អ្នក​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ការណ៍​ដែល លោក សម រ​ង្ស៊ី ប្ដេជ្ញា​ពី​ការពារ​ជនជាតិ​ដើម​ភាគតិច នៅ​ភាគ​ឥ​សាន​នោះ គឺ​ស្រប​តាម​សេចក្ដី​ប្រកាស​របស់​អង្គការសហប្រជាជាតិ ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម​។ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជា​ជួយ​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច (Degar) ដេ​កា ឬ​ហៅ​ថា ម៉ុង​តា​ញ៉ា កាលពី​ឆ្នាំ​២០១៣ នៅ​សហរដ្ឋអាមេរិក លោក សម រ​ង្ស៊ី លើក​ឡើង​ថា បើសិនជា​រដ្ឋាភិបាល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត រដ្ឋាភិបាល​របស់​លោក​នឹង​គិត​គួរ​ចំពោះ​ជនជាតិ​ដើម​ភាគតិច​ម៉ុង​ញ៉ា តាម​ការ​អនុញ្ញាត​របស់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ប៉ុន្តែ​របប​លោក ហ៊ុន សែន ចាត់​ទុក​ការ​សន្យា​របស់​លោក សម រ​ង្ស៊ី​នេះ ថា​ក្បត់ជាតិ​ទៅ​វិញ​។

មន្ត្រីជាន់ខ្ពស់​ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចុះ​កិច្ចព្រមព្រៀង​រវាង លោក សម រ​ង្ស៊ី នឹង​ប្រធាន​ជនជាតិភាគតិច ដា​កា​ផ្តល់​សិទ្ធិ​សេរី​ផ្នែក​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ជនជាតិ​ដើម​ភាគតិច​ម៉ុង​តេ​ញ៉ា នៅ​លើ​ទឹកដី​កម្ពុជា ក្នុង​ខែត្រ​ប៉ែក​ឦសាន​នោះ គ្មាន​អ្វី​ខុសឆ្គង​ទេ ពីព្រោះ​កម្ពុជា​បាន​ទទួលស្គាល់​សន្ធិសញ្ញា និង​អនុសញ្ញា​ស្ដី​ពី​ជនភៀសខ្លួន ទោះបីជា​អ្នក​ណា​ជា​អ្នកដឹកនាំ​ប្រទេស​ក៏​ត្រូវ​គិត​គួរ​ជូន​ជនភៀសខ្លួន និង​ត្រូវ​ការពារ​ជនជាតិ​ដើម​ភាគតិច​របស់​ខ្លួន​ដែរ​៖​។

ឧបករណ៍​បំពង​សំឡេង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៧ ខែមីនា ដោយ​ស្រង់​សំដី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌​ថា លោក សម រ​ង្ស៊ី បាន​ប្រព្រឹត្តិ​អំពើ​ក្បត់ជាតិ ដែល​ហ៊ាន​កាត់​ខែត្រ​មួយ​ចំនួន​នៅ​ប៉ែក​ឦសាន​ឲ្យ​វៀតណាម​គ្រប់គ្រង​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត គឺ​ខែត្រ​មណ្ឌល​គី​រី រតនគីរី ក្រចេះ និង​ខែត្រ​ស្ទឹង​ត្រែង​។ ទាំង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុ​ភ័ក និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹ​ម សន្តិភាព​ចោទ​លោក សម រ​ង្ស៊ី​ថា បាន​ប្រព្រឹត្តិ​ទ​ង្វើ​ក្បត់ជាតិ​ហើយ​ប្រឈម​នឹង​ការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ហើយ​ថា ក្រសួង​ទាំង​ពីរ​កំពុង​ចាត់ការ​លើ​រឿង​នេះ​។

អាស៊ី​សេរី​មិន​អាច​ទាក់ទង លោក សម រ​ម៉ុង​តា​ញ៉ា​ង្ស៊ី ដើម្បី​ឆ្លើយ​តប​របស់​អ្នកនាំពាក្យ​ក្រសួង​ទាំង​ពីរ​នេះ បាន​នៅឡើយ​ទេ​កាលពី​ថ្ងៃ​ទី​៧ ខែមីនា​។ ប៉ុន្តែ លោក (Kok Ksor) បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ​។ លោក​បន្ត​ថា អ្វី​ដែល​មន្ត្រី​របប​លោក​ហ៊ុន​សែន​លើក​ឡើង​នោះ វា​ជា​ការ​រំលោភច្បាប់​គាំពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​។

ក៏​ប៉ុន្តែ​នៅ​ក្នុង​កិច្ចព្រមព្រៀង​របស់​លោក សម រ​ង្ស៊ី និង មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ម៉ុង​តា​ញ៉ា ឬ​ហៅ​ថា Degar លោក Kok Ksor កាលពី​ថ្ងៃ​ទី​១៤​មេ​សា​ឆ្នាំ​២០១៣​នោះ មិន​បាន​សរសេរ​ឬ​ព្រមព្រៀង​ថា បាន​កាត់​ខែត្រ​ចំនួន​៤​ឲ្យ​វៀតណាម​គ្រប់គ្រង​ឡើយ​។ ផ្ទុយ​ទៅ​វិញ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ បាន​ស​សេរ​ថា អនាគត​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដោះស្រាយ​បញ្ហា​របស់​ជនជាតិ​ដើម​ភាគតិច​ដា​កា (Degar) ឬ​ម៉ុង​តា​ញ៉ា នៅ​ក្នុង​ប៉ែក​ឦសាន នៃ​ប្រទេស​កម្ពុជា ឲ្យ​ស្រប​តាម​សេចក្ដី​ប្រកាស​របស់​អង្គការសហប្រជាជាតិ ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម ដែល​បាន​អនុម័ត​ក្នុង​មហាសន្និបាត​ថ្ងៃ​ទី​១២ ខែកញ្ញា​ឆ្នាំ​២០១៧ ជា​ពិសេស​ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​៣ មាត្រា​៤ និង​មាត្រា​៥ ជាដើម​។ ហើយ​ខ្លឹមសារ​នៃ​មាត្រា​ទាំងនេះ ក៏​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែរ​។

មាត្រា​៣​ចែង​ថា ជនជាតិ​ដើម​ភាគតិច មាន​សិទ្ធិ​ស្វ័​យស​ម្រេច​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ តាម​រយៈ​សិទ្ធិ​នេះ ពួក​គេ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​បន្ត​អភិវឌ្ឍន៍​ខាង​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌​របស់​ពួក​គេ​ដោយ​សេរី​។

នៅ​ក្នុង​វី​ឌី​អូ​ឃ្លី​ប​ជាង​១​នាទី​របស់​លោក សម រ​ង្ស៊ី ដែល​គេ​យក​មក​ផ្សព្វផ្សាយ​នោះ លោក សម រ​ង្ស៊ី មាន​ប្រសាសន៍​ថា នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត រដ្ឋាភិបាល​ថ្មី​របស់​លោក នឹង​ធានា​ដើម្បី​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុង​តា​ញ៉ា​រស់នៅ​ដោយ​មាន​សេរីភាព ហើយ​ព្រៃ​ភ្នំ ដី ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គាត់​កាន់កាប់​យូរ​មក​ហើយ​នៅ​ខែត្រ​មួយ​ចំនួន​ភាគ​ឦសាន​នោះ រដ្ឋបាល​ថ្មី​របស់​លោក នឹង​ដកហូត​ពី​អាជ្ញាធរ​ដែល​អភិវឌ្ឍន៍​រំលោភ​យក​ដី​របស់​ពួក​គាត់​នោះ ប្រគល់​ជូន​ពួក​គាត់​វិញ​។

លោក អំ សំអាត អះអាង​ទៀត​ថា ជនជាតិ​ដើម​ភាគតិច​ដែល​រង​គ្រោះ ដោយ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍​នោះ មិនមែន​តែ​ប៉ះពាល់​តែ​ជនជាតិ​ដើម​ភាគតិច​ម៉ុង​តា​ញ៉ា​ប៉ុណ្ណោះ​ទេ គឺ​ប៉ះពាល់​ដល់​ជនជាតិ​ដើម​ភាគតិច​ដ៏​ទៃ​ទៀត​ជា​ច្រើន​ទៀត ដែល​រស់នៅ​តំបន់​ខែត្រ​ប៉ែក​ឦសាន និង​រស់នៅ​តំបន់​ភ្នំ​ជាដើម​។

ជនជាតិ​ដើម​ភាគតិច​ម៉ុង​តា​ញ៉ា​មួយ​ចំនួន​បាន​ភៀសខ្លួន​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​យូរ​មក​ហើយ នៅ​ក្នុង​ខែត្រ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ហើយ​បាន​បង្កបង្កើន​ផល​តាម​ទំនៀមទម្លាប់​មិន​ខុស​ពី​ជនជាតិ​ដើម​ភាគតិច​ដទៃ​ទៀត​នៅ​កម្ពុជា​ឡើយ​។ ចំពោះ​ម៉ុង​តា​ញ៉ា ទើប​រត់គេច​ពី​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​នោះ បាន​មក​រក​ទី​សុវត្ថិភាព​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ជ​ញ្ជួ​ន​ទៅ​វៀតណាម​វិញ​ជា​បន្តបន្ទាប់​។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) អំពាវនាវ​ឲ្យ​របប​លោក​ហ៊ុន​សែន បញ្ឈប់​ការ​គំរាមកំហែង​តាម​រយៈ​ការ​ចាប់​បញ្ជូន​ដោយ​បង្ខំ​ក្រុម​ជនជាតិ​ដើម​ភាគតិច​ម៉ុង​តា​ញ៉ា ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​។ នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូ​ប៊ឺ​ត​សុ​ន (Phil Robertson) មាន​ប្រសាសន៍​ថា “​គ្មាន​កាលៈទេសៈ​ណា​ឡើយ​ដែល​ប្រទេស​កម្ពុជា ត្រូវ​បង្ខំ​ជនភៀសខ្លួន​ទាំងនេះ​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​ឡើយ ជាទី​ដែល​ពួក​គេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​សព្វបែបយ៉ាង ដោយសារ​តែ​ហេតុផល​នយោបាយ និង​សាសនា​”​។ លោក លោក ហ្វីល រ៉ូ​ប៊ឺ​ត​សុ​ន បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​បង្ខំ​ជនជាតិ​ដើម​ភាគតិច​ម៉ុង​តា​ញ៉ា ទាំងនេះ​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ នោះ​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា ដែល​ថា ប្រទេស​ឈានមុខ​ក្នុង​តំបន់​មួយ​ក្នុង​ការ​ការពារ​សិទ្ធិ​របស់​ជនភៀសខ្លួន នឹង​ត្រូវ​បាត់បង់​៕

ប្រភព RFA