អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ប្រឈម​នឹង​ការ​ប្តឹង​មួយ​ករណី​ទៀត​របស់​ក្រសួងមហាផ្ទៃ​ដោយ​ចោទ​ពី​បទ​កាត់​ខេត្ត​ចំនួន​០៤​ឲ្យ​ទៅ​ប្រទេស​វៀតណាម ។

បើ​តាម Fresh News ខេត្ត​ចំនួន​០៤​ដែល ត្រូវ​បាន​គេ​អះអាង​ថា លោក សម រ​ង្ស៊ី ប្រកាស​កាត់​ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រង​នោះ គឺ​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹង​ត្រែង និង ខេត្តក្រចេះ ហើយ លោក​សម រ​ង្ស៊ី ប្រកាស​កាត់​ខេត្ត​ទាំង​៤​នេះ គឺ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត ។

ពាក់​ព័​ន្ឋ​នឹង​សំណុំរឿង​មួយ​នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៨​នេះ​បាន​ប្រាប់ Fresh News ថា​««​ខ្ញុំ​បានឃើញ​ឯកសារ​នោះ​ហើយ ឯកសារ​ចុះហត្ថលេខា​ប្រគល់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម​៤​ខេត្ត ដែល​ចេញផ្សាយ​ម្សិលមិញ ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​មិន​គួរ​ណា​គាត់ (​សម រ​ង្ស៊ី​) ប្រព្រឹត្ត​ទ​ង្វើ​ខ្មៅ​កង្វក់​កាត់​ទឹកដី​ឲ្យ​គេ វា​ជា​ទ​ង្វើ​ខុសច្បាប់ ខុស​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា វា​ជា​អំពើ​ក្បត់ជាតិ​យ៉ាង​ច្បាស់ មិន​អាច​អត់អោន​ឲ្យ​បាន​ទេ​, វា​មិន​ខុស​ពី​បក្សពួក​គ្នា​គេ​ដែល​កំពុង​នៅ​ត្រពាំង​ថ្លុ​ង សហការ​ជាមួយ​បរទេស​បំផ្លាញ​ជាតិ​សាសន៍ ក្បត់ជាតិ​ខ្លួនឯង ហើយ​សកម្មភាព​ដ៏​ងងឹត​នេះ ក្រសួងមហាផ្ទៃ​កំពុង​ពិចារណា​តាម​ផ្លូវច្បាប់ ចាត់វិធានការ​លើ​ទ​ង្វើ​ក្បត់ជាតិ​ហ៊ាន​កាត់​ទឹកដី​ឲ្យ​គេ​នេះ​»​។

លោក​ផ្កាយ​៤ ខៀវ សុភ័គ ក៍បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ងាក​មក​ចាប់អារម្មណ៍​នូវ​ទ​ង្វើ​ក្បត់ជាតិ​របស់​គេ (​សម រ​ង្ស៊ី​) នេះ ដែល​ហ៊ាន​ចុះហត្ថលេខា ជាមួយ​មេដឹកនាំ​ក្រុម​ម៉ុង​តា​ញ៉ា​វៀតណាម កាត់​ទឹកដី​ចំនួន​៤​ខេត្ត​ឲ្យ​គ្រប់គ្រង ក្បត់ប្រជាជន​និង​ប្រទេស​ខ្លួនឯង​»​។

ចំណែក អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិ​ធ៌​ម លោក គឹ​ម សន្តិភាព នោះ​វិញ​បាន​ថ្លែង​ដែរ​ថា «​សកម្មភាព​នេះ​គឺជា​អំពើ​ក្បត់ជាតិ ដែល​ប្រឈម​នឹង​ការ​ផ្ទ​ន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​! នេះ​បើ​យោង​តាម​មាត្រា ៤៤០ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​!»​។

បើ​តាម Fresh News ដដែល លោក សម រ​ង្ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​រវាង​ជាមួយ លោក កុក ស មេដឹកនាំ​យួន​ជា​ជនជាតិ​ដើម​ភាគតិច Degar (​ម៉ុង​តា​ញ៉ា​) កាលពី​ឆ្នាំ​២០១៣ នៅ​សហរដ្ឋអាមេរិក និង​ហ្វី​លី​ពី​ន ដោយ​សន្យា​កាត់​ខេត្តរតនគិរី មណ្ឌល​គី​រី ស្ទឹង​ត្រែង ក្រចេះ របស់​ខ្មែរ​ឲ្យ​ទៅ​វៀតណាម​គ្រប់គ្រង​នៅ​ពេល​គណបក្សប្រឆាំង​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៨​នេះ មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេពី​លោក សម រ​ង្ស៊ី ផ្ទាល់ ក៍​ដូច​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៕