Cambodia's Prime Minister Hun Sen (L) stretches to shake hands with China's President Xi Jinping before a meeting at the Great Hall of the People in Beijing, November 7, 2014. REUTERS/Jason Lee/POOL

មជ្ឈមណ្ឌល​ដើម្បី​ការ​អភិវឌ្ឍន៍​សាកល (Center for Global Development) មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន បាន​ចេញផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ ត្រួតពិនិត្យ​មើល​ផល ប៉ះពាល់​នៃ​បំណុល​របស់​មហាអំណាច​ចិន មក​លើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ៦៨ ដែល​អនុវត្ត​គម្រោង​យុទ្ធសាស្ត្រ​មហិច្ឆតា​ប្រចាំ​សតវត្ស​របស់​ចិន ក្រោម​គំនិត​ផ្ដួចផ្ដើម «​ខ្សែក្រវាត់​មួយ វិ​ថី​មួយ​» ឬ​ហៅ​ថា «​វិ​ថី​សូត្រ​ថ្មី​»​។ មជ្ឈមណ្ឌល​នេះ បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ថា​មាន​«​ហានិភ័យ​បំណុល​គួរ​ឲ្យ​កត់សម្គាល់​»​។

មជ្ឈមណ្ឌល​ដើម្បី​ការ​អភិវឌ្ឍន៍​សាកល ដែល​ជា​ស្ថាប័ន​ជំនាញ​ខាង​ការ​សិក្សា​ស្រាវជ្រាវ​គោលនយោបាយ និង​ការ​អនុវត្ត​របស់​ក្រុម​ប្រទេស​អ្នកមាន និង​ស្ថាប័ន​មាន​ឥទ្ធិពល ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ និង​វិសមភាព​នៅ​ទូ​ទាំង​សាកលលោក រក​ឃើញ​ថា ប្រទេស​កម្ពុជា អាច​នឹង​បង្កើន​ការ​ខ្ចីបុល​ពី​ប្រទេស​ចិន​កាន់តែ​ខ្លាំង​ឡើង​ៗ​នា​ពេល​អនាគត ធៀប​នឹង​ភាគរយ​នៃ​បំណុល​រដ្ឋ​សរុប ដែល​កម្ពុជា​ជំពាក់​បរទេស ជា​ពិសេស​ក្រោយ​ពេល​ដែល​មហាអំណាច​ចិន ចាប់ផ្តើម​ដាក់​ចេញ​នូវ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ ក្រោម​គំនិត​ផ្ដួចផ្ដើម «​ខ្សែក្រវាត់​មួយ​-​វិ​ថី​មួយ​» ឬ​ហៅ​ថា «​វិ​ថី​សូត្រ​ថ្មី​»​។

គំនិត​ផ្ដួចផ្ដើម «​ខ្សែក្រវាត់​មួយ​- វិ​ថី​មួយ​» ឬ ហៅ ថា «​វិ​ថី​សូត្រ​ថ្មី​» នេះ គឺជា​មហិច្ឆតា​ប្រចាំ​សត វត្សរ៍​របស់​ចិន ដើម្បី​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច ភូមិសាស្ត្រ​នយោបាយ និង​វប្បធម៌​របស់​ខ្លួន ស្រប​ពេល​ដែល​ចិន​កំពុង​ឡើង​គ្រង​តំណែង​ជា​មហាអំណាច​មួយ​នៅ​លើ​ពិភពលោក​។ ក្រោម​ការ​គ្រប់គ្រង​របស់​ប្រធានាធិបតី ស៊ី ជី​ង​ពីង (Xi Jinping) ចិន​បាន​លាតត្រដាង គំនិត​ផ្ដួចផ្ដើម​នេះ​ជា​លើក​ដំបូង កាលពី​ឆ្នាំ​២០១៣ ក្រោម​ហេតុផល​ថា ដើម្បី​ផ្សារ​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​សម្រួលការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម រវាង​ប្រទេស​ក្នុង​ទ្វីប អាស៊ី​ទៅ​កាន់​ទ្វីប អាហ្វ្រិក និង អឺរ៉ុប និង ទៅ​កាន់​តំបន់​ផ្សេង​ពី​នេះ​ក្នុង​ពិភពលោក​។ ដើម្បី​សម្រេច​មហិច្ឆតា​នេះ ចិន​អាច​នឹង​ចំណាយ​ទឹកប្រាក់​សរុប​រហូត​ដល់​ទៅ​ជិត ១០០ ពាន់​លាន​ដុល្លារ ឬ ១​ទ្រី​លាន​ដុល្លារ​។

តាម​រយៈ​គំនិត​ផ្ដួចផ្ដើម​នេះ គម្រោង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជា​ច្រើន​ត្រូវ​បាន​លាតត្រដាង និង​អនុវត្ត​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ រួម​មានការ​សាងសង់​ផ្លូវថ្នល់​ល្បឿន​លឿន ផ្លូវ​រត់​ភ្លើង​ភ្ជាប់​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់ កំពង់​ផែ​ទឹក​ជ្រៅ កំពង់​ផែស្ងួត តំបន់​សេដ្ឋកិច្ច​ពិសេស ប្រ​លាន​យន្តហោះ​អន្តរជាតិ​ជាដើម ដែល​គម្រោង​ទាំងនេះ ធ្វើ​ឡើង​ក្រោម​រូបភាព​ជា​ជំនួយ​អភិវឌ្ឍន៍ និង​កម្ចី​បរទេស​។ ចិន​ក៏​បាន​លាតត្រដាង​ពី​ផែនការ​ដែល​ថា នឹង​ជំរុញ​ឲ្យ​កម្ពុជា​អភិវឌ្ឍន៍​ផ្លូវថ្នល់​ល្បឿន​លឿន ឲ្យ​បាន​ប្រវែង ២,២៣០ គីឡូម៉ែត្រ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា គិត​ត្រឹម​ឆ្នាំ​២០៤០ ក្នុង​តម្លៃ​ជា​ទឹកប្រាក់​រហូត​ដល់​ទៅ​ជាង ២៦​ពាន់​លាន​ដុល្លារ​។

បើ​ទោះបីជា មជ្ឈមណ្ឌល​ដើម្បី​ការ​អភិវឌ្ឍន៍​សាកល​នេះ មិន​ទាន់​ទស្សន៍​ទាយ​ថា គម្រោង​វិនិយោគ​ក្រោម​គំនិត​ផ្ដួចផ្ដើម «​ខ្សែក្រវាត់​មួយ​-​វិ​ថី​មួយ​» ប្រកបដោយ​ការ អន្ទង​ចិត្ត​របស់​មហាអំណាច​ចិន​ទាំងនេះ អាច​នឹង​បណ្ដាល​ឲ្យ​កម្ពុជា​ជួបនឹង​វិបត្តិ​អសមត្ថភាព​ក្នុង​ការ​សង ឬ​ដោះបំណុល​ជាមួយ​ចិន​នា​ពេល​អនាគត​ក៏​ដោយ ក៏​មជ្ឈមណ្ឌល​នេះ​បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ក្នុង​ចំណោម​ក្រុម​ប្រទេស​គោលដៅ​ចំនួន ២៣ ដែល​កំពុង​ប្រឈម​នឹង «​ហានិភ័យ​បំណុល​គួរ​ឲ្យ​កត់សម្គាល់​» នា​ពេល​បច្ចុប្បន្ន​នេះ​។

អ្នកជំនាញ​ថា កម្ពុជា មិន​ត្រូវ​ពឹងផ្អែក​ហួសហេតុ​ពេក ទៅ​លើ​ម្ចាស់បំណុល​ចិន​តែ​មួយ​នោះ​ទេ ព្រោះ​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​វ័ណ្ឌក​របស់​ចិន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចិន​អាច​សម្រេច​ជោគវាសនា​អនាគត​របស់​ប្រទេស​ជាតិ​ជំនួស​ឲ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​។

អ្នកវិភាគ​គោលនយោបាយ​ការ​បរទេស និង​ជា​អ្នកនិពន្ធ​សៀវភៅ «​ការ​ពឹងផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ទន់ខ្សោយ​» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល ប្រាប់​អាស៊ី​សេរី​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា លោក​យល់​ស្រប​នឹង​ការ​រក​ឃើញ​នេះ ដែល​លោក​ថា​ជា​របកគំហើញ​សម​ហេតុផល​មួយ​។ លោក​កត់​សម្គាល់ថា កម្ពុជា​ជំពាក់​បំណុល​ចិន​សរុប​ដល់​ទៅ ៤,៣ ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ជាង ២០% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា ដែល​នេះ​គឺជា​ចំនួន​ដ៏​ច្រើន​លើសលុប ដែល​កម្ពុជា​ជំពាក់​ម្ចាស់បំណុល​តែ​មួយ គឺ​មហាអំណាច​ចិន​។

យោង​តាម​ទិន្នន័យ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មិន​ទាន់​ធ្វើ​បច្ចុប្បន្នភាព​នៅឡើយ គិត​ត្រឹម​ឆមាស​ទី​១ ខែកញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ បំណុល​សាធារណៈ​សរុប​ដែល​កម្ពុជា ជំពាក់​បរទេស សម្រាប់​បម្រើ​ឲ្យ​ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​អាទិភាព​ដទៃ​ទៀត គឺ​មាន​ចំនួន​ដល់​ទៅ​ជាង ៩​ពាន់​លាន​ដុល្លារ (៩.២៩៥,២៦)​។ ក្នុង​ចំណោម​បំណុល​សាធារណៈ​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស​នេះ បំណុល​ដែល​កម្ពុជា ជំពាក់​ចិន មាន​ចំនួន​ច្រើន​ជាង​ប្រទេស​ណា​ៗ​ទាំងអស់ គឺ​ស្មើនឹង​ដល់​ទៅ​ជិត ៤​ពាន់​លាន​ដុល្លារ (៣.៩៩៥,១៥) ឬ​ស្មើនឹង ៤២,៩៨% នៃ​បំណុល​រដ្ឋ​សរុប​ទាំងមូល​ដែល​ជំពាក់​បរទេស​។ ទាំងនេះ នៅ​មិន​ទាន់​រាប់​បញ្ចូល​បំណុល​ដទៃ​ទៀត​ដែល​វិស័យ​ឯកជន​កម្ពុជា ជំពាក់​ចិន ដែល​អាច​នឹង​កើនឡើង​ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​។

ទិន្នន័យ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ដដែល ឲ្យ​ដឹង​ដែរ ថា​ក្រៅពី ម្ចាស់បំណុល​ចិន កម្ពុជា នៅ​ជាប់ជំពាក់​បំណុល​ជប៉ុន​ជាង ១​ពាន់​លាន​ដុល្លារ (១.០៣៣,៦៣ ស្មើនឹង ១១,១២%) កូរ៉េ​ខាងត្បូង​ជាង ៦៨០ លាន​ដុល្លារ (៦៨១,៧៥ ស្មើនឹង ៧,៣៣%) ព្រមទាំង​ប្រទេស​ដទៃ​ទៀត ជា​សមាជិក​ក្លឹ​ប ប៉ា​រី​ស និង​មិនមែន​សមាជិក​ក្លឹ​ប ប៉ា​រី​ស រួម​មាន ប្រទេស​បារាំង ថៃ ឥណ្ឌា ម៉ា​ឡេ​ស៊ី និង​វៀតណាម ជាដើម​។ ដោយឡែក សម្រាប់​ការ​ខ្ចីបុល​ជាមួយ​ម្ចាស់បំណុល​ពហុភាគី​វិញ កម្ពុជា​ជំពាក់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាង ២​ពាន់​លាន​ដុល្លារ (២.០៧៥,១៨ ស្មើនឹង ២២,៣៣%) ធនាគារពិភពលោក (WB) ជិត ៩៥០ លាន​ដុល្លារ (៩៤៧,៨៧ ស្មើនឹង ១០,២០%) និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) ជាង ១២៥​លាន​ដុល្លារ (១២៦,៥១ ស្មើនឹង ១,៣៦%)​។ ក្រៅពី​នេះ កម្ពុជា​នៅ​ជំពាក់​បំណុល​ចាស់​ពី​សម័យ​សង្គ្រាម​ទសវត្សរ៍​ទី​៧០ និង​៨០ ដែល​បច្ចុប្បន្ន​មិន​ទាន់​ដោះស្រាយ​រួច សរុប​ជាង ៦២០​លាន​ដុល្លារ (៦២០,០៥)​។

បើ​ទោះបីជា​កម្ពុជា​ជំពាក់​បំណុល​បរទេស​ជុំ​ទិស​យ៉ាងនេះ​ក្តី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើការ​សន្និដ្ឋាន និង​អះអាង​នៅ​ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​របស់​ខ្លួន​ដដែល​នេះ​ថា ផ្អែក​តាម​បទដ្ឋាន​បច្ចេកទេស​អន្តរជាតិ ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​បច្ចុប្បន្ន​មាន «​ចិ​រ​ភាព​» និង «​ហានិភ័យ​កម្រិត​ទាប​» ឬ​ក្នុង​ន័យ​ម្យ៉ាងទៀត​ថា កម្ពុជា​នៅ​មាន​លទ្ធភាព​អាច​សង​ម្ចាស់បំណុល​បាន​នៅឡើយ ហើយ​ក៏​នៅ​តែ​អាច​បន្ត​ខ្ចីបុល​បរទេស​បន្ថែម​ទៀត​បាន​។

បន្ថែម​ពីលើ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០២ មីនា បាន​ថ្លែង​ការពារ​ពី​ស្ថានភាព​បំណុល​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ដោយ​លោក​អះអាង​ថា អត្រា​បំណុល​របស់​កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព​ដ៏ រឹង​មាំ និង​មិន​មាន​បញ្ហា​អ្វី​ជា​ដុំ​កំភួន​នោះ​ឡើយ​។ លោក ហ៊ុន សែន ថា នៅ​លើ​ពិភពលោក​នេះ គ្មាន​ប្រទេស​ណាមួយ​ដែល​មិន​ជំពាក់​បំណុល​បរទេស​នោះ​ទេ​។ លោក​ពន្យល់​ថា តាម​ស្តង់ដារ​ជា​ទូទៅ​នៃ​អនុ​បាត​បំណុល ប្រទេស​នីមួយ​ៗ អាច​ខ្ចី​បំណុល​បាន​ត្រឹម ៤០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ខណៈ​ដែល​អនុ​បាត​បំណុល​របស់​កម្ពុជា ដែល​លទ្ធភាព​ត្រូវ​ខ្ចី​ដល់ ៤០​ភាគរយ​នេះ កម្ពុជា​ខ្ចី​ត្រឹមតែ ២២​ភាគរយ​ប៉ុណ្ណោះ ដែល​នេះ​គិត​បញ្ចូល​ទាំង​បំណុល​ចាស់​តាំងពី​សម័យ​សង្គ្រាម​ផង​។

​លោក ហ៊ុន សែនបញ្ជាក់ថា«​ប្រទេស​ខ្លះ នៅ​ក្នុង​តំបន់​របស់​យើង ជំពាក់​គេ​រហូត​ដល់​១២០​ភាគរយ ហើយ​ប្រទេស​ខ្លះ​ទៀត ជំពាក់​គេ​រហូត​ដល់​២០០​ភាគរយ នៃ​អនុ​បាត​បំណុល​ទៅ​ហើយ​។ សាកសួរ​ប្រទេស​បារាំង​ទៅ​មើល ប្រជាជន​ម្នាក់​ជំពាក់​គេ​ជាង​៥​ម៉ឺន​ដុល្លារ ពួក​ប្រឆាំង​ស្អី​ឡើង កូន​ខ្មែរ​កើតឡើង ភ្លាម​ជំពាក់​គេ​ជាង​២០០​ដុល្លារ ប៉ុន្តែ​អា​អ្នក​និយាយ​នោះ វា​នៅ​ក្នុង​ប្រទេស​មួយ ដែល​មនុស្ស​កើតឡើង​ភ្លាម ជំពាក់​គេ​ជាង​៥​ម៉ឺន​ដុល្លារ តែ​វា​អត់​គិត វា​នឹក​ស្មានថា​ខ្មែរ​មិន​ចេះ​គិត​។ ពលរដ្ឋ​អា​មេ​រិ​ក​ម្នាក់ ជំពាក់​គេ​ជាង​៤​ម៉ឺន​ដុល្លារ ឯ​យើង​ទើបនឹង​ប៉ុន្មាន​រយ តែ​យើង​ត្រូវ​តែ​បន្ត​ការ​គ្រប់គ្រង យើង​មានច្បាប់​របស់​យើង​ចង​។ យើង​សុខចិត្ត​ធ្វើ​មុខ​ក្រាស​បន្តិច​សោះ គឺ​សុំ ប៉ុន្តែ​សុំ​តែ​របស់​ណា ដែល​យក​មក​បម្រើ​ឲ្យ​ជំរុញ នូវ​ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​»​។

លោក ហ៊ុន សែន បន្ត ថាបើ​ទោះជា​សេដ្ឋកិច្ច​កម្ពុជា បាន​ឈាន​ដល់​កម្រិត​មួយ ដែល​ត្រូវ​ខ្ចី​លុយ​ពី​បរទេស ក្នុង​អត្រា​ការ​ប្រាក់​ពាណិជ្ជកម្ម​ក៏​ដោយ ប៉ុន្តែ​ដៃគូ​អភិវឌ្ឍន៍​នៅ​តែ​បន្ត​ឲ្យ​កម្ពុជា​ខ្ចី​ក្នុង​អត្រា​ការ​ប្រាក់​អនុគ្រោះ ឬ​ហៅ​ម្យ៉ាងទៀត​ថា​ឥណទាន​សម្បទាន​ដដែល​។

យ៉ាងណា​ក៏​ដោយ ផ្ទុយ​ពី​ការ​លើក​ឡើង និង​ថ្លែង​ការពារ​របស់​លោក ហ៊ុន សែន នេះ លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល ពន្យល់​ថា បើ​ទោះជា​និរន្តរភាព​បំណុល​របស់​កម្ពុជា​ជា​រួម នៅ​មិន​ទាន់​អាក្រក់​នៅឡើយ​ក៏​ដោយ ក៏​ប៉ុន្តែ លោក​ថា កម្ពុជា​ជំពាក់​បំណុល​ចិន​តែឯង​ស្មើនឹង ២០%​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ខណៈ​ដែល​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​សរុប ស្មើនឹង​៣២% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)​។ នេះ​មាន​ន័យ​ថា ៦២,៥%​នៃ​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​សរុប គឺ​សុទ្ធតែ​ជា​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន ដែល​នេះ​គឺជា​ចំនួន​ខ្ចីបុល​ដ៏​ច្រើន​លើសលុប ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ ស្តែង​ឲ្យ​ឃើញ​ពី​ការ​ពឹងផ្អែក​ស្ទើរតែ ទាំងស្រុង​ទៅ​លើ​មហាអំណាច​ចិន​តែ​មួយ​។

លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល ព្រមាន ថា ការណ៍ នេះ​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា ផុងខ្លួន​ជំពាក់​បំណុល​មហាអំណាច​ចិន កាន់តែ​ច្រើន​មហាសាល​ចូល​ក្នុង អន្ទាក់​បំណុល​វ័ណ្ឌក​របស់​ចិន ហើយ​ជា​លទ្ធផល មហាអំណាច​ចិន អាច​ក្លាយជា​ម្ចាស់​សម្រេច​ជោគវាសនា​របស់​កម្ពុជា​តែ​ម្ដង ឬ​ហៅ​ម្យ៉ាងទៀត​ថា កម្ពុជា​ក្លាយជា​អាណាខេត្ត ឬ​បុត្រ សម្ព័ន្ធ​មួយ​របស់​មហាអំណាច​ចិន ក្រោម​រូបភាព​ជា​អ្វីមួយ ដែល​លោក​ហៅ​ថា ជា​ការ​ដាក់​នឹម​ត្រួតត្រា​អាណានិគម​ក្នុង​យុគសម័យ​ទំនើប​។

លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល ពន្យល់​បន្ត ថា​កម្ពុជា​មាន​អនុ​បាត​បំណុល ៣២% ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ក៏​ប៉ុន្តែ​លោក​ថា អនុ​បាត​បំណុល​នេះ នឹង​ខិត​ទៅ​កៀក​នឹង ៤០% ធៀប​នឹង​ផលិតផល​ដុល​ក្នុងស្រុក​សរុប ដែល​ជា សញ្ញា​ប្រកាស អាសន្ន ប្រសិនបើ​សេដ្ឋកិច្ច​កម្ពុជា ជួប​នូវ​បញ្ហា​ណាមួយ ដែល​នាំ​ឲ្យ​មានការ​ធ្លាក់ ចុះ​សេដ្ឋកិច្ច ឬ​ប្រសិនបើ​បំណុល​នោះ ចេះ​តែ​កើនឡើង​ខ្លាំង​ទៅ​ៗ​យ៉ាង​ឆាប់រហ័ស​ពេក ពោល​គឺ​កើនឡើង​ច្រើន​ជាង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP)​នោះ​។ លោក​បន្ត ថា​ការ​កើនឡើង​ឆាប់រហ័ស​នៃ​ការ​ជាប់បំណុល គឺ​អាច​ធ្វើ​ឲ្យ​កម្ពុជា​មាន «​ហានិភ័យ​» ដែល​ជា​ការ​គួរ​ឲ្យ​បារម្ភ​។ លោក​ថា សហរដ្ឋអាមេរិក មាន​បំណុល​ជាង ១០៦% ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ខណៈ​ជប៉ុន មាន​បំណុល​ដល់​ទៅ ២៤៥% ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ប៉ុន្តែ​ភាគច្រើន​នៃ​បំណុល​ទាំងនេះ គឺ​ពលរដ្ឋ​អា​មេ​រិ​ក និង​ជប៉ុន ជា​អ្នក​ចាត់ចែង កាន់កាប់ និង​ចាយវាយ​បំណុល​ទាំងនោះ​ដោយ​ខ្លួនឯង​។ ម្យ៉ាងវិញទៀត លោក​ថា គ្មាន​នរណា​ជឿ ថា​សហរដ្ឋអាមេរិក ឬ​ជប៉ុន អាច​នឹង​មិន​មាន​លទ្ធភាព​សងបំណុល​ដែល​ប្រទេស​នេះ​ជំពាក់​គេ​នោះ​ទេ ដោយសារ​ហានិភ័យ​មាន​កម្រិត​តិចតួច​ណាស់ ខណៈ​ឯ​កម្ពុជា ធ្លាប់​មាន​ប្រវត្តិ​នៃ​ការ​ហាមប្រាម​ការ​ចាយវាយ​ប្រាក់​កាស ដែល​នេះ​ជា​មូលហេតុ ធ្វើ​ឲ្យ​ប្រាក់​ដុល្លារ​ត្រូវ​បាន​ប្រើប្រាស់​ជំនួស​ឲ្យ​ប្រាក់​រៀល​ក្នុង​ប្រទេស​កម្ពុជា​។

លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល ផ្ដល់​អនុសាសន៍​ថា ប្រសិនបើ​កម្ពុជា​ចង់​ជៀស ផុត​ពី​បញ្ហា​ហានិភ័យ​បំណុល​នេះ ហើយ​ប្រសិនបើ​កម្ពុជា មិន​ចង់​ក្លាយជា​អាណាខេត្ត ឬ​បុត្រ សម្ព័ន្ធ​មួយ​របស់​ចិន​នោះ​ទេ ជា​ការ​ប្រសើរ​ដែល​កម្ពុជា ត្រូវធ្វើ​ពិ​ពិត​កម្ម​ម្ចាស់បំណុល ឬ​ធ្វើការ​ខ្ចីបុល​ពី​ម្ចាស់បំណុល​ចម្រុះ ដោយ​មិន​ត្រូវ​ពឹងផ្អែក​តែ​ទៅ​លើ​ម្ចាស់បំណុល​តែ​មួយ លើស​ពី ៥០% នៃ​បំណុល​រដ្ឋ​ជំពាក់​បរទេស​សរុប​នោះ​ឡើយ​។

របាយការណ៍​មជ្ឈមណ្ឌល​ដើម្បី​ការ​អភិវឌ្ឍន៍​សាកល (cgdev) បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​ចំនួន ៨ ថា​ងាយ​នឹង​រង់​គ្រោះ​បំផុត ឬ​មាន​ហានិភ័យ​បំណុល​ខ្ពស់ ដោយសារ​គំនិត​ផ្ដួចផ្ដើម «​ខ្សែក្រវាត់​មួយ វិ​ថី​មួយ​» របស់​មហាអំណាច​ចិន​។ ប្រទេស​ទាំងនេះ រួម​មាន ប្រទេស ជី​ប៊ូ​ទី ម៉ា​ល់​ឌី​វ ឡាវ ម៉ុង​តេ​ណេ​ក្រូ ម៉ុង​ហ្គោ​លី តាជី​គី​ស្ថាន គឺ​ហ្សី​ស្ថាន និង​ប៉ា​គី​ស្ថាន​។

បច្ចុប្បន្ន ដោយសារ​តែ​ជំពាក់​បំណុល​ចិន​វ័ណ្ឌក មហាអំណាច​ចិន បាន​យក​ប្រទេស​ជី​ប៊ូ​ទី ធ្វើ​ជា​មូលដ្ឋាន​យោធា​ក្រៅប្រទេស​របស់​ខ្លួន​ដំបូង​បង្អស់​។ ប្រទេស ស្រី​លង្កា ក៏​ត្រូវ បាន ប្រែក្លាយ ពី​ការ​វិនិយោគ​របស់​ជនជាតិ​ចិន មក​ជា​ការ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ជំនួស​វិញ ដោយសារ តែ​ប្រទេស​នេះ បាន​ធ្លាក់ខ្លួន​ផុង​ជ្រៅ​ចូល​ក្នុង​បំណុល​វ័ណ្ឌក ជាមួយ​ចិន ក្នុង​តម្លៃ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​។ ប្រទេស​នេះ បាន​បង្ខំចិត្ត ដាក់​លក់​ភាគហ៊ុន​ចំនួន ៨៥ ភាគរយ នៃ​ការ គ្រប់គ្រង​កំពង់​ផែ​អន្តរជាតិ ឈ្មោះ ហាម​បាន​តូ​តា (Hambantota) របស់​ខ្លួន ទៅ​ឲ្យ​ប្រទេស​ចិន គ្រប់គ្រង ជា​ថ្នូរ​នឹង​ការ​លុប​ចោល​ទឹកប្រាក់​បំណុល​ចំនួន ១,១ ពាន់ លាន ដុល្លារ (១,១ ប៊ី​លាន​)៕

ប្រភព RFA

 

Comments

comments