អ្នកបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ផែង វណ្ណៈ បានធ្វើការរិះគន់លោករដ្ឋលេខា​ធិការ​ក្រសួង​មហា ព្រុំ សុខា ចំពោះការតែងតំាង លោកអនុសេនីយ៍ត្រី (ស័ក្តិ១) គិន សុលីតា ជាអនុប្រធាននាយក​ដ្ឋាន ដោយមិនឆ្លងកាត់ អនុ-ប្រធានផ្នែក អនុ-ប្រធានការិយាល័យ ។

នៅក្នុងការ Live វីដេអូផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុក ដែលទើបបិទបញ្ចប់នៅប៉ុន្មាននាទីមុននេះ លោក ផែង វណ្ណៈ បានហៅការតែងតំាង លោក គិន សុលីតា ខាងលើនេះជា «ការបោះសន្ទូចរំលងភ្នំ» និងធ្វើឲ្យ​បាត់បង់សន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជានោះថែមទៀត។

បើតាមលោក ផែង វណ្ណៈ លោកស័ក្តិ១ គិន សុលីតា ត្រូវជាសាច់ញាតិកូនក្មួយលោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ។

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នំា២០១៨នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពី លោក ព្រុំ សុខា ជុំវិញការរិះគន់របស់លោក ផែង វណ្ណៈ ដែលគេស្គាល់​ថាជា​មនុស្សរបស់គណបក្សប្រជាជនកម្ពុជា និងជាអ្នក​និយាយការពាររាជរដ្ឋាភិបាលដឹកនំាដោយលោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅលើបណ្តាញសង្គម ។

យ៉ាងណាក៍ដោយ បើយោងតាមលិខិតលោក ព្រុំ សុខា ស្នើតែងតំាងលោក គិន សុលីតា និងត្រូវបានលោក​ឧបនាយករដ្ឋមន្រ្តី ស ខេង ចារឯកភាពនោះ គឺបានបញ្ជាក់ថា ការស្នើតែងតំាងលោក គិន សុលីតា ជាមន្រ្តី​នាយកដ្ឋានរដ្ឋបាល សរុប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនេះ ដោយសារ លោក គិន សុលីតា បានខិតខំ​បំពេញការងារនិងរៀនសូត្រទទួលបានសញ្ញាបត្របរិញ្ញាបត្រពីអាមេរិក ។

នៅលើបណ្តាញសង្គមដដែល លោក ផែង វណ្ណៈ បានសរសេររិះគន់លោក ព្រុំ សុខា មានខ្លឹមសារថា«​បែក​ធ្លាយ​​​ឯកសារ​ ឯកឧត្ដម​ ព្រុំ សុខា​ រដ្ឋលេខា​ធិការក្រសួងមហាផ្ទៃ​ ស្នើសុំតែងតាំង​មន្ត្រីឡើង​ផ្លោះដល់​អនុប្រធាន​នាយកដ្ឋាន​ បង្កការរិះគន់ពេញបណ្ដាញសង្គម​ Facebook ។​

ហាស​ ហា​ អ្នកធ្វើការបំរើជាតិជាង​ ៣០​ ឆ្នាំ​ អត់មានគុណសម្បត្តិសំរាប់​ ឯកឧត្ដម​ ព្រុំ សុខា​ ស្នើដំឡើង​តួនាទី​សោះ​ ។​ ក្មួយ​ គិន​ សុលីតា​ ជាមន្ត្រី​ ១នាក់​ ក្នុងចំណោមមន្ត្រីជាង​ ៦ម៊ឺននាក់​ ដែលទើបធ្វើការបានជាង​ ១​ ឆ្នាំ​ ត្រូវបានឯកឧត្ដម​ ព្រុំ សុខា​ ពេញចិត្តស្នើដំឡើងតួនាទី​ ។»។

គួររំឮកថា មាន​ច​ម្ង​ល់​ជា​ច្រើន ក្រោយ​បែកធ្លាយ​លិខិត​តែងតាំង​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ ។

បើ​តាម​ប្រកាស​ស្តី​ពី​ការ​តែងតាំង​មុខ​តំណែង​មន្ត្រី​នគរបាល​ជាតិ​ដែល​បែកធ្លាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹង​ថា យោង​តាម​សំណើ​ចំ​បាច់​ការងារ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​តែងតាំង​លោក​អនុសេនីយ៍ត្រី គិ​ន សុ​លី​តា អត្តលេខ ៨២ ៦១១ ជា​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ប្រ​ព័​ន្ឋ​ព័ត៌មានវិទ្យា នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ ។

យ៉ាងណា​ក៍ដោយ នៅ​ក្នុង​ប្រកាស​ខាងលើ មិន​បាន​បញ្ជាក់​ថា​តើ​លោក​អនុសេនីយ៍ត្រី (​ស័ក្តិ​១) គិ​ន សុ​លី​តា មាន​តួនាទី​និង​តំណែង​ជា​អ្វី​នោះ​ទេ មុន​ពេល​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន ខណៈ​ដែល​បច្ចុប្បន្ន​អនុប្រធាន​នាយកដ្ឋាន គឺ​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២) ។

បើ​តាម​ឋានានុក្រម​ក្នុង​មុខ​តំណែង​និង​ឋានន្តរស័ក្តិ លោក គិ​ន សុ​លី​តា ត្រូវ​ឆ្លងកាត់​តំណែង​ជា​អនុប្រធាន​ផ្នែក​(​ស័ក្តិ​២) ប្រធាន​ផ្នែក​(​ស័ក្តិ​៣) អនុប្រធាន​ការិយាល័យ​(​ស័ក្តិ​៤​កន្លះ ឬ​ស័ក្តិ​៥) ប្រធាន​ការិយាល័យ (​ផ្កាយ​១) ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ និង​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ឋ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ក៍​ដូច​ជា​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​អង្គារ ៥​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨​នេះ ។

ក្រុម​អ្នក​តាមដាន​សង្គម ក៍​ដូច​ជា​មន្ត្រី​ក្រសួងមហាផ្ទៃ​មួយ​ចំនួន​ដែល​មាត់ដាច​ខ្លះ​បាន​និយាយ​ថា ករណី​«​កូន​កើត​មុន​ឪ ពរ​តា​ដើរ​លេង​» ឬ​ការ​តែងតាំង​ផ្លោះ​បែប​ខាងលើ​នេះ វា​ជា​ទម្លាប់​នៅ​ក្នុង​ស្ថាប័នរដ្ឋ​មួយ​ចំនួន ក៍​ព្រោះតែ​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​ផ្លោះ​នោះ គេ​មាន​លុយ​និង​បក្សពួក ដែល​ភាសា​សាមញ្ញ​និង​គេ​និយម​ប្រើ​មាន​ទុយោ ឬ​ខ្នងបង្អែក​៕

Comments

comments