បុរស​ម្នាក់​ឃើញ​ឪ​ពុ​ុ​ក​បង្កើត​របស់​ខ្លួន​ចេញពី​ផឹក​ស្រវឹង ហើយ​កាន់​កាំបិត​ទៅ​រក​ចាក់​ម្ដាយ ក៏​ផ្ទុះ​កំហឹង​រុញ​ទម្លាក់​ពីលើ​ផ្ទះ ធ្លាក់​បាក់​ក​ស្លាប់ ហើយ​ដឹក​សាកសព​យក​ទៅ​កប់​ចោល​អស់​រយៈពេល​២​ឆ្នាំ ទើប​សមត្ថកិច្ច​បំបែកសំណុំរឿង​ដ៏​អាថ៌​កំបាំង​នេះ​បាន និង​ចុះ​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់ កាលពី​រសៀល ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ទ្រ​លោក​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​។

មន្ត្រី​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ដ៏​អាថ៌​កំបាំង​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ សូ វុ​ធ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ភូមិ​ទ្រ​លោក​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ រីឯ​ជន​រង​គ្រោះ ឈ្មោះ និ​ប អឺត អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ទ្រ​លោក​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ហើយ​គាត់​ត្រូវជា​ឪពុក​បង្កើត​របស់​ជនសង្ស័យ​។

មន្ត្រី​នគរបាល​ដដែល បាន​បន្ត​ថា បន្ទាប់​ពី​កើត​មាន​ករណី​ឃាតកម្ម​ដ៏​អាថ៌​កំបាំង កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​០៩​ខែវិច្ឆិកា ឆ្នាំ​២០១៦ នោះ​មក សមត្ថកិច្ច​មិន​បានដឹង​ដែរ​។ លុះ​រំលង​រយៈពេល​ជិត​មួយ​ឆ្នាំ ពោល​គឺ​នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៧ មាន​អ្នក​ភូមិ​ម្នាក់​បាន​ដើរ​ដាក់​អង្គុប​រក​សត្វ​កណ្តុរ ក៏​បាន​ប្រទះ​ឃើញ​គ្រោងឆ្អឹង​សាកសព​ម្នាក់ នៅ​កណ្ដាល​វាលស្រែ​ខាងលិច​បឹង​ខ្លា​ស្លាប់ ហើយ​គេ​បាន​ស្គាល់​សម្លៀក​បំពាក់​របស់​ជន​រង​គ្រោះ ឈ្មោះ និ​ប អឺត អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ទ្រ​លោក​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​។

មន្ត្រី​នគរបាល​ដដែល បាន​បន្ត​ថា បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​បែប​នេះ សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក និង​ខេត្ត​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ហើយ​សាកសួរ​ព័័ត៌មាន​បន្ថែម​ពី​ករណី​នេះ​។ បន្ទាប់​មក លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចាត់​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រ​រិ​ត​ធ្ងន់​ខេត្ត ចុះ​ទៅ​សហការ​ជាមួយនឹង​លោក​វរសេនីយ៍ទោ មាស រិ​ទ្ធី អធិការ​នគរបាល​ស្រុក​ស្រុក​ព្រះនេត្រព្រះ ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ជា​ប្រចាំ​។

មន្ត្រី​នគរបាល​ដដែល បាន​បន្ត​ថា ក្រោយ​ពេល​ប្រទះ​ឃើញ​គ្រោងឆ្អឹង​របស់​សាកសព និង​សម្លៀក​បំពាក់​ដែល​អ្នក​ភូមិ​ស្គាល់​ថា ជា​សម្លៀក​បំពាក់​របស់​ជន​រង​គ្រោះ ឈ្មោះ នឹ​ប អឺត នោះ​ហើយ សមត្ថកិច្ច​បាន​កោះហៅ​ប្រពន្ធ​របស់​ជន​រង​គ្រោះ និង​កូន​របស់​គាត់ (​ជនសង្ស័យ​) មក​សាកសួរ​តាម​នីតិ​វិ​ធ​។ ប៉ុន្តែ​នៅ​ពេល​នោះ ពួក​គេ​បាន​បដិសេធ​ថា នេះ​មិនមែន​ជា​សម្លៀក​បំពាក់​របស់​ប្ដី និង​ឪពុក​របស់​ពួក​គេ​ទេ​។ ថ្វីបើ​ពួក​គេ​ឆ្លើយ​បដិសេធ​យ៉ាងនេះ​ក្ដី ប៉ុន្តែ​សមត្ថកិច្ច និង​អ្នក​ភូមិ​នៅ​តែ​សង្ស័យ​ដដែល ហើយ​គិត​នៅ​ក្នុង​ចិត្ត​ថា គ្រោងឆ្អឹង និង​សម្លៀក​បំពាក់​នោះ គឺ​ពិតជា​ជន​រង​គ្រោះ ឈ្មោះ និ​ប អឺត យ៉ាង​ប្រាកដ​ណាស់​។ រហូត​មក​ដល់​ពេល​ថ្មី​នេះ សមត្ថកិច្ច​បាន​ស៊ើប​បន្ថែម ហើយ​មាន​ចំណុច​សង្ស័យ​កាន់តែ​ច្រើន​ឡើង និង​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ​បន្ត​ទៀត​។ នៅ​ពេល​សាកសួរ​តាម​ជំនាញ​របស់​សមត្ថកិច្ច​រួច​មក ទើប​ជនសង្ស័យ (​សូ វុ​ធ​) ព្រម​ឆ្លើយ​សារភាព​ថា រូបគេ​បាន​សម្លាប់​ឪពុក​របស់​គេ ដោយ​អ​ចេតនា​។

ជនសង្ស័យ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នោះ ឪពុក​របស់​គេ (​និ​ប អឺត​) ទើបនឹង​ត្រឡប់​មក​ពី​ផឹក​ស្រវឹង ក៏​បាន​រករឿង​ម្ដាយ​របស់​ខ្លួន (​ឈ្មោះ អាន តឹក អាយុ​៥៧​ឆ្នាំ​) ហើយ​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​។ នៅ​ពេល​នោះ ឪពុក​របស់​ខ្លួន​បាន​ផ្ទុះ​កំហឹង​យ៉ាង​ក្រេវក្រោធ​ឡើង ទាញ​កាំបិត​ឡើង​មករ​កកាប់​ចាក​ម្ដាយ​របស់​ខ្លួន​ដែល​កំពុង​នៅ​លើ​ផ្ទះ​។ ឃើញ​បែប​នេះ រូបគេ​ក៏​បាន​ច្រាន​ឪពុក​ធ្លាក់​ពីលើ​ផ្ទះ បណ្ដាល​ឲ្យ​បាក់​ក និង​ជង់​នឹង​កាំបិត​ចុង​ស្រួច​ដែល​គាត់​កាន់​នោះ​ស្លាប់​ទៅ​។

ជនសង្ស័យ បាន​បន្ត​ថា បន្ទាប់​ពី​ដឹង​ថា ឪពុក​របស់​ខ្លួន​ស្លាប់​ហើយ រូបគេ​បាន​ដឹក​សាកសព​ឪពុក យក​ទៅ​ចោល​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង នៅ​កណ្តាល​វាលស្រែ ដែល​មាន​ចម្ងាយ​ពី​ភូមិ ប្រហែល​៣០​គីឡូម៉ែត្រ រួច​ហើយ​ត្រឡប់​មក​វិញ ធ្វើ​ដូច​ជា​គ្មាន​រឿង​អ្វី​កើតឡើង​អ៊ីចឹង​។ លុះ​មក​ដល់​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៨​នេះ ទើប​សមត្ថកិច្ច​បំបែក សំណុំរឿង​ដ៏​អាថ៌​កំបាំង​នេះ​បាន ហើយ​ចុះ​មក​ចាប់ខ្លួន​រូបគេ​តែ​ម្ដង​។

ក្រោយ​ពេល​ទទួល​បាន​ចម្លើយ សារភាព​រួច​ហើយ មន្ត្រី​ជំនាញ នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ជា​កូន​ទៅ​កាន់​តុលាការ ដើម្បី​ចោទប្រកាន់​តាម​ផ្លូវច្បាប់​។ ដោយឡែក​ម្តាយបង្កើត​របស់​គេ​ដែល​មានការ​រួមចំណែក​ពី​បទ​ផ្សំ​គំនិត បិទ​បាំង​មិន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ក៏​មន្ដ្រី​ជំនាញ​បម្រុង​នឹង​ចាត់ការ​ដែរ​។ ប៉ុន្តែ​ដោយសារ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ ស្ថិត​ក្នុង​សភាព​ធ្ងន់ ទើប​តុលាការ​មានការ​យោគយល់ ហើយ​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

ប្រភព KBN.NEWS

Comments

comments