្ឍនភាព​យ៉ាង​ល្អ​ប្រសើរ​នា​ពេល​កន្លង​មក វិស័យ​រ៉ែ និង ថាមពល​នឹង​ផ្តល់​ផល​វិជ្ជមាន​កាន់តែ​ធំធេង​ឡើង​ចំពោះ​វឌ្ឍនភាព​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា​។

យោង​តាម​លោក ស៊ុ​យ សែ​ម ក្នុង​ក្រប​ខណ្ឌ​នៃ​លំហូរ​ទុន​វិនិយោគ​ពី​បរទេស បណ្ដា​គម្រោង​វិនិយោគ​ដែល​បាន​សម្រេច​អនុម័ត​រួច​ហើយ ឬ ត្រៀម​និង​អនុម័ត​ក្នុងឆ្នាំនេះ ក្នុង​វិស័យ​រ៉ែ និង​ប្រេងកាត​មាន​ទំហំ​ជាង ១,៣ ពាន់​លាន​ដុល្លារ ដែល​នឹង​ជំរុញ​ធ្វើ​ឲ្យ​វិស័យ​រ៉ែ និង​ប្រេងកាត​ក្លាយជា​ប្រភព​លំហូរ​ទុន​វិនិយោគ​ពី​បរទេស​ដ៏​ធំ​មួយ សម្រាប់​ឆ្នាំ ២០១៨ ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។

លោក​បន្ត​ថា​៖ «​ប្រសិទ្ធ​ផល​ទាំងអស់​ខាងលើ​នេះ ច្បាស់​ណាស់​នឹង​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​បង្កើត​បាន​នូវ​ឱកាស​សេដ្ឋកិច្ច​សង្គម​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ បន្ថែម​លើ​ផលប្រយោជន៍​ពី​ការ​ពង្រីក​បាន​នូវ​ទំហំ​និង​មូលដ្ឋាន​សារពើពន្ធ​របស់​ជាតិ​»​។

រដ្ឋាភិបាល​បាន​អះអាង​ថា តម្លៃ​អគ្គិសនី​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​គ្រួសារ​នឹង​ធ្លាក់​ចុះ​បន្តិច​ចាប់ពី​ខែមេសា ទៅ​ដែល​ជា​ការ​អនុវត្ត​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​។

ទោះបី​កន្លង​មក​មានការ​លើក​ឡើង​ថៃ វិធានការ​នេះ​ធ្វើ​ឡើង​ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​មុន​ការ​បោះ​ឆ្នោតជាតិ​ខែ ក​ក្ដ​ដា ខាង​មុខ​ក៏​ដោយ ក៏ តម្លៃ​ថ្មី​នេះ​ស្ថិត​នៅ​ក្នុង​ផែនការ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​រយៈពេល ៥ ឆ្នាំ ដែល​បាន​ដាក់​ចេញ​កាលពី​ឆ្នាំ ២០១៥ ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) ហើយ​វា​មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ទេ​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​នៅ​ក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កន្លង​មក​៕

ប្រភព P Post

Comments

comments